ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងកាលពីថ្ងៃទី ១៧ ខែកុម្ភៈនៅក្នុងសន្និសីទមួយដែលមានវត្តមានចូលរួមពីមេដឹកនាំអាជីវកម្មនានា ដែលក្នុងនោះរួមមានទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ផងដែរ ស្របពេលដែលរដ្ឋាភិបាលចិនប្រឹងប្រែងទប់ទល់ជាមួយនឹងសេដ្ឋកិច្ចចុះខ្សោយនិងភាពតានតឹងកើនឡើងជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
មេដឹកនាំអាជីវកម្មឯកជនផ្សេងទៀតដែលបានចូលរួមនៅក្នុងសន្និសីទនេះរួមមានស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន BYD លោក Wang Chuanfu នាយកប្រតិបត្តិក្រុមហ៊ុន Unitree លោក Wang Xingxing និងស្ថាបនិកក្រុមហ៊ុន CATL លោក Robin Zeng។ នេះបើយោងតាមវីដេអូមួយដែលផ្សព្វផ្សាយដោយទូរទស្សន៍ CCTV របស់ចិន។
នាយកប្រតិបត្តិក្រុមហ៊ុន Meituan លោក Wang Xing នាយកប្រតិបត្តិក្រុមហ៊ុន China Feihe លោក Leng Youbin និងស្ថាបនិកក្រុមហ៊ុន Will Semiconductor លោក Yu Renrong ក៏បានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។ នេះបើយោងតាមវីដេអូដដែលនោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Pony Ma ក៏មានវត្តមានចូលរួមក្នុងសន្និសីទនោះផងដែរ។ នេះបើយោងតាមប្រភពមួយដែលដឹងអំពីរឿងនេះ ដែលបដិសេធមិនបញ្ចេញឈ្មោះដោយសារតែសេចក្ដីលម្អិតនៃការប្រជុំនេះមិនត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ។ ក្រុមហ៊ុន Tencent មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំបញ្ចេញមតិនោះទេ។
លោក Xi បានថ្លែងសុន្ទរកថាបន្ទាប់ពីបានស្ដាប់អ្នកតំណាងក្រុមហ៊ុនឯកជននានា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua នោះមិនបានផ្ដល់សេចក្ដីលម្អិតណាមួយអំពីសន្និសីទដែលធ្វើឡើងនៅក្នុងមហាសាលប្រជាជន (Great Hall of the People) ក្នុងទីក្រុងប៉េកាំងនេះទេ។
សន្និសីទនេះមានបំណងបង្កើនចំណាប់អារម្មណ៍ពីវិស័យឯកជន ហើយប្រធានក្រុមហ៊ុននានាត្រូវបានលើកទឹកចិត្តឲ្យពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេសនៅចំពេលដែលមានសង្គ្រាមបច្ចេកវិទ្យាកាន់តែខ្លាំងឡើងរវាងចិននិងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ប្រភពនានា។
លោក Xi បានសង្កត់ធ្ងន់ជាយូរមកហើយអំពីភាពចាំបាច់ដែលប្រទេសចិនត្រូវសម្រេចឲ្យបាននូវភាពដែលអាចផ្គត់ផ្គង់ដោយខ្លួនឯងបានលើផ្នែកបន្ទះឈីប និងចង់ឲ្យប្រទេសចិនប្រើបច្ចេកវិទ្យា AI ដើម្បីដឹកមុខការអភិវឌ្ឍសេដ្ឋកិច្ច។
ប៉ុន្តែ កិច្ចប្រឹងប្រែងរបស់ចិនបានរងការប៉ះពាល់ដោយសារវិធានការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប។ គេមានក្ដីបារម្ភថារដ្ឋាភិបាលចិនអាចប្រើសារធាតុផលិតបន្ទះឈីបដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។
លោក Christopher Beddor អនុប្រធានផ្នែកស្រាវជ្រាវកិច្ចការប្រទេសចិននៃក្រុមហ៊ុន Gavekal Dragonomics ក្នុងទីក្រុងហុងកុង បាននិយាយថា៖ «វាជាការទទួលស្គាល់ដោយស្ងាត់ស្ងៀមថា រដ្ឋាភិបាលចិនត្រូវការក្រុមហ៊ុនឯកជនសម្រាប់ការប្រជែងផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងសហដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលចិនគ្មានជម្រើសអ្វីផ្សេងនោះទេក្រៅពីការគាំទ្រក្រុមហ៊ុនទាំងនោះ ប្រសិនបើខ្លួនចង់ប្រជែងជាមួយសហរដ្ឋអាមេរិក»។
លោក Xi ធ្លាប់ធ្វើជាអធិបតីនៃសន្និសីទកម្រិតខ្ពស់សម្រាប់វិស័យឯកជនដំបូងនៅក្នុងឆ្នាំ ២០១៨ គឺក្នុងពេល ៦ ឆ្នាំបន្ទាប់ពីលោកបានឡើងកាន់អំណាច។ នៅពេលនោះ លោកបានប្ដេជ្ញាកាត់ពន្ធនិងធ្វើការប្រកួតប្រជែងដ៏ស្មើភាព ក៏ដូចជាបានបញ្ជាក់ជាថ្មីថាក្រុមហ៊ុនឯកជននឹងអាចទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕
ប្រែសម្រួលដោយ លោក ភី សុភាដា