នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានព្រមានបស្ចិមប្រទេសមួយចំនួនថា ពួកគេនឹង «រងផលវិបាក» សម្រាប់ការធ្វើពហិការការទូតរបស់ពួកគេមិនចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហរដ្ឋអាមេរិកបានប្រកាសអំពីការធ្វើពហិការនេះកាលពីដើមសប្តាហ៍នេះ ដោយលើកឡើងថា ការធ្វើដូច្នេះគឺដោយសារតែប្រទេសចិនបានប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សធំធេង និងប្រព្រឹត្តិនូវអ្វីដែលខ្លួនយល់ឃើញថាជា «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) កាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang។
ចំណែកឯប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងប្រទេសកាណាដាវិញ កាលពីថ្ងៃពុធម្សិលមិញ ក៏បានប្រកាសជំហរដូចសហរដ្ឋអាមេរិកផងដែរនៅក្នុងការធ្វើពហិការនេះ។
ការប្រកាសធ្វើពហិការរបស់ប្រទេសទាំងនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមានការខឹងសម្បា និងបានឲ្យតម្រុយនៅថ្ងៃព្រហស្បតិ៍នេះថានឹងសងសឹកតបតទៅវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា ដែលបានយកវេទិកាកីឡាអូឡាំពិកធ្វើជានយោបាយ គឺមិនមានប្រជាប្រិយភាពនិងកំពុងផ្ដាច់ខ្លួនឲ្យនៅឯកោ ហើយពួកគេនឹងរងនូវផលវិបាកដែលមិនអាចជៀសផុត សម្រាប់ទង្វើខុសឆ្គងរបស់ពួកគេ»។
កន្លងមក អង្គការតស៊ូមតិនានាបានគាំទ្រការធ្វើពហិការនេះ។ ចំណែកឯប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិកលោក Thomas Bach វិញ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្ថិតនៅជាអព្យាក្រឹតផ្នែកនយោបាយ និងបានលើកឡើងថា អ្វីដែលសំខាន់នោះគឺការចូលរួមរបស់ក្រុមកីឡាករនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ៕