ក្រុមកុមារ និងយុវជន ២១ នាក់ ដែលមានអាយុចន្លោះចាប់ពី ១២ឆ្នាំ ដល់ ២៣ឆ្នាំ និងជាដើមបណ្ដឹងរឿងក្ដី Juilana v. United States ឬ«Juliana ទល់នឹងសហរដ្ឋអាមេរិក» បានធ្វើសន្និសីទសារព័ត៌មាន ទាមទារឲ្យរដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបញ្ឈប់ការគាំទ្រឧស្សាហកម្មដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington កាលពីថ្ងៃពុធ ទី១៨ កញ្ញា។
នៅក្នុងពាក្យបណ្ដឹងនេះ ពួកគេបានអះអាងថា រដ្ឋាភិបាលបានរំលោភសិទ្ធិកុមារ និងយុវជន ដោយបានលើកទឹកចិត្ត និងអនុញ្ញាតឲ្យមានសកម្មភាពជាច្រើន ដែលប៉ះពាល់ដល់បរិស្ថាន សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពរបស់ពួកគេ។
នៅក្នុងន័យធៀបរៀបរាប់ពីភាពអសន្តិសុខដែលកំពុងគំរាមកំហែងដល់ការរស់នៅរបស់កុមារ និងយុវជន ក៏ដូចជាការមិនអើពើ មិនព្រមចាត់វិធានការពីសំណាក់អ្នកមានអំណាចក្នុងការសម្រេច កញ្ញា Kelsey Juliana ដែលជាអ្នកដឹកនាំនៃក្រុមដើមបណ្ដឹងមកពីទីក្រុង Eugene រដ្ឋOregon បានលើកឡើងថា៖
«យើងកំពុងស្នើសុំឲ្យបុគ្គលទាំងឡាយ ដែលហាក់ដូចជាកំពុងតែភ្ជង់កាំភ្លើងដាក់ក្បាលរបស់យុវជនគ្រប់រូប មិនត្រឹមតែកុំឲ្យកេះកៃនោះទេ ថែមទាំងត្រូវទម្លាក់អាវុធចុះ។យើងកំពុងតែស្នើសុំឲ្យអ្នកយល់ពីអ្វីដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ សុវត្ថិភាពកូនៗរបស់អ្នក ក៏ដូចជាសុវត្ថិភាពរបស់ពួកយើង ជាអ្នកដែលជួបប្រជុំជាមួយអ្នកនៅក្នុងសភារបស់អ្នក អគាររបស់អ្នក ស្ថាប័នរបស់អ្នក ដើម្បីជជែកពីអ្វីដែលអ្នកបានធ្វើ និងអ្វីដែលយើងត្រូវការ និងដើម្បីទាមទារថាអ្វីដែលអ្នកធ្វើ គឺធ្វើដើម្បីកុមារ និងយុវជន ដើម្បីប្រជាជន និងអនាគត»។
លោក Vic Barret ដើមបណ្ដឹងម្នាក់ទៀតអាយុ ២០ឆ្នាំ មកពីទីក្រុង White Plainsរដ្ឋ New York បាននិយាយថា៖
«ខ្ញុំ និងដើមបណ្ដឹងផ្សេងទៀត ទទួលរងផលប៉ះពាល់ដោយផ្ទាល់ជារៀងរាល់ថ្ងៃ ហើយវាជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ។ មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោតត្រូវធ្វើការបម្រើរាស្ត្រ និងផលប្រយោជន៍របស់រាស្ត្រ ប៉ុន្តែអស់រយៈពេលជាយូរមកហើយដែលក្រុមមន្ត្រីទាំងនេះ ធ្វើការដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វាយខ្វល់ពីអនាគតរបស់មនុស្សជំនាន់ក្រោយ»។
ក្រុមអ្នកដើមបណ្ដឹងក៏បានលើកឡើងថា កុមារគួរតែទទួលបានសិទ្ធិសេរីភាពរស់នៅដោយរីករាយតាមបែបកុមារ មិនមែនមកត្រូវចេញដើរតាមផ្លូវខ្នះខ្នែងតស៊ូមតិ និងធ្វើការងាររបស់មនុស្សពេញវ័យនោះទេ។
ដើមបណ្ដឹងម្នាក់ទៀតគឺលោក Xiuhtezcatl Martinez ដែលជាជនជាតិដើមអាមេរិកាំងអាយុ ១៨ ឆ្នាំមកពីទីក្រុង Boulder រដ្ឋColorado បាននិយាយថា៖ «សូម្បីតែនៅពេលខ្ញុំមានអាយុត្រឹមតែ១១ឆ្នាំ ខ្ញុំបានធ្វើដំណើរគ្រប់កន្លែងដើម្បីថ្លែងសារតវ៉ាធ្វើឲ្យមានការផ្លាស់ប្ដូរ និងធ្វើការអប់រំ។ ខ្ញុំគិតពីកុមារនៅថ្ងៃអនាគត។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង មិនត្រឹមតែដើម្បីធ្វើឲ្យក្មេងៗទាំងនោះរស់រានមានជីវិតប៉ុណ្ណោះទេ យើងត្រូវធ្វើយ៉ាងណាឲ្យពួកគេជៀសផុតពីការចេញមកតស៊ូ ប្រយុទ្ធ នឹងលះបង់ទាំងរាងកាយ ជីវិត ពេលវេលា និងកុមារភាពរបស់ពួកគេ នៅក្នុងសមរភូមិ សម្រាប់អ្វីដែលអ្នកនយាបាយជាច្រើនជំនាន់មកហើយខ្លាចរុញរារមិនហានធ្វើរឿងទាំងនេះ»។
ក្រៅពីដើមបណ្ដឹងទាំង ២១ រូប ក៏មានវត្តមានកុមារជាច្រើននាក់ទៀតចូលរួមគាំទ្រ ក្រុមអ្នកការពារបរិស្ថាននេះ ដោយក្នុងនោះក៏មានវត្តមានរបស់យុវនារី Greta Thunberg សកម្មជនការពារបរិស្ថានមកពីប្រទេសស៊ុយអ៊ែត ដ៏លេចធ្លោរមួយរូប
កុមារជនជាតិដើមអាមេរិកាំង និងកុមារមកពីប្រទេសផ្សេងទៀត។
កុមារី Sophia Mathor អាយុ ១២ឆ្នាំ ជាសិស្សម្នាក់មកពីទីក្រុង Sudbury ប្រទេសកាណាដា បានប្រាប់ VOAថា នាងមិនចង់ស្លាប់ដោយវិបត្តិអាកាសធាតុនោះទេ ហើយនាងចង់រស់នៅដោយមានជីវិតធម្មតាមួយ ដោយមិនបាច់បារម្ភពីរឿងនេះ។ កុមារី Sophia កោតសរសើរសកម្មភាពរបស់សកម្មជនការពារបរិស្ថាន Greta Thunberg យ៉ាងខ្លាំង ហើយនាងធ្វើដំណើរមកសហរដ្ឋអាមេរិកលើកនេះ ដើម្បីចូលរួមគាំទ្រសកម្មភាពការពារបរិស្ថានរបស់យុវនារី Greta និងក្រុមយុវជនដទៃទៀត។
កុមារី Sophia បាននិយាយថា៖ «ខ្ញុំទទួលបានការជំរុញចិត្តពី Greta Thunberg នៅក្នុងប្រទេសស៊ុយអែតដែលតស៊ូដើម្បីបរិស្ថាន ព្រោះមនុស្សធំមិនបានធ្វើការគ្រប់គ្រាន់ ពួកគេមិនបានចាត់វិធានការលើវិបត្តិអាកាសធាតុ។ ហើយខ្ញុំចូលរួមជាមួយនាងកាលពីខែវិច្ឆិកា នៅប្រទេសកាណាដា ហើយឥឡូវនេះខ្ញុំនៅក្នុងសហរដ្ឋអាមេរិកចូលរួមការតវ៉ាជាមួយ Greta Thunberg។
VOA បានសួរទៅកាន់យុវនារី Greta Thunberg ប៉ុន្តែនាងបដិសេធមិនឆ្លើយសំណួរ ដោយបានប្រាប់ហេតុផលថា បើនាងឆ្លើយមួយសំណួរ នាងនឹងត្រូវឆ្លើយគ្រប់សំណួរផ្សេងទៀត ពីក្រុមអ្នកសារព័ត៌មាន។ យ៉ាងណាក៏ដោយ សកម្មជនការពារបរិស្ថានរូបនេះ នឹងដឹកនាំ Global Climate Strikeឬ «ការដង្ហែរក្បូនតវ៉ា ដើម្បីការការពារបរិស្ថានសកល» នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ នៅក្នុងរដ្ឋធានី Washington មុនបីថ្ងៃនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលគ្រោងធ្វើនៅថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុង New York។ ការដង្ហែរក្បូនតវ៉ាដើម្បីការការពារបរិស្ថានសកលនេះ ត្រូវបានគេទស្សន៍ទាយថានឹងក្លាយជាការដង្ហែរក្បូនតវ៉ាដើម្បីការការពារបរិស្ថានដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
លោកប្រធានាធិបតីអាមេរិកធ្លាប់បានលើកឡើងថា ការប្រែប្រួលអាកាសធាតុមិនមែនបង្កឡើងដោយសារសកម្មភាពរបស់មនុស្សនោះទេ។ ក្រោយមកកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលលោកប្រធានាធិបតី Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដោយលោក Trump បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចអាមេរិក និងបង្កលក្ខណៈអវិជ្ជមានដល់សហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍៕