អ្វីដែលទំនងជាការបាត់ខ្លួនជើងឯកកីឡាវាយកូនបាល់ឬតឺនីសអូឡាំពិកចិនម្នាក់ដែលបានចោទប្រកាន់ថា នាងបានរងការបៀតបៀនផ្លូវភេទពីអតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យនយោបាយមជ្ឈិមបក្សហាក់ដូចបង្ហាញថា រដ្ឋាភិបាលចិនចង់ទប់ស្កាត់រាល់ការគំរាមកំហែងណាមួយដល់ការគ្រប់គ្រងរបស់ខ្លួន។ នេះបើតាមពួកអ្នកសង្កេតការណ៍បញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា។
អ្នកស្រី Peng Shuai អាយុ៣៥ឆ្នាំ ជាអតីតអ្នកលេងកីឡាវាយកូនបាល់ម្ខាង២នាក់ប្រចាំអាជីពដែលបានពានរង្វាន់លេខ១របស់ពិភពលោក បាននិយាយតាមសេវាកម្មបណ្តាញសង្គមចិន Weibo កាលពីថ្ងៃទី២ ខែវិច្ឆិកាថា អតីតឧបនាយករដ្ឋមន្ត្រីលោក Zhang Gaoli បានធ្វើការបៀតបៀនផ្លូវភេទលើអ្នកស្រី។ នេះបើតាមសេចក្តីរាយការណ៍របស់វីអូអេផ្សាយជាភាសាចិន។
ពួកអាជ្ញាធរចិន បានលុបចោលការចុះផ្សាយនេះយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែនៅសប្តាហ៍នេះ ក្រុមអង្គការសិទ្ធិមនុស្ស បានចាប់ផ្តើមសួរថា តើគេអាចរកអ្នកស្រី Peng នៅទីណា ហើយសមាគមវាយកូនបាល់តឺនីសស្ត្រីដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក បានទាមទារថា ការអះអាងរបស់អ្នកស្រី «ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ មានន័យថា ការចោទប្រកាន់នោះ ត្រូវតែស៊ើបអង្កេតឲ្យបានពេញលេញ ត្រឹមត្រូវមានតម្លាភាពនិងដោយគ្មានការចាប់ពិរុទ្ធ។ សមាគមនេះក៏បានព្រមានដកការប្រកួតចេញពីប្រទេសចិនផងដែរ។
រដ្ឋាភិបាលកុម្មុយនីស្តរបស់ចិន កម្រអត់ឱនឲ្យការធ្វើអត្ថាធិប្បាយអវិជ្ជមានអំពីពួកមន្ត្រីខ្លួនណាស់។ មានសេចក្តីរាយការណ៍ថា ពួកអ្នកជំទាស់ដូចជាអ្នកនិពន្ធ អ្នកប្រឆាំងនិងអ្នកលក់សៀវភៅនៅក្រុងហុងកុង បានបាត់ខ្លួនបន្ទាប់ពីវាយប្រហារលើថ្នាក់ដឹកនាំ។ អ្នកខ្លះ ប្រឈមនឹងប្រព័ន្ធផ្លូវច្បាប់។
លោក Alexander Vuving ជាសាស្ត្រាចារ្យនៅឯមជ្ឈមណ្ឌល Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកនៅកោះហាវ៉ៃ បាននិយាយថា៖ «យើងអាចភ្ជាប់តម្រុយនានានិងសង្ស័យថា រដ្ឋាភិបាលក្រុងប៉េកាំងបានស្ថិតនៅពីក្រោយរឿងទាំងអស់នេះ។ ពួកគេបានស្ថិតនៅក្នុងការឃុំឃាំងរបស់បក្ស»។
លោក Michael McCarty អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Baylor បានថ្លែងនៅក្នុងការសិក្សាមួយថា ការគ្រប់គ្រងរបស់អ្នកដឹកនាំចិនទៅលើការចែកចាយព័ត៌មាន «ផ្អែកលើគំនិតបែបប្រវត្តិសាស្ត្រមួយដែលថាអធិរាជចិនដើរតួជាអ្នកសម្របសម្រួលរវាងឋានសួគ៌និងឋានមនុស្សគឺមេដឹកនាំចិនជាតួអង្គពាក់កណ្តាលទេវ»។
លោក Zhang អាយុ៧៥ឆ្នាំ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តនិងជាលេខាធិការបក្សកុម្មុយនីស្តនៅទីក្រុងកំពង់ផែ Tianjin។ លោកបានធ្វើជាប្រធានគណៈកម្មាធិការគ្រប់គ្រងដែលត្រួតពិនិត្យគម្រោងទំនប់វារីអគ្គីសនី Three Georges Dam និងគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន។
លោក Huang Kwei-bo ជាសាស្ត្រាចារ្យជំនួយផ្នែកការទូតនៅឯសាកលវិទ្យាល័យជាតិ Chengchi នៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ បាននិយាយថា៖ «ខ្ញុំគិតថា គំនិតនៅពីក្រោយបញ្ហាដូចនេះជានិច្ចកាលគឺក្រុមទាំងមូលសំខាន់ជាងបុគ្គលម្នាក់ៗហើយស្ថិរភាពស្ថិតនៅពីលើអ្វីៗទាំងអស់ ដូច្នេះបើតាមគំនិតនេះ ជាការពិត លោក អ្នក អាចមានការគំនិតផ្សេងៗក៏ប៉ុន្តែ ធ្វើយ៉ាងណាមិនឱ្យមានផលប៉ះ ពាល់ដល់ស្ថិរភាពទូទៅនោះទេ ហើយថា ស្ថិរភាពទាំងមូល រួមបញ្ជូលការត្រួតត្រារបស់គណបក្សកុម្មុយនីស្តផងដែរ»។
អ្នកស្រី Lu Pin អ្នកបង្កើតបណ្តាញព័ត៌មានសំឡេងស្ត្រី (Feminist Voices)ដែលជាបណ្តាញព័ត៌មានអនឡាញដ៏ធំបង្អស់ស្តីពីបញ្ហារបស់ស្ត្រីនៅប្រទេសចិន បាននិយាយថា ការចោទប្រកាន់របស់អ្នកស្រី Peng ធ្វើឱ្យពួកអ្នកកាន់អំណាចចិនមានការជាប់ពាក់ព័ន្ធនៅក្នុងចលនាស្ត្រី #MeToo។
អ្នកស្រី Lu បាននិយាយទៀតថា៖ «បទពិសោធន៍របស់អ្នកស្រី បានជំរុញឲ្យពលរដ្ឋគិតអំពីចលនាស្ត្រី ពីព្រោះចលនានេះជៀសមិនផុតពីការប្រឈមនឹងអ្នកមានអំណាចទាំងនោះ។ ខ្ញុំក៏មើលឃើញដែរថា មនុស្សមានការភ័យខ្លាចពីការបាត់ខ្លួនរបស់អ្នកស្រី Peng។ ខ្ញុំទស្សន៍ទាយថា វាជាការពិបាកដើម្បីនិយាយថា ភាពអង់អាចក្លាហានរបស់អ្នកស្រី បានលើកទឹកចិត្តមនុស្សគ្រប់រូបនោះ។ ក៏ប៉ុន្តែ នៅក្នុងគំនិតរបស់ខ្ញុំគឺថា ការនិយាយមិនសំចៃមាត់របស់អ្នកស្រី Peng មានឥទ្ធិពលយ៉ាងខ្លាំងដល់ចលនា #MeToo របស់ចិន»។
ចិនកំពុងជួបរឿងចម្រូងចម្រាស
បណ្តាញទូរទស្សន៍ផ្លូវការ Global Television Network របស់ចិន បានចុះផ្សាយសារអ៊ីមែលជាភាសាអង់គ្លេស កាលពីថ្ងៃពុធដែលគេអះអាងថាបានសរសេរដោយអ្នកស្រី Peng ដែលនិយាយថា អ្នកស្រីមិនបានបញ្ជាក់ថាសេចក្តីថ្លែងការណ៍របស់សមាគមតឺនីសនោះពិតទេ ហើយថា អ្នកស្រីកំពុងសម្រាកនៅឯផ្ទះ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ខ្លួន «បានទទួលការលើកទឹកចិត្តដោយការធានាថា អ្នកស្រីមានសុវត្ថិភាព» ។ អ្នកស្រី Peng បានចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅក្នុងឆ្នាំ ២០០៨ ២០១២និងឆ្នាំ២០១៦។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សនិងអ្នកសង្កេតការណ៍កីឡាវាយកូនបាល់តឺនីសបានសង្ស័យពីការលាក់បាំង។ បណ្តាញព័ត៌មាន Tennis.com’s បានចុះផ្សាយតាមTwitter ថា «ខ្ញុំពិបាកជឿថា អ្នកស្រី Pang Shuai ប្រាកដជាបានសរសេរអ៊ីមែលដែលយើងបានទទួលនោះ»។
អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា សញ្ញា Hashtag #WhereisPengShuai «កំពុងត្រូវចែកចាយច្រើនទូទាំងពិភពលោក» ហើយជើងឯកវាយកូនបាល់ផ្សេងទៀតដូចជា នាង Naomi Osaka, Serena Williams និង Novak Djokovic បានបង្កើនការព្រួយកង្វល់អំពីអ្វីដែលទំនងជាការបាត់ខ្លួននេះ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ថា៖ «រដ្ឋាភិបាលចិនដែលជាដៃគូកីឡាអូឡាំពិករដូវរងាររបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ជារឿយៗបានធ្វើឲ្យបុគ្គលបាត់ខ្លួនដោយការបង្ខំដោយសារការបញ្ចេញទស្សនៈឬសកម្មភាពរបស់ពួកគេត្រូវបានគេចាត់ទុកថាជាបញ្ហាឬជាការអាម៉ាស់»។
លោក Daryl Adiar ជាសាស្ត្រាចារ្យជំនួយផ្នែកការរៀបចំចាត់ចែងកីឡានៅសាលាពាណិជ្ជកម្មនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney នៃប្រទេសអូស្ត្រាលី បាននិយាយថា៖ «ដោយប្រើពាក្យប្រៀប ធៀបក្នុងកីឡាវាយកូនបាល់នោះ បាល់ឥឡូវនេះស្ថិតនៅខាងចិនហើយ»។
លោកនិយាយទៀតថា៖ «អ្នកស្រី Peng Shuai ទំនងជាកំពុងស្វះស្វែងរកសវនាការនៅក្នុងតុលាការ ជាអ្វីដែលប្រហែលជាពួកអ្នកប្តឹងផ្តល់ក្នុងពិភពលោក គួរតែមានសិទ្ធិទទួលបាន»។
ពួកមន្ត្រីចិន មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបស់អ្នកស្រី Peng Shuai ឬអំពីការទាមទាររបស់សមាគមកីឡាវាយកូនបាល់នោះទេ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន