លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន បានជួបជាមួយក្រុមពលរដ្ឋចំនួន៣០០នាក់ និងក្រុមមន្ត្រីខេត្តមណ្ឌលគីរី តំណាងអង្គការនានានៅភាគឦសានប្រទេស ដើម្បីពិភាក្សាអំពីផែនការគ្រប់គ្រងធនធានធម្មជាតិ។
ជំនួបនេះកើតឡើងក្នុងពេលលោករដ្ឋមន្ត្រីបានចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការត្រពាំងធ្មៀរ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ជាទីដែលលោកបានជួបសំណេះសំណាលជាមួយក្រុមប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់តាមខ្លឹមសារដើមនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ដែល VOA ទទួលបាននៅថ្ងៃពុធនេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ការបង្កើតប្រាក់ចំណូលដល់សហគមន៍ មូលដ្ឋានបន្ថែមលើការពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើបែបប្រពៃណី ដោយជំរុញឱ្យមានការបង្កើតឱកាសថ្មីៗសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសក្នុងផ្នែកអេកូទេសចរណ៍ ប្រកបដោយចីរភាព និងកសិកម្ម។ ជាឧទាហរណ៍ ប្រជាជនក្នុងសហគមន៍អាចទទួលបាននូវការបណ្តុះបណ្តាលជំនាញខាងចិញ្ចឹមនិងគ្រប់គ្រងសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន»។
ខេត្តមណ្ឌលគិរីត្រូវបានគេដឹងថាមានសក្តានុពលខ្ពស់សម្រាប់អេកូទេសចរណ៍ ជាពិសេសទេសចរណ៍មើលសត្វព្រៃ ព្រោះតំបន់ធម្មជាតិក្នុងខេត្តនេះជាទីជម្រករបស់សត្វព្រៃសំខាន់ៗ និងសត្វរងគ្រោះថ្នាក់ផុតពូជជាសាកលជាច្រើនប្រភេទដូចជា សត្វទន្សោង ខ្ទីង រមាំង ដំរីអាស៊ី ខ្លារខិន ក្ងោក និងត្រយ៉ងយក្សជាដើម។
ក្រុមអង្គការនិងក្រុមមន្ត្រីប្តេជ្ញាថានឹងរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ដែលគម្រោងការនេះមានការចូលរួមផ្តល់ជំនួយនិងគាំទ្រពីអង្គការជាតិនិងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារជំនួយអាមេរិក (USAID) ផងដែរ៕