រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនដើម្បីជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ នេះបើតាមលោកប្រធានាធិបតី Trump ដែលបាននិយាយនៅក្នុងការចុះផ្សាយបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃអង្គារ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតី Trump បាននិយាយនៅក្នុងបណ្តាញសង្គម Truth Social ថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន«ត្រូវតែហើយនឹងបញ្ចប់នៅពេលឆាប់ៗនេះ»។ លោកបានបន្ថែមទៀតថាមាន«ការស្លាប់និងការបំផ្លិចបំផ្លាញច្រើនណាស់»។
ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថានៅពេលណាដំណើរទស្សនកិច្ចរបស់លោក Bessent នឹងកើតមានឡើងឬថាតើមានរយៈពេលប៉ុន្មានថ្ងៃ។ ក្រសួងហិរញ្ញវត្ថុ មិនបានឆ្លើយតបសំណួរលើបញ្ហានេះទេ។
លោកប្រធានាធិបតី Trump បានជំរុញឱ្យបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត៣ឆ្នាំ ក៏ប៉ុន្តែ លោកក៏បានបញ្ជាក់ពីការទទួលបានត្រឡប់មកវិញលើការវិនិយោគជាមួយជំនួយសហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែននៅក្នុងកិច្ចសម្ភាសន៍កាលពីពេលមុនជាមួយបណ្តាញទូរទស្សន៍ Fox News។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើការដោះដូរធនធានធម្មជាតិរបស់រដ្ឋាភិបាលក្រុងកៀវដូចជារ៉ែកម្រ។
ខណៈដែលលោកប្រធានាធិបតី Trump កំពុងដាក់ការគាបសង្កត់ដើម្បីបញ្ចប់សង្គ្រាមនោះ លោកប្រធានាធិបតី Zelensky កំពុងអំពាវនាវឱ្យមានវិធានការសន្តិសុខដ៏ខ្លាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។
កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Trump បានបញ្ជាក់នៅលើការចុះផ្សាយលើបណ្តាញសង្គមរបស់លោកថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំណាយប្រាក់រាប់ពាន់លានដុល្លារទូទាំងសាកលលោក។
សម្រាប់នៅពេលឥឡូវនេះ លោកប្រធានាធិបតី Trump បានបញ្ជាក់កាលពីថ្ងៃចន្ទថាលោកនៅពេលឆាប់ៗនេះនឹងបញ្ជូនបេសកជនពិសេសរបស់លោកគឺលោក Keith Kellogg ដែលមានភារកិច្ចធ្វើសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានេះ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងកៀវភ័យខ្លាចថាដំណោះស្រាយណាមួយដែលមិនរួមបញ្ចូលការតាំងចិត្តខាងផ្នែកយោធាដូចជាសមាជិកភាពអង្គការអូតង់ឬការដាក់ពង្រាយកងថែរក្សាសន្តិភាព នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីរៀបចំកងទ័ពនិងបំពាក់អាវុធឡើងវិញដើម្បីធ្វើការវាយប្រហារថ្មី៕
វេទិកាបញ្ចេញមតិ