មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាននៅថ្ងៃអង្គារនេះ បានទាត់ចោលសេចក្តីថ្លែងការណ៍របស់សហគមន៍ព្រៃឡង់ដែលបង្ហាញពីក្តីបារម្ភចំពោះការកើនឡើងនៃសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃការពារ។ មន្ត្រីដដែលបានហៅសេចក្តីថ្លែងការណ៍របស់សហគមន៍នេះថាជា «ការបំផ្លើសការពិត»។
បណ្តាញសហគមន៍ព្រៃឡង់ កាលពីថ្ងៃចន្ទកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីកង្វល់ពីសកម្មភាពកាប់ព្រៃយ៉ាងគំហុកក្នុងតំបន់ការពារចុងក្រោយរបស់ព្រៃទឹកភ្លៀងតំបន់ត្រូពិកដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហគមន៍ព្រៃឡង់ដែលជាបណ្តាញការពារព្រៃឈើក្នុងតំបន់នេះ បានដាក់ការស្តីបន្ទោសលើក្រុមការងារឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលមិនអើពើនិងអសកម្មភាពក្នុងការទប់ស្កាត់ការបំផ្លាញ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានរៀបរាប់ពីសកម្មភាពជាច្រើនដែលបានបណ្តាលឲ្យការកាប់ព្រៃឈើកើនឡើងនៅក្នុងតំបន់ព្រៃឡង់ដែលជាព្រៃទឹកភ្លៀងនៃតំបន់ទំនាបចុងក្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានបដិសេធចំពោះសេចក្តីថ្លែងការណ៍នេះដោយថា វាបានបំផ្លើសការពិត។
លោកបាននិយាយថា៖
«ការចោទប្រកាន់ចំពោះមន្រ្តីរបស់យើងថាអសកម្មនេះ វាជាការចោទប្រកាន់មួយមិនឆ្លុះបញ្ចាំងពីការពិតទេ។ ហើយចំពោះការចោទប្រកាន់នេះ គឺយើងមិនអាចទទួលយកបានទេ ពីព្រោះមន្រ្តីឧទ្យានុរក្សរបស់យើង គឺបានខិតខំប្រឹងប្រែង ហើយលះបង់កម្លាំងកាយកម្លាំងចិត្តរបស់គាត់នៅក្នុងការចុះល្បាតព្រៃ»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងពីសកម្មភាពកាប់ឈើខុសច្បាប់ និង«អនាធិបតេយ្យ» ជុំវិញតំបន់ព្រៃឡង់ ដែលក្នុងចំណោមនោះគឺ «ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ កាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ»។
ខណៈដែលក្រុមសកម្មជនបណ្តាញសហគមន៍ព្រៃឡង់បានស្នើសុំឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យមន្រ្តីឧទ្យានុរក្សដែលអសកម្មនិងមិនបានបំពេញតួនាទី អ្នកនាំពាក្យក្រសួងបរិស្ថានដដែលនៅតែបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីថ្លែងការណ៍នេះ ដែលលោកហៅថាជា «ការចោទប្រកាន់» មិនផ្អែកលើការពិត។
លោក នេត្រ ភក្រ្តា បានបន្ថែមថា៖
«បើសិនជាពួកគាត់មានភស្តុតាងត្រឹមត្រូវច្បាស់លាស់ គឺសុំអាចប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយក៏បាន ឬក៏ប្តឹងមកក្រសួងបរិស្ថានក៏បាន ដែលក្រសួងបរិស្ថានគឺជាស្ថាប័នសាម៉ី ដែលគ្រប់គ្រងនេះយើងមានក្រុមការងារក៏ដូចជាគណៈកម្មការដើម្បីត្រួតពិនិត្យនិងធ្វើការស៊ើបអង្កេតទៅលើបញ្ហាទាំងអស់ហ្នឹង ចៀសវាងការចោទប្រកាន់ ការមួលបង្កាច់ដើម្បីរបៀបវារៈអ្វីមួយបាទ»។
ទោះយ៉ាងណាលោក ស្រី ថី សកម្មជនការពារព្រៃឈើនៃបណ្តាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ នៅតែបង្ហាញពីក្តីបារម្ភចំពោះការកើនឡើងនៃការកាប់ឈើខុសច្បាប់យ៉ាងគំហុកក្នុងឆ្នាំ២០១៩។
លោកបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា បទល្មើសនៃការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់កើតឡើងស្មើៗគ្នានៅទាំងបួនខេត្ត ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ខណៈដែលមន្ត្រីឧទ្យានរក្សមិនអើពើនិងមិនសហការជាមួយសកម្មជនស័្មគ្រចិត្តនៃបណ្តាញសហគមន៍ព្រៃឡង់។
«ឈើពីមួយខែទៅមួយខែ អ្នកគ្រូកើនឡើងលើសតាំងឆ្នាំប៉ុន្មានមុនៗហ្នឹងទាំងអស់ ហើយព្រៃឡង់សុខៗវាលល្ហល្ហេវទៅហើយ»។
លោក ស្រី ថី បានបន្ថែមថា៖
«វាពិបាកដោយសារតែយើងចាប់បទល្មើសមកដូចបរិស្ថានគេច្រើន តែដោះលែង ឬឲ្យម៉ាស៊ីនទៅវិញ។ យ៉ាប់ដែរ ហើយឈ្មួញបង់ប្រាក់ឲ្យប្រចាំខែ ហើយពេលយើងសហការម្តងៗទៅ គេថាខ្វះកម្លាំងខ្វះអី អត់មានអីចូលរួមជាមួយទេ»។
តំបន់ព្រៃឡង់ដែលលាតសន្ធឹងជាប់ខេត្តចំនួនបួន ក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាព្រៃទឹកភ្លៀងត្រូពិចដ៏ធំចុងក្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រៃទឹកភ្លៀងនេះត្រូវបានបំផ្លាញជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមរូបភាពទន្ទ្រានដីព្រៃ ការកាប់ឈើប្រណិត ការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនវិនិយោគបរទេសជាដើម។
តាមរបាយការណ៍ល្បាតបទល្មើសកាប់ព្រៃឈើខុសច្បាប់ប្រចាំខែរបស់បណ្តាញសហគមន៍ព្រៃឡង់ បទល្មើសកាប់ឈើខុសច្បាប់នៅក្នុងខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញ គឺមានចំនួន៥៥ករណី និង១៥ករណី កាលពីខែមីនា នៅក្នុងខេត្តទាំងបួន៕