រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent នឹងមិនចូលរួមជំនួបរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅសប្តាហ៍ក្រោយនិងធនាគារកណ្តាលមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬ G-20 នៅក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមប្រភពប្រហាក់ប្រហែលគ្នា៣ដែលបានដឹងពីផែនការរបស់លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីសម្រេចមិនចូលរួមជំនួបប្រចាំឆ្នាំរបស់មេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកជារឿងមិនប្រក្រតីខ្លាំងបំផុតសម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកជារឿយៗដឹកនាំកិច្ចព្រមព្រៀងក្រុមប្រទេស G-20 លើបញ្ហាគោលនយោបាយហិរញ្ញវត្ថុនិងរូបិយបណ្ណ។
ប្រភពមួយនៃប្រភពទាំងនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស G-20 ត្រូវបានផ្តល់ព័ត៌មានពីការសម្រេចរបស់លោក Bessent ដែលមិនចូលរួមជំនួបនេះ។ ប្រភពទី២បាននិយាយថាលោក Bessent មិនអាចចូលរួមកិច្ចប្រជុំនោះបានទេ ពីព្រោះលោកមាន«ភារកិច្ចជាមួយលោកប្រធានាធិបតី»។
គេមិនទាន់ដឹងច្បាស់ភ្លាមៗថាតើភារកិច្ចទាំងនោះមានជាប់ទាក់ទិនដល់លទ្ធភាពនៃជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលប្រទេសទាំង២កំពុងតាមមើលឬយ៉ាងណាទេ។
លោកប្រធានាធិបតី Trump បានប្រាប់ពួកយកព័ត៌មានថាលោកនឹង«ប្រហែល»ជួបជាមួយលោក Putin ដើម្បីពិភាក្សាការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនមុនដំណាច់ខែនេះ។ រដ្ឋាភិបាលវិមានក្រឹមឡាំងបានបន្ទរតាមដោយសង្ឃឹមកាលពីព្រឹកថ្ងៃពុធ ក៏ប៉ុន្តែ បាននិយាយថាជំនួបនោះអាចកើតឡើងនៅពេលក្រោយ។
សេតវិមាននិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកមិនបានឆ្លើយតបដល់សំណើរសុំអត្ថាធិប្បាយស្តីពីផែនការរបស់លោក Bessent ទេ។ កាសែត The New York Times បានរាយការណ៍ពីផែនការអវត្តមានរបស់លោក Bessent នេះ៕
វេទិកាបញ្ចេញមតិ