សង្គមស៊ីវិល និងកម្មករ កាលពីថ្ងៃសុក្រ បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការធ្វើអន្តរាគមន៍ឲ្យថ្លៃទឹកសម្រាប់កម្មករស្នាក់នៅតាមបណ្តាផ្ទះជួលឲ្យនៅត្រឹម៨០០រៀល ក្នុងមួយម៉ែត្រគូប ខណៈថ្លៃទឹកបានកើនដល់កម្រិតខ្ពស់បំផុត ៤០០០រៀល ក្នុងពេលបច្ចុប្បន្ននេះ។
នេះជាការអំពាវនាវរបស់កម្មករ តបទៅនឹងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពី«ការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» ចេញកាលពីបួនឆ្នាំមុន ដែលបានស្នើសុំម្ចាស់ផ្ទះ ឬម្ចាស់អគារជួល ត្រូវលក់ទឹកស្អាតជូនដល់កម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃ ៨០០៛ (ប្រាំបីរយរៀល) ក្នុងមួយម៉ែត្រគូប។
បើតាមប្រកាសរបស់ក្រសួង ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានតម្រូវកំណត់ថ្លៃលក់ទឹកស្អាតត្រឹម៧០០ រៀលឲ្យទៅម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ កម្មការិនី និងសិស្សនិស្សិតស្នាក់នៅ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលក្រោយមកប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងកាលពីឆ្នាំ២០១៧ថា ភាគីពាក់ព័ន្ធខាងលើត្រូវអនុវត្តការកំណត់ថ្លៃទឹកនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ។ ប៉ុន្តែគ្មានការអនុវត្តការកំណត់ថ្លៃនេះទេ គិតមកត្រឹមខែតុលា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី«កម្មការិនីកម្មករ និងតម្លៃទឹក» សមាគមមណ្ឌលព័ត៌មានកម្មករ ហៅកាត់ថា WIC បានលើកឡើងពីទុក្ខកង្វល់របស់កម្មការិនី និងកម្មករក្នុងវិស័យកាត់ដេរ ទាក់ទងនឹងបញ្ហាទឹកដែលឡើងថ្លៃខ្ពស់បំផុត៤.០០០រៀល និងទាបបំផុត១.០០០រៀល ក្នុងមួយម៉ែត្រគូប ដោយគ្មានការជួយសម្រួលពីរដ្ឋាភិបាលនោះទេ។
តំណាងសមាគមណ្ឌលព័ត៌មានកម្មករ កញ្ញា សុត ផង បានប្រាប់វីអូអេក្រោយសន្និសីទព័ត៌មានថា ក្រុមកម្មករតាមរយៈតំណាងរបស់ពួកគេ បានបញ្ជូនលិខិតទៅកាន់បណ្តាក្រសួងពាក់ព័ន្ធច្រើនលើកច្រើនសារ ដើម្បីជំរុញឲ្យកំណត់យកថ្លៃទឹកតែ៨០០រៀលក្នុងមួយម៉ែត្រពីកម្មករ និងនិសិ្សតដែលរស់នៅ និងស្នាក់នៅតាមផ្ទះជួល ប៉ុន្តែរដ្ឋាភិបាលមិនមានចំណាត់ការណាមួយទាល់តែសោះ។
កញ្ញា យល់ថា បើមានការកាត់បន្ថយថ្លៃទឹកស្អាតនោះ កម្មករ អាចមានលទ្ធភាពនឹងសន្សំបានប្រាក់៥.០០០ រៀលក្នុងមួយខែ។
កញ្ញាប្រាប់វីអូអេថា៖ «មនុស្សភាគច្រើនអត់សូវមើលយល់ថា នេះជាតម្លៃលុយទេ ព្រោះភាគច្រើនអ្នកពាក់ព័ន្ធមួយចំនួនគាត់គិតថា ៥.០០០ [រៀល] សោះ ទិញទឹកសុទ្ធប្រាំដបក៏អស់ដែរ។ គាត់និយាយអញ្ចឹងបានដោយសារគាត់មានលុយ។ ប៉ុន្តែសម្រាប់គ្នាយើងជាកម្មករ លុយ ៥.០០០ រៀលហ្នឹង បើគាត់ញាំសន្សំសំចៃ គឺគាត់អាចញាំអាហារបាន២ពេល ទី១។ ទី២ អាលុយតិចៗនឹងហា៎ បើគណនាជាមធ្យមជាមួយកម្មករ ៥០ម៉ឺននាក់ មានន័យថា គាត់ចំណាយច្រើនមែនទែនទៅលើម្ចាស់ផ្ទះក៏ដូចជាថ្លៃទឹក ខណៈកម្មករ កម្មាការិនី អត់មានសល់អីសោះសម្រាប់ខ្លួនឯង» ។
កញ្ញា ច្រឹក ដាវី អាយុ ២៤ ឆ្នាំ ជាកម្មការីនីផ្នែកដេរសម្លៀកបំពាក់នៅរោងចក្រវាយនភណ្ឌ King Textiles បាននិយាយថា ការស្នើសុំឲ្យម្ចាស់ផ្ទះជួលយកត្រឹម៨០០រៀលសម្រាប់ទឹកក្នុងមួយម៉ែត្រគូបនេះ អាចឲ្យគាត់សន្សំប្រាក់បានខ្លះសម្រាប់ការហូបចុកអាហារមួយពេល។
នេះមានន័យថា កញ្ញាអាចសន្សំបាន៣.៦០០រៀល ប្រសិនបើថ្លៃទឹកសល់ត្រឹម៨០០រៀលក្នុងមួយម៉ែត្រគូប ប៉ុន្តែបច្ចុប្បន្ន កញ្ញា ត្រូវចំណាយអស់៦.០០០រៀលជាមធ្យមជារៀងរាល់ខែ លើការប្រើប្រាស់ទឹកស្អាតប្រមាណ ៣ ម៉ែត្រគូបក្នុងមួយខែ ក្នុងតម្លៃ២.០០០រៀលក្នុងមួយម៉ែត្រគូបដែលម្ចាស់ផ្ទះបានកំណត់។
កញ្ញាថ្លែងថា៖ «អាចថាជួយបានអាហារថ្ងៃត្រង់បានមួយពេលដែរ ព្រោះលុយនៅសល់ វាអាចចឹង ពីព្រោះដោយសារជាធម្មតាខ្ញុំទិញបាយញាំថ្ងៃត្រង់ បាយ១.០០០ រៀល សម្ល២០០០ រៀល។ ខ្ញុំអស់មួយថ្ងៃ អាហារថ្ងៃត្រង់ខ្ញុំអស់តែ៣.០០០ [រៀល] ហេ។ អញ្ចឹងលុយដែលនៅសល់ពីទឹកហ្នឹង»។
កញ្ញា ច្រឹក ដាវី បានប្រាប់វីអូអេពីមូលហេតុដែលចូលខ្លួនមកនិយាយក្នុងការបើកសន្និសីទសារព័ត៌មាន«កម្មការិនី កម្មករ និងតម្លៃទឹក»ព្រឹកនេះថា៖ «អាចនិយាយបានថា អានឹងវាជាការស្នើសុំព្រោះអីយើងធ្វើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលមាន ហើយវាជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយ។ ទោះបីជាអ្នកខ្លះគេមើលមកថា វាជាលុយបន្តិចបន្តួចសម្រាប់គេទេ ប៉ុន្តែសម្រាប់ពួកខ្ញុំជាកម្មករ ខ្ញុំត្រូវធ្វើការច្រើនដើម្បីទទួលបានលុយហ្នឹង ចឹងហើយបានខ្ញុំធ្វើរឿងនឹងឡើង»។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពី«កម្មការិនីកម្មករ និងតម្លៃទឹក»របស់សមាគមមណ្ឌលព័ត៌មានកម្មករចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ២០២១ មានសំណួរចម្បងមួយថា «តើពេលណាកម្មការិនីកម្មករ ទទួលបានតម្លៃទឹក៨០០ រៀលក្នុងមួយម៉ែត្រគូប?»។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ស្របពេលដែលបញ្ហាតម្លៃទឹកនៅតែជាកង្វល់សម្រាប់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាពិសេសក្នុងអំឡុងពេលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កម្មការិនី កម្មករ ត្រូវបានរងផលប៉ះពាល់ដោយត្រូវខាតបង់ប្រាក់ចំណូលជាខ្លាំង ក្រោមហេតុផលផ្អាកការនាំចូលវត្ថុធាតុដើម គ្មានការបញ្ជាទិញ ខណៈការចំណាយលើសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងការប្រើប្រាស់ភ្លើង និងទឹកបានកើនឡើងក្នុងអំឡុងពេលមានវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដើម្បីប្រឆាំងការឆ្លងជំងឺកូវីដ១៩បន្ថែមក្នុងសហគមន៍។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លោក អ៊ុំ សុថា ប្រាប់វីអូអេកាលពីថ្ងៃសុក្រនេះថា ម្ចាស់ផ្ទះជួលដែលបានចុះកិច្ចសន្យាជាមួយអាជ្ញាធរក្នុងការផ្គត់ផ្គង់ទឹកក្នុងតម្លៃទាបមួយ ត្រូវតែធ្វើតាមការសន្យា ហើយថា បើម្ចាស់ផ្ទះជួលមិនធ្វើតាមការសន្យាទេនោះ អាជ្ញាធរនឹងមានចំណាត់ការជាក់ស្តែងដោយធ្វើការព្រមាន និងផ្អាកក្នុងការផ្គត់ផ្គង់ទឹកជាដើម។
លោកថ្លែងថា៖ «ដូចខ្ញុំជម្រាបជូនអីចឹង ធម្មតាការងារវាមិនរលូនទាំងអស់ ប៉ុន្តែយើងចង់ដោះស្រាយឲ្យវាជាក់លាក់លើបុគ្គលណា ផ្ទះមួយណាដែលគាត់អនុវត្តខុសឆ្គង យើងអនុវត្តចំពោះគាត់ អ្នកគេធ្វើល្អហើយ យើងមិនបាច់និយាយជារួមទេ។ យើងចង់ដោះស្រាយមួយករណីៗ ជាក់ស្តែងអញ្ចឹងហ្ហា»។
លោកថ្លែងបន្តថា៖ «មិនមែនយើងធ្វើឲ្យរួចតែពីមាត់ទេ គឺយើងត្រូវធ្វើឲ្យម្ចាស់ផ្ទះគោរពកិច្ចសន្យា យើងឲ្យគាត់ចំណេញមួយរយរៀល ហើយបានព្រមព្រៀងហើយចុះកិច្ចសន្យា។ អញ្ចឹងគ្រប់ម្ចាស់ផ្ទះទាំងអស់ដែលមានកិច្ចសន្យា ត្រូវតែអនុវត្ត លើកលែងតែម្ចាស់ផ្ទះហ្នឹងទើបបើកថ្មី អត់កិច្ចសន្យាអីយើងពិបាកហ្ហា អាហ្នឹងផ្សេងគ្នាអញ្ចឹងឲ្យច្បាស់លាស់ម៉ងហ្ហា។ ច្បាស់លាស់សុំឲ្យគាត់ខមមិនចូលក្នុងហ្វេសប៊ុកហ្នឹងមក»។
លោក កុង គីងហ៊ួរ ដែលអះអាងថា ខ្លួនជាអ្នកគ្រប់គ្រងផ្ទះជួលមួយកន្លែងនៅតំបន់ផ្លូវវេងស្រេង បានប្រាប់វីអូអេថា លោកមិនបានដឹងឮពីសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពាក់ព័ន្ធនឹងការកំណត់តម្លៃទឹករបស់កម្មករដែលនៅផ្ទះជួល ត្រឹម៨០០រៀល ក្នុងមួយម៉ែត្រគូបនោះទេ។
យ៉ាងណាក្តី លោកនិយាយថា លោកតែងតែយកថ្លៃទឹកពីកម្មករប្រមាណ២.០០០ រៀល ក្នុងមួយម៉ែត្រគូបជាយូរឆ្នាំមកហើយ និងមិនដែលមានកម្មករណាស្នើឲ្យយកតម្លៃទឹកស្អាត៨០០រៀលក្នុងមួយម៉ែត្រគូបទេ។ លោកក៏នឹងពិចារណាគិតគូរពីការសម្រួលដល់កម្មករ ប្រសិនបើមានករណីដូចដែលបានលើកឡើងថា ក្រសួងតម្រូវឲ្យទម្លាក់ថ្លៃទឹកជូនដល់កម្មករនោះ។
លោកប្រាប់វីអូអេថា៖ «ដូចជាគ្រប់ផ្ទះទាំងអស់ដូចជាអត់ឃើញមានខាងណាបានអនុវត្តផង។ ១០០ រៀល ណា បើកាលពីខ្ញុំនៅយករដ្ឋមកលក់ឲ្យខ្ញុំក្នុងគីឡូម៉ែត្រដែលរៀងច្រើនទៅ ដល់១.៣០០ជាង ដល់ខ្ញុំអត់បានដើមផង ទម្រាំដល់១០០ទៀត យើងចូលខ្យល់ខាតច្រើន»។
ប្រធាននាយកដ្ឋានអាជីវកម្មរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សោម សុវណ្ណ និយាយថា រដ្ឋាករទឹករដ្ឋ បានទទួលគោលការណ៍ក្រសួង និងបានកំណត់តម្លៃទឹក៨០០រៀលក្នុងមួយម៉ែត្រនេះហើយ ប៉ុន្តែម្ចាស់ផ្ទះដែលមានបន្ទប់ជួលមួយចំនួនព្រមធ្វើតាម តែម្ចាស់ផ្ទះខ្លះទៀតនៅសុំចរចាជាមួយអ្នកជួល ដោយកំណត់តម្លៃផ្សេងវិញ៕