ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ប្រកាស​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ចិន


នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison កាន់​បាល់​អំឡុង​ពេល​ទៅ​ទស្សនកិច្ច​នៅ​សាលារៀនមួយ​ក្នុង​ទីក្រុង​ស៊ីដនី ថ្ងៃ​ពុធ ទី៨ ខែ​ធ្នូ ឆ្នាំ២០២១។
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison កាន់​បាល់​អំឡុង​ពេល​ទៅ​ទស្សនកិច្ច​នៅ​សាលារៀនមួយ​ក្នុង​ទីក្រុង​ស៊ីដនី ថ្ងៃ​ពុធ ទី៨ ខែ​ធ្នូ ឆ្នាំ២០២១។

ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងាឆ្នាំ ២០២២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​នេះ​គឺជា​ជំហរ​មួយ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ជំហរ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ដែរ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ប្រកាស​អំពី​ការ​ធ្វើ​ពហិការ​នេះ​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង ទីក្រុង​កង់បេរ៉ា ដោយ​លើកឡើង​អំពី​បញ្ហា​ជាច្រើន ដូចជា​ការ​ចោទ​ប្រកាន់​ថា​ចិន​បាន​រំលោភ​សិទ្ធិ​មនុស្ស និងការ​បដិសេធ​របស់ចិន​នៅក្នុង​ការ​ពិភាក្សា​ទ្វេភាគីជាមួយ​អូស្ត្រាលី​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​និង​ការទូតជាដើម។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទស​ចិន​លោក Wang Wenbin បាន​ទាត់ចោល​នូវ​ការ​ប្រកាស​របស់​លោក Morrison នេះ ដោយ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «គ្មាន​អ្នកណា​ខ្វល់​នោះ​ទេ» ទោះបីជា​អូស្ត្រាលី​បញ្ជូន​ឬ​មិន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក៏ដោយ។

ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អូស្ត្រាលី​មាន​ភាព​ល្អក់​កករ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​បាន​ចាប់ផ្តើម​ដំបូង​នៅ​ពេល​ដែល​អូស្ត្រាលី​បាន​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei របស់​ចិន មិន​ឲ្យ​សាងសង់​បណ្តាញ 5G ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ទំនាក់ទំនង​នេះ​បាន​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​ថែមទៀត នៅពេល​ដែល​អូស្ត្រាលី​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​រក​ប្រភព​នៃ​ជំងឺ​កូវីដ១៩។ ជំងឺ​កូវីដ១៩ ត្រូវ​បាន​គេ​រកឃើញ​ដំបូង​កាលពី​ចុង​ឆ្នាំ ២០១៩ នៅ​ភាគ​កណ្តាល​ប្រទេស​ចិន៕

XS
SM
MD
LG