សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសជំហរហែក្បួន និងជួបជុំនៅវត្តភ្នំ ដើម្បីអបអរទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលាខាងមុខ បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់ក៏ដោយ។
កាលពីថ្ងៃទី២១ ខែកញ្ញា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញលិខិតមួយច្បាប់ផ្ញើទៅអភិបាលរាជធានីភ្នំពេញ ដោយជម្រាបពីគម្រោងនៃការរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅសួនច្បារវត្តភ្នំ។ សមាគមគ្រូបង្រៀនក៏បានបញ្ជាក់ថា នឹងមានការដង្ហែក្បួនចេញពីសួនច្បារវត្តភ្នំ ដើម្បីដាក់ញ្ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លិខិតនោះត្រូវបានសរសេរបញ្ជាក់ក្នុងន័យដើមថា៖
«ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ លើកយកប្រធានបទ «សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀនមានគុណភាព» និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសមាគម លោកគ្រូ អ្នកគ្រូ យុវជន សិស្ស និស្សិត សហជីព អង្គការសង្គមស៊ីវិល អន្តរជាតិ និងប្រជាពលរដ្ឋសរុបយ៉ាងតិចចំនួន ១៥០នាក់»។
ក្រោយការដាក់លិខិត អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់សារព័ត៌មានក្នុងស្រុកថា សាលារាជធានីមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យជួបជុំនៅវត្តភ្នំ និងមិនអនុញ្ញាតឲ្យមានការហែក្បួនដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នោះទេ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការហាមឃាត់មិនឲ្យសមាគមប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅវត្តភ្នំ និងមិនឲ្យហែក្បួនដើម្បីដាក់ញត្តិទៅក្រសួង គឺជាការរឹតត្បិតសេរីភាព និងធ្វើឲ្យប៉ះពាល់ដល់គ្រូបង្រៀននៅកម្ពុជា។ អ្នកស្រីបន្ថែមថា លិខិតនោះជាការជូនដំណឹង ដូច្នេះបើទោះបីជាសាលារាជធានីមិនអនុញ្ញាត សមាគមរបស់អ្នកស្រីនឹងនៅតែប្រារព្ធតាមការគ្រោងទុក។
អ្នកស្រីបញ្ជាក់ថា៖
«បើសាលាក្រុងរាជធានីមិនឲ្យអនុញ្ញាតបានន័យថា សិទ្ធិសេរីភាពនៅប្រទេសកម្ពុជាត្រូវបានហាមឃាត់បាត់ទៅហើយ។ នេះសូម្បីតែយើងខ្ញុំជាគ្រូបង្រៀន ក៏យើងខ្ញុំអត់បានហែក្បួន ទាមទារសិទ្ធិសេរីភាព ក្នុងការជួយធ្វើឲ្យសង្គមជាតិដើម្បីផ្លាស់ប្តូរបានគុណភាពអប់រំផង។ ចុះទម្រាំប្រជាពលរដ្ឋ? តើសិទ្ធិសេរីភាពនៅត្រង់ណាសម្រាប់ពួកគាត់? នេះធ្វើឲ្យឆាកអន្តរជាតិកាន់តែឃើញថា សិទ្ធិរឹតត្បិតនៅក្នុងប្រទេសកម្ពុជាបានបាត់បង់បាត់ទៅហើយ»។
VOA បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក ម៉េត មាសភក្តី ជាច្រើនដង ប៉ុន្តែលោកមិនទទួលទូរស័ព្ទរហូតដល់ល្ងាចថ្ងៃអង្គារនេះ។ ចំណែកលោក មាន ច័ន្ទយ៉ាដា អភិបាលរងសាលារាជធានី ប្រាប់ថា លោកមិនមានតួនាទីឆ្លើយជាមួយអ្នកសារព័ត៌មានក្រៅតែពីអ្នកនាំពាក្យនោះទេ៕