ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​តៃវ៉ាន់​និយាយ​ថា​គេ​ប្រទះ​ឃើញបាឡុង​ឈ្លបការណ៍​របស់​ចិន​ ​ហើយ​ចិន​​​ចល័ត​យន្តហោះ​និង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង​


រូបឯកសារ៖ នាវា​ច្បាាំង​តៃវ៉ាន់​នៅ កំពង់ផែ Keelung កោះតៃវ៉ាន់កាលពីថ្ងៃទី​០៤ សីហា ឆ្នាំ២០២២។
រូបឯកសារ៖ នាវា​ច្បាាំង​តៃវ៉ាន់​នៅ កំពង់ផែ Keelung កោះតៃវ៉ាន់កាលពីថ្ងៃទី​០៤ សីហា ឆ្នាំ២០២២។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​ថា​ ​ខ្លួនបាន​ប្រទះ​ឃើញ​បាឡុង​ឈ្លប​ការណ៍យោធាចិន​មួយ​ ហោះ​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​ និង​ឃើញ​ចិន​កំពុងចល័ត​យន្តហោះ​និង​នាវា​យោធាក្នុង​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

ក្រសួង​ការពារ​ជាតិ​តៃ​វ៉ាន់​និយាយថា​ បាឡុង​ឈ្លបការណ៍​របស់​ចិននោះ​ ​បាន​ហោះ​កាត់​ទីក្រុង​កំពង់​ផែ Keelung​នៅ​ភាគ​ខាង​ជើង​តៃវ៉ាន់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​បន្ត​ដំណើរទៅ​ទិស​ខាង​កើត​មុន​ពេល​បាត់​ខ្លួន​ ដែល​ប្រហែល​ជា​ចូលអាច​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​គេ​នៅ​មិន​ដឹងច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​បាឡុង​នោះ​ត្រូវ​បាន​បញ្ជា​ដោយ​កងទ័ព​រំដោះប្រជាជន​ចិនរបស់​គណបក្ស​កំម្មុយនីស្តចិន​ឬ​យ៉ាង​ណា​នោះ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់និយាយ​ថា​ គេពុំ​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​បាឡុង​ហោះ​នោះ​ឡើយ។ ប្រទេស​ចិនមិន​បាន​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នាឡើយ​ រវាង​មុខងារ​យោធា​និង​ស៊ីវិល​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​សកម្មភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ​ ​ដែល​ខ្លួន​បាន​ធ្វើ​សកម្មភាព​ជា​លក្ខណៈ​កងជីវពល​ ដោយ​បង្ហាញ​ពីសកម្មភាព​ទូក​នេសាទ​ស៊ីវិល​ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​បង្កើនភាព​គឃ្លើន​របស់​ខ្លួនដើម្បី​កាន់កាប់ទឹកដីរបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

កោះតៃវ៉ាន់បានគំរាម​បាញ់​ទម្លាក់​បាឡុង​ឈ្លប​យកការណ៍​របស់​ចិន​ ​ប៉ុន្តែក្រសួង​ការពារជាតិ​តៃវ៉ាន់មិន​បាន​និយាយ​លម្អិតថា ​តើខ្លួន​បានចាត់​វិធានការ​ដូច​នេះ​នោះទេ។​ ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ថា​ ខ្លួន​បាន​តាម​ដាន​ត្រួត​ពិនិត្យបាឡុង​ហោះ​របស់​ចិន​នោះ​ ​ដែល​បាន​ហោះ​ក្នុង​រយៈកម្ពស់​ប្រមាណ​៦.៤០០​ម៉ែត្រ​ពី​ដី។ ​

ក្រសួង​ការពារ​ជាតិ​តៃ​វ៉ាន់​ក៏​បាន​និយាយផង​ដែរ​ថា​ ខ្លួន​បាន​ពិនិត្យ​ឃើញ​មាន​ការចល័ត​យន្តហោះ​ចម្បាំង​យោធា​ចិន​ចំនួន​២៦​គ្រឿង​ ​នឹងនាវា​ចម្បាំង​កងទ័ព​ជើង​ទឹកចិន​ចំនួន​១០គ្រឿង ក្នុង​រយៈពេល​២៤​ម៉ោង មុនម៉ោង​៦​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​ ​ ក្នុង​ចំណោម​យន្តហោះ​ចម្បាំង​យោធាទាំង​នោះ​ ​មាន​យន្តហោះ​១៥​គ្រឿង បាន​ហោះ​ឆ្លងកាត់​ខ្សែ​បន្ទាត់ខណ្ឌ​មិន​ផ្លូវ​ការ​ ដែល​បែងចែក​រវាង​កោះតៃវ៉ាន់​និងប្រទេស​ចិន​ ហើយ​ដែល​ចិន​មិន​បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ខណ្ឌ​ចែក​នេះ​ឡើយ៕ ​

XS
SM
MD
LG