អ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយបានរិះគន់សេចក្ដីសម្រេចរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃក្នុងការលុបចោលបទសម្ភាសន៍ជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់មួយរូប បន្ទាប់ពីស្ថានទូតចិននៅក្រុងបាងកកបានតវ៉ា។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃ (Thai PBS) បានចាក់ផ្សាយបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ នៅក្នុងបទសម្ភាសន៍នោះ លោក Wu បានរិះគន់ការដាក់សម្ពាធរបស់ចិនដើម្បីរួបរួមកោះតៃវ៉ាន់ជាមួយចិនដីគោក ដែលបន្ទាប់មកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ស្ថានទូតចិននៅក្រុងបាងកកបានចេញសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយរិះគន់បទសម្ភាសន៍នេះ។
កោះតៃវ៉ាន់ ដែលមានប្រជាជនចំនួន ២៣លាននាក់ មានការដឹកនាំបែបស្វ័យភាព ប៉ុន្តែត្រូវបានទាមទារដោយចិន ដែលទទូចថា កោះតៃវ៉ាន់គឺជា ខេត្តផ្ដាច់ខ្លួនមួយ ដែលនាថ្ងៃណាមួយនឹងត្រូវ «រួបរួម» ជាមួយចិនដីគោក។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនបានពណ៌នាលោក Wu ថាជា «ជនផ្តាច់ខ្លួនតៃវ៉ាន់» និងបាននិយាយថា បទសម្ភាសន៍នោះបាន «ប៉ះពាល់អារម្មណ៍ជនជាតិចិន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times ក៏បានចូលរួមចំណែកក្នុងការរិះគន់ជាសាធារណៈផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះមិនបានសំដៅដោយចំទៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃនោះទេ ប៉ុន្តែបានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយថៃ «កែតម្រូវកំហុសពាក់ព័ន្ធផ្សេងៗ»។
ភ្លាមៗបន្ទាប់ពីសេចក្ដីថ្លែងការណ៍នោះ បទសម្ភាសន៍លើប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃបានបាត់ពីបណ្ដាញសង្គម YouTube របស់ប្រព័ន្ធផ្សព្វផ្សាយនេះ ដោយគ្មានការពន្យល់អ្វីទាំងអស់។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃបាននិយាយថា ខ្លួនបានបញ្ជាក់ថា បទសម្ភាសន៍នោះត្រូវបានផ្អាក។
សេចក្ដីថ្លែងការណ៍នោះបានរៀបរាប់ក្នុងសម្ដីដើមថា៖ «យើងក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃសហការតាមរយៈការអនុវត្តការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយកម្មវិធីដែលមានលក្ខណៈដូចនេះនាពេលខាងមុខ។ គណៈកម្មាធិការយើងអំពាវនាវឱ្យគ្រប់ភាគីប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនតែមួយ» ដែលថៃប្រតិបត្តិតាមនិងរក្សាទំនាក់ទំនងទ្វេភាគីដ៏ល្អ»។
គោលនយោបាយ «ចិនតែមួយ» ដែលត្រូវបានទទួលស្គាល់ដោយថៃ និងប្រទេស ១៨០ដទៃទៀត ចែងថា មានរដ្ឋអធិបតេយ្យតែគត់ក្រោមឈ្មោះថា ចិន។ ប៉ុន្តែគោលនយោបាយនេះបានបង្ហាញភាពមិនច្បាស់លាស់ចំពោះឋានៈកោះតៃវ៉ាន់ យ៉ាងហោចណាស់ដូចដែលត្រូវបានយល់ដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃខ្លះទៀត។
អស់ពេលប៉ុន្មានឆ្នាំមកនេះ អ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយបានកត់ត្រាទុកកិច្ចប្រឹងប្រែងពីសំណាក់មន្ត្រីចិនក្នុងការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅបរទេសជុំវិញការផ្សព្វផ្សាយ ដែលត្រូវបានចាត់ទុកថា រិះគន់គោលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
របាយការណ៍ឆ្នាំ ២០២២ ដោយអង្គការ Freedom House បានរកឃើញថា រដ្ឋាភិបាលចិនបានព្យាយាមជះឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយបរទេសក្នុងបណ្ដារដ្ឋប្រជាធិបតេយ្យចំនួន ១៨ ក្នុងចំណោមប្រទេសសរុប ៣០។ ថៃមិនត្រូវបានដាក់បញ្ចូលនៅក្នុងការរបាយការណ៍នោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានកំណត់និន្នាការដូចជា ការបៀតបៀនលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅតាមរដ្ឋប្រជាធិបតេយ្យ ដែលត្រូវបានយកមកសិក្សា។
លោក Wu រដ្ឋមន្ត្រីតៃវ៉ាន់ដែលត្រូវបានសម្ភាសន៍ដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃ បានធ្វើសេចក្ដីអធិប្បាយលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានស្គាល់ថា Twitter អំពីការលុបចេញបទសម្ភាសន៍នេះ ដោយនិយាយថា ការរិះគន់របស់ចិនមកលើប្រព័ន្ធផ្សព្វផ្សាយថៃ «ជារឿងគួរឱ្យអស់សំណើចពេករហូតដល់មិនអាចក្លាយជាការណ៍ពិតទេ»។
ផ្នែកមួយនៃសារបង្ហោះនោះបានសរសេរថា៖ «ចិនជាប់ចំណាត់ថ្នាក់អាក្រក់បំផុតលើពិភពលោកខាងផ្នែកសេរីភាពសារព័ត៌មាន ប៉ុន្តែបែរជាបង្រៀនវិស័យសារព័ត៌មាននៅថៃ ពាក់ព័ន្ធនឹងរបៀបធ្វើឱ្យសេរី»។
ចិន ដែលជាប្រទេសដាក់ពន្ធនាគារលើអ្នកសារព័ត៌មានធំជាងគេបង្អស់មួយនៅលើសាកលលោក មានបរិស្ថានដ៏អាក្រក់បំផុតទីពីរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយលើសាកលលោក។ នេះបើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករៀបរៀងដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
ការលុបចេញបទសម្ភាសន៍នោះមិនបានបង្កជាការភ្ញាក់ផ្អើលចំពោះអ្នកវិភាគនៅថៃទេ។
អ្នកស្រី Wasana Wongsurawat សាស្ត្រាចារ្យជំនួយ និងជាអ្នកជំនាញស្តីពីប្រទេសចិនប្រចាំសាកលវិទ្យាល័យ Chulalongkorn នៅក្រុងបាងកក បាននិយាយថា៖ «ប្រាកដណាស់ វាគឺជារឿងត្រូវបានរំពឹងទុក»។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃស្ថិតក្រោមសម្ពាធច្រើនជាងមុនពីរដ្ឋាភិបាល ពីព្រោះពួកគេប្រើប្រាស់ប្រាក់ចំណូលពីពន្ធដារ ហើយរដ្ឋាភិបាលទទួលស្គាល់គោលនយោបាយចិនតែមួយជាផ្លូវការ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃងាយនឹងរងសម្ពាធបែបនេះ»។
ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃគឺជាប្រព័ន្ធផ្សព្វផ្សាយសាធារណៈដំបូងគេនៅក្នុងប្រទេសនេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះទទួលបានហិរញ្ញប្បទានពីចំណូលពន្ធលើគ្រឿងស្រវឹង និងបារី ជាជាងជំនួយថវិកាដោយផ្ទាល់ពីរដ្ឋាភិបាល។ វេបសាយរបស់ប្រព័ន្ធផ្សព្វផ្សាយនេះសរសេរថា រាល់ការផ្ដល់ហិរញ្ញប្បទានណាមួយមិនត្រូវប៉ះពាល់ដល់ឯករាជ្យភាព ឬអាណត្តិរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈនោះទេ។
ចិនគឺជា ដៃគូពាណិជ្ជកម្មធំជាងគេបង្អស់មួយរបស់ថៃ។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកសារព័ត៌មាន និងរដ្ឋាភិបាលបរទេសមួយចំនួនបានបង្ហាញការព្រួយបារម្ភពីការកើនឡើងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកស្រី Wongsurawat បាននិយាយថា៖ «ខ្ញុំគិតថាចិនធ្វើដូចនេះបានតែជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃប៉ុណ្ណោះ ពីព្រោះពួកគេជឿថា ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃអាចរងសម្ពាធពីរដ្ឋាភិបាល»។
អ្នកស្រីបានបន្តថា៖ «ប្រសិនបើវាជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯកជន ឬមិនមែនស្ថិតក្រោមរដ្ឋាភិបាលវិញ ខ្ញុំគិតថា ស្ថានទូតចិននឹងមិនឆ្លើយតបតាមរបៀបនេះទេ។ មនុស្សបាននិយាយពីការណ៍ដែលចិនព្យាយាមដាក់ឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយថៃអស់ពេលជាច្រើនឆ្នាំមកហើយ»។
អ្នកស្រី Jemimah Steinfeld និពន្ធនាយកប្រចាំអង្គការគាំពារសេរីភាពក្នុងការបញ្ចេញមតិ Index on Censorship បានហៅការដកចេញបទសម្ភាសន៍នោះថាបាន «បង្កការខូចខាត» ដល់ប្រទេសថៃ។
អ្នកស្រី Steinfeld បាននិយាយថា៖ «នេះមិនមែនជាលើកដំបូងទេដែលឥទ្ធិពលដ៏ធំរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានឈានចូលទៅក្នុងប្រទេសថៃ។ វាស្របនឹងការនិន្នាការទូលំទូលាយជាងនេះនៃការលូកដៃរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្រៅប្រទេស ដោយការតាមពិនិត្យបរិយាកាសប្រព័ន្ធផ្សព្វផ្សាយ ជាវិធីមួយដើម្បីគ្រប់គ្រងលើការនិយាយនានា»។
អ្នកស្រី Steinfeld បានកត់សម្គាល់ថា នៅឆ្នាំ ២០២០ ចិនបានស្វះស្វែងទាមទារការសុំអភ័យទោសពីសំណាក់សារព័ត៌មានមួយនៅដាណឺម៉ាក ជុំវិញរូបត្លុកពាក់ព័ន្ធការរាតត្បាតជំងឺកូវីដ១៩។ នៅឆ្នាំ ២០២៣នេះ អ្នកសារព័ត៌មានជនជាតិហូឡង់ម្នាក់ បាននិយាយថា នាងបានក្លាយជាគោលដៅនៃការវាយប្រហារមួយ ដែលមានគោលដៅបំបិទការរាយការណ៍របស់នាងពីការគំរាមកំហែងរបស់ចិននៅក្រៅប្រទេស។
កិច្ចប្រឹងប្រែងបំបិទការរាយការណ៍អវិជ្ជមានពីចិនពីមុនមកក៏ត្រូវកត់ត្រានៅថៃដែរ។ កាលពីឆ្នាំ ២០២១ អ្នកជំនួញចិនពីរនាក់បានមកជួបជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយថៃឯករាជ្យមួយ ដោយបានផ្ដល់កញ្ចប់ប្រាក់ដ៏ធំមួយ ប្រសិនបើម្ចាស់គ្រឹះស្ថាននេះបិទដំណើរការ។
គ្រឹះស្ថានបោះពុម្ពផ្សាយ Sam Yan Press ត្រូវបានគេស្គាល់ចំពោះការបោះពុម្ពសៀវភៅ និងការប្រែសម្រួលការងារផ្សេងៗស្តីពីសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរួមមានទស្សនៈរិះគន់រដ្ឋាភិបាលចិន។ គ្រឹះស្ថានបោះពុម្ពនេះបានប្រឆាំងនឹងការព្យាយាមបិទដំណើរការរបស់ខ្លួន។
លោក Pravit Rojanaphruk អ្នកសារព័ត៌មានដែលរាយការណ៍ពីប្រទេសថៃប្រចាំសារព័ត៌មាន Khaosod English មានមូលដ្ឋាននៅក្រុងបាងកក បានពណ៌នាការដកចេញបទសម្ភាសន៍របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈថៃថាជា «រឿងគួរឱ្យព្រួយបារម្ភ»។
លោកបានថ្លែងប្រាប់ VOA ថា៖ «នេះជារឿងហេតុគួរឱ្យរំខានចិត្ត និងគួរឱ្យព្រួយបារម្ភមួយ ដែលនឹងបណ្ដាលឱ្យឃើញពីការមិនជឿទុកចិត្តគ្នារវាងចិននិងថៃ នៅក្នុងចំណោមប្រជាជនថៃ ដែលមានគំនិតប្រជាធិបតេយ្យនិយម មិនត្រឹមតែអ្នកសារព័ត៌មាននោះទេ»។
លោកបានបន្តថា៖ «ខ្ញុំគិតថា អ្វីដែលស្ថានទូតចិនបានខកខានក្នុងការកត់សម្គាល់ ឬមិនខ្វល់ក្នុងការកត់សម្គាល់គឺថា បណ្ដាញសារព័ត៌មានថៃមិនចេះតែសម្របតាមគោលការណ៍រដ្ឋាភិបាលថៃនោះទេ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែ យើងយល់ថា រដ្ឋាភិបាលថៃមានគោលនយោបាយចិនតែមួយយ៉ាងប្រាកដប្រជា»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា