ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គូរ​ឡើង​វិញ​ផែនទី​សមុទ្រ​ដែល​មាន​ជម្លោះ​​របស់​ចិន​​ជា​ការ​វាយ​បក​ទៅ​វៀតណាម​វិញ


កងកម្លាំង​ម៉ារីន​វៀតណាម​តាមដាន​​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង នៅ​ក្បែរ​ឆ្នេរ​វៀតណាម កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។
កងកម្លាំង​ម៉ារីន​វៀតណាម​តាមដាន​​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង នៅ​ក្បែរ​ឆ្នេរ​វៀតណាម កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ ចិនបាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន ២៥ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៥៥ កន្លែង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លាតសន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅដល់​កោះ Borneo។ រដ្ឋាភិបាល​ចិនសង្ឃឹម​ថា ការធ្វើ​ដូច​នោះនឹង​ពង្រឹង​ការទាមទារ​របស់​ខ្លួន​ចំពោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង។

ប្រទេស​ចិន​បាន​ប្តូរ​ឈ្មោះ​កោះតូចៗ និង​សណ្ឋាន​ដី​ក្រោមសមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​វិធានការ​មួយ​ដែល​អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា មាន​បំណងប្រឆាំង​តបត​នឹង​ការឈ្លានពាន​របស់​កងទ័ពជើង​ទឹក​វៀតណាម​នៅក្នុង​ផ្លូវទឹក​ដែល​មាន​ជម្លោះ។

ក្រសួង​កិច្ចការ​ស៊ីវិល​ចិន បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃទី ១៩ ខែមេសា​ថា «ក្រសួង​ចំនួន​ពីរ​របស់រដ្ឋាភិបាល​ចិន បាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន ២៥ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៥៥ កន្លែង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លាតសន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ ដល់​កោះ Borneo។

ក្រុម​អ្នកវិភាគ​ជឿ​ថា ទោះបីជា​វិធានការ​នេះ មិន​បាន​ផ្តល់​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​ផ្នែក​អធិបតេយ្យភាព​ដល់​ប្រទេសចិន​ដោយ​ស្វ័យប្រវត្ដិ ជាង​រដ្ឋាភិបាល​ចំនួន ៥ ផ្សេង​ទៀត​នៅ​អាស៊ី​ដែល​បាន​ទាមទារ​គ្រប់គ្រង​ដែន​សមុទ្រ​សម្បូរ​ធនធាន​នេះ​ក៏ដោយ ក៏​វា​អាច​ជួយ​ចិន​ឲ្យ​វាយបក​ទៅ​វៀតណាម​វិញ ក្រោយពី​មាន​រឿង​មួយ​ចំនួន​ដែល​វៀតណាម​ធ្វើ​ឲ្យ​ចិន​មាន​ការ​ខឹងសម្បារ​កាលពី​ខែកុម្ភៈ។

នៅ​ក្នុង​ខែកុម្ភៈ​នោះ មាន​នាវា​វៀតណាម​ចំនួន ៣១១ គ្រឿង​បាន​លុកលុយចូល​ទៅ ក្នុង​ដែនទឹក និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​នៃ​ខេត្តចំនួន ៣ របស់​ចិន​ដែល​នៅ​ភាគខាងត្បូង នេះ​បើ​តាម​សេវាកម្ម​ត្រួតពិនិត្យ​មួយ​នៅ​សាកល​វិទ្យាល័យ​ប៉េកាំង Peking University។ នៅ​ពេល​នោះ ប្រទេស​ចិន កំពុង​ព្យាយាម​ទប់ស្កាត់​ការរាតត្បាតនៃ​វីរុសកូរ៉ូណា​ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​គេ​នៅ​ក្នុង​ខេត្តហ៊ូប៉ី។ ប្រទេស​ចិន បាន​រាយការណ៍​ថា ខ្លួន​បាន​ស្រាកស្រាន្ត​ពី​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នៅ​ខែមីនា​កន្លង​ទៅ​នេះ។

អ្នកស្រី​ Yun Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​នៃ​មជ្ឈមណ្ឌល​ Stimson ដែល​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ជនជាតិ​ចិន​បាន​គិត​ថា វៀតណាម​ឆ្លៀត​ឱកាស​ពេលដែល​ចិន​ស្ថិត​នៅក្នុង​ស្ថានភាព​ងាយរងគ្រោះ និង​អសមត្ថភាព​ក្នុង​ការប្រតិកម្ម​តប​ទៅនឹង​ពួកគេ​ក្នុង​អំឡុង​ពេល​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩។ ដូច្នេះ​ឥឡូវ​នេះ ដោយសារតែ​ចិន​មាន​ភាពប្រសើរ​ឡើង​វិញ​ពី​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នោះ ពួកគេ​មាន​អារម្មណ៍​ថា «ពួកគេ​ចាំបាច់​ត្រូវ​ដាក់​ទណ្ឌកម្ម​វៀតណាម​ចំពោះ​រឿង​នេះ»។

ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​បាន​ប្តូរ​ឈ្មោះ​កូនកោះ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ទាំងនោះ ជា​លើកដំបូង​ចាប់តាំង​ពី​ឆ្នាំ ១៩៨៣ មក​ដោយ​លើក​ហេតុផល​ថា ដើម្បី​«ធ្វើឲ្យមាន​បទដ្ឋាន​នៃ​ការប្រើប្រាស់​ឈ្មោះ​ភូមិសាស្ត្រ មាន​ភាពប្រសើរ​ឡើង»។ ឈ្មោះ​ជា​ភាសាចិន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទសវត្សរ៍​១៩៤០ បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី ២ ដើម្បី​ជំនួស​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ដែល​មាន​នៅ​លើ​ផែនទី​អន្តរជាតិ។

លោក Huang Chung-ting ជំនួយការ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ការពារ​ជាតិ និង​ការស្រាវជ្រាវ​សន្តិសុខ​នៅ​ទីក្រុង​តៃប៉ិ បាន​និយាយ​ថា ឈ្មោះ​ថ្មី​ទាំងអស់​ជា​ភាសា​ចិន ឆ្លុះ​បញ្ចាំង​ពី​ការផ្លាស់ប្តូរ​សណ្ឋានដី​ដោយសារ​ការកើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ និង​ការរុករក​ប្រេង​នៅ​ក្រោម​សមុទ្រ និង​ឧស្ម័ន​ធម្មជាតិ។ ឈ្មោះ​ថ្មី​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​កូនកោះ​នានា នៅក្នុង​ប្រជុំ​កោះ Spratly និង Paracel ដែល​វៀតណាម​អះអាង​ថា ផ្នែក​ទាំងអស់ ឬ ផ្នែក​ខ្លះ​ជា​របស់​ខ្លួន។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះតៃវ៉ាន់ ក៏​ចូលរួម​ប្រជែង​យក​ចំណែក​ដែន​សមុទ្រ​ទំហំ ៣លាន ៥សែន គីឡូម៉ែត្រ​ការ៉េ​នេះ ជាមួយ​ចិន​ដែល​អះអាង​ថា​ជា​របស់​ខ្លួនដែរ។ ក៏ប៉ុន្តែ ពួកគេ ធ្វើ​ការ​តវ៉ា​ដោយចំហ​ជាមួយ​នឹង​ចិន មិន​ញឹកញាប់​ដូច វៀតណាម​ទេ។

ប្រទេស​ចិន បាន​នាំមុខ​ផ្នែក​យោធា និង​បច្ចេកវិទ្យា​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ នៅ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ដើម្បី​គាំទ្រ​ការទាមទារ​របស់​ខ្លួន​ចំពោះ​ផ្ទៃប្រមាណជា ៩០% នៃ​ដែន​សមុទ្រ​នេះ។ ការពង្រីក​ឥទ្ធិពលរបស់​ចិន​នេះ បាន​ធ្វើ​ឲ្យ​មាន​ការថ្កោលទោស​ពី​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​បង្ក​ឲ្យ​មាន​ហេតុការណ៍​មួយ​ចំនួន​កើតឡើង​នៅ​លើ​សមុទ្រ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​ការទូត​មួយ អស់រយៈពេល​ជាច្រើន​ឆ្នាំ។

បដា​មួយ​នៅ​ពី​មុខ​អគារ​ខ្ពស់ៗ​ក្នុង​ក្រុង​ហូជីមិញ​ក្រើន​រំឭក​ពលរដ្ឋ​វៀតណាម​ពី​ការ​ទាមទារ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
បដា​មួយ​នៅ​ពី​មុខ​អគារ​ខ្ពស់ៗ​ក្នុង​ក្រុង​ហូជីមិញ​ក្រើន​រំឭក​ពលរដ្ឋ​វៀតណាម​ពី​ការ​ទាមទារ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​វៀតណាម និង​ប្រទេស​ចិន បាន​ជាប់គាំង​នៅក្នុង​ការប្រឈម​មុខ​ដាក់​គ្នា​ដោយ​នាវា កាលពី​ឆ្នាំមុន​នៅ​ជិត​តំបន់​ខួងយក​ប្រេង​របស់​វៀតណាម។ កាលពី​ឆ្នាំ ២០១៤ ទូក​របស់​ភាគី​ទាំង​សង្ខាង​បាន វាយបក​គ្នា​ទៅវិញ​ទៅមក​ដោយសារ​រឿង​ដាក់​ស្ថានីយ​ខួង​យក​ប្រេង​របស់​ចិន។ លោក Huang បាន​និយាយ​ថា ក្នុង​នាម​ជា​ប្រធាន​សមាគម​តំបន់​គឺ​សមាគមអាស៊ានដែល​មាន​សមាជិក​១០​ប្រទេស និង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រទេស​វៀតណាម មាន​វេទិកា​មួយ​នៅ​ឆ្នាំ​នេះ ដើម្បី​លើក​ឡើង​អំពី​ការពង្រីក​ដែន​សមុទ្រ​របស់​ចិន។ លោក Huang បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ទោះបី​មិន​មាន​បញ្ហា​នេះ​ក៏ដោយ ក៏​វៀតណាម​ប្រាកដជា​នឹង​ប្រើ​សិទ្ធិ​ពិសេស​នៃ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​ក្នុងការ​ពិភាក្សា ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​វិធី​ប្រសើរ​ជាងមុន​ដើម្បី​និយាយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ឥឡូវនេះ ដោយ​មាន​បញ្ហា​នេះ​កើត​ឡើង​ទៅ​ហើយ ខ្ញុំ​ជឿ​ថា ប្រទេស​វៀតណាម នឹង​ចាត់វិធានការ​មួយ​ចំនួន ដើម្បី​ធ្វើការ​តបត​វិញ»។

លោក Huang បាន​ថ្លែង​បន្ថែម​ថា កូនកោះ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទាំង​នោះ គឺ​នៅ​ជិត​ប្រទេស​វៀតណាម។

អ្នកស្រី​ Yun Sun បាន​និយាយ​ថា ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន ប្រទេស​វៀតណាម អាច​នឹង​យក​រឿង​នេះ​ឲ្យ​តុលាការ​អាជ្ញា​កណ្តាល​ពិភពលោក​ដោះស្រាយ។ សេចក្តី​សម្រេច​របស់​តុលាការអាជ្ញា​កណ្តាល​នេះ​ គឺ​មិន​ជាប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់ទេ។ ប្រទេស​ចិន មិន​អើពើ​នឹង​សេចក្តី​សម្រេច​ឆ្នាំ ២០១៦ ដែល​ប្រឆាំងនឹង​មូលដ្ឋាន​ច្បាប់​សម្រាប់​ការទាមទារ​ដែនសមុទ្រ​របស់​ខ្លួន។ ក៏ប៉ុន្តែ អ្នកស្រី Yun Sun បាន​និយាយ​ទៀត​ថា ករណី​ប្តឹង​ទៅ​តុលាការ​ថ្មី​មួយ នឹង​មាន​សារៈសំខាន់​ខាង​នយោបាយ ហើយ​អាច​បំផ្លាញ​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនីស្ត​ទាំងពីរ ដែល​ក្នុង​ពេល​កន្លង​មក ធ្លាប់​បាន​ផ្សះផ្សារ​រឿង​ជម្លោះ​ផ្សេងៗ​ទៀត។

ក្រុម​អ្នកវិភាគ​ជឿ​ថា ការប្តូរ​ឈ្មោះ​របស់​ចិន​ទៅ​លើ​កូន​កោះតូចៗ និង​សណ្ឋាន​ផ្សេងទៀតដូច​ជា​ជួរ​ភ្នំ​ក្រោម​សមុទ្រ​ដែល​ផុស​ចេញ​ពី​ផ្ទៃ​ទឹក​ នឹង​បន្ថែម​សម្ពាធ​ទៅ​លើ​ប្រទេស​វៀតណាម បន្ទាប់ពី​នាវា​យកការណ៍​របស់​ចិន បាន​ឆ្លង​កាត់​ដែនទឹក​ដែល​ទាមទារ​ដោយ​វៀតណាម​កាលពី​ពាក់កណ្តាល​ខែមេសា

ប្រទេស​ចិន បាន​លើក​ឡើង​អំពី​ឯកសារ​ប្រើប្រាស់​ជា​ប្រវត្តិសាស្ត្រ ដើម្បី​គាំទ្រ​ការទាមទារ​របស់​ខ្លួន​ចំពោះ​ដែន​សមុទ្រ​ទាំងនោះ។ អ្នកស្រី Sun បាន​និយាយ​ទៀត​ថា មេដឹកនាំ​របស់​ចិន កំពុងតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ជ័យជម្នះ​មួយ​ដោយ​ប្រើប្រាស់​វិធី​ផ្នែក​ការទូត ដើម្បី​លើក​ទឹក​ចិត្តនិង​ស្មារតី​របស់​ប្រជាជន​ចិន បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩។

លោក Huang បាន​និយាយ​ថា ការប្តូរ​ឈ្មោះ​កូនកោះ​ទាំងនោះ គឺ​ជួយ​បង្កើន​ឋានៈ​របស់​ចិន​ក្នុង​ការចរចា​ណាមួយ​ជាមួយ​ប្រទេស​ទាំង១០ ដែល​ជា​សមាជិក​នៃ​សមាគម​ជាតិ​អាស៊ីអាគ្នេយ៍។ លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ហ្វីលីពីន បាន​និយាយ​ថា សកម្មភាព​នោះ នឹង​គាំទ្រ​ដល់​ភស្តុតាង​របស់​ចិន​ដែល​បាន​បង្ហាញ​ថា ខ្លួន​មាន​សកម្មភាព​រដ្ឋបាល​ស៊ីវិល​នៅក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នោះ ហើយ​ដែល​ការណ៍​នោះ អាច​នឹង​មាន «ផលប៉ះពាល់​ខាង​ផ្លូវ​ច្បាប់» នៅ​ពេល​ក្រោយ ប្រសិនបើ​ប្រទេស​ដែល​ទាមទារ​ផ្សេង​ទៀត មិន​បាន​តវ៉ា​ទៅនឹង​ការ​ប្តូរ​ឈ្មោះ​ភូមិសាស្ត្រ​នៃ​កូនកោះ​ទាំង​នោះរបស់​ចិន​នា​ពេល​នោះ។ លោក Batongbacal បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អ្វីៗ​ទាំងអស់នេះ គឺជា​ផ្នែក​នៃ​ផែនការ​ដ៏​ធំ​របស់​ចិន ដើម្បី​អនុវត្ត​សិទ្ធិអំណាច​ស៊ីវិល រដ្ឋបាល​ស៊ីវិលលើ​ផ្នែក​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​បាន​ទាមទារ។ វា​ដូច​ជា​ចិន កំពុង​ព្យាយាម​បង្កើត​ភស្តុតាង​អ៊ីចឹង។ សកម្មភាព​ទាំងនោះ មើល​ទៅ​ដូច​ជា​រឿង​តូចតាច ឬ មើល​ជាក់ស្តែង​ដូច​ជាគ្មាន​ប្រសិទ្ធភាព ប៉ុន្តែ វា​អាច​មាន​ផល​ប៉ះពាល់​ខាង​ផ្លូវ​ច្បាប់​នា​ពេល​អនាគត»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG