ប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលមានយោធាខ្សោយជាងចិន ត្រូវគេរំពឹងថានឹងតវ៉ាតាមមធ្យោបាយការទូតប្រឆាំងការបញ្ជូននាវាល្បាតរបស់ចិន ចូលក្នុងដែនទឹកដែលមានជម្លោះក្នុងខែនេះ ដោយបង្កឲ្យមានភាពជាប់គាំងដ៏យូរមួយប៉ុន្តែគ្មានអំពើហិង្សាទេ។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះ កំពុងតាមដានបម្លាស់ទីរបស់នាវាចិនឈ្មោះ Haiyang Dizhi 8 ដែលរបាយការណ៍ព័ត៌មានជាច្រើននិយាយថា បានឆ្លងចូលគន្លងដែលមានជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។
នាវាដដែលនេះ បានចំណាយពេល៤ខែកាលពីឆ្នាំ២០១៩ នៅក្នុងដែនទឹកដែលសម្បូរប្រេងក្នុងសមុទ្រដែលប្រទេសវៀតណាមបានទាមទារដែរ ហើយកងនាវិកចិន បានទប់ស្កាត់ក្រុមនាវិកវៀតណាម មិនឲ្យរុករកប្រេងក្រោមសមុទ្រនោះទេ។
ក្រុមអ្នកវិភាគជឿថាលើកនេះ រដ្ឋទាំងពីរនេះក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជានឹងតវ៉ាតាមផ្លូវការទូតទៅកាន់ប្រទេសចិន ប៉ុន្តែ ប្រហែលជាមិនធ្វើអ្វីលើសពីនេះទេ ដោយសារប្រទេសទាំងពីរមានយោធាខ្សោយជាងប្រទេសចិន។ នាយករដ្ឋមន្ត្រីថ្មីនៃម៉ាឡេស៊ី ដែលទើបចូលកាន់តំណែងមិនទាន់បាន២ខែផងនោះ មានបទពិសោធន៍ខាងនយោបាយការបរទេសតិចតួច។
ក្រុមអ្នកវិភាគជឿថា ចិននឹងឆ្លើយតបទៅនឹងការតវ៉ាដែលស្ងាត់ស្ងៀមនោះ ដោយការរក្សានាវាចុះវាស់វែងដែនទឹកនោះ នៅក្នុងដែនទឹកដែលមានជម្លោះនោះដដែល ហើយនឹងឃាឃាំងកិច្ចប្រឹងប្រែងរុករកថាមពលរបស់ប្រទេសម៉ាឡេស៊ី និងវៀតណាម៕