ប្រទេសចិនបានទទូចនៅថ្ងៃពុធនេះថា ការធ្វើសមយុទ្ធយោធារបស់ខ្លួននៅម្ដុំច្រកសមុទ្រតៃវ៉ាន់គឺ «ចាំបាច់និងត្រឹមត្រូវ»។ ចិនលើកឡើងដូច្នេះ នៅក្រោយពេលដែលប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានបញ្ជាក់នៅក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ការធ្វើសមយុទ្ធយោធារបស់យោធាចិននៅដែនសមុទ្រជិតកោះតៃវ៉ាន់ដែលជារបស់ចិនគឺជាវិធានការចាំបាច់និងត្រឹមត្រូវដើម្បីការពារដោយអង់អាចក្លាហាននូវអធិបតេយ្យភាពជាតិ [របស់ចិន]»។
អ្នកស្រីបានបន្ថែមថា៖ «នៅក្នុងការប្រតាយប្រតប់នាពេលបច្ចុប្បន្នទាក់ទិននឹងដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ សហរដ្ឋអាមេរិកគឺជាអ្នកបង្កហេតុ ហើយចិនគឺជាជនរងគ្រោះ។ សហរដ្ឋអាមេរិកនិងតៃវ៉ាន់បានរួមគ្នាបង្កហេតុមុន ហើយចិនគឺគ្រាន់តែការពារខ្លួនយ៉ាងត្រឹមត្រូវនៅពេលក្រោយមកតែប៉ុណ្ណោះ»។
កន្លងមក ថ្នាក់ដឹកនាំចិនបានបង្ហាញការខឹងសម្បាចំពោះដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះថាជាការគំរាមកំហែងចំពោះស្ថានភាពទំនាក់ទំនងនាពេលបច្ចុប្បន្នរវាងចិននិងតៃវ៉ាន់ដែលកំពុងមានលក្ខណៈប្រោះស្រាំស្រាប់។
ដើម្បីឆ្លើយតបចំពោះដំណើរទស្សនកិច្ចនេះ ចិនបានប្រកាសអំពីការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតជាច្រើននៅម្ដុំកោះតៃវ៉ាន់ ដោយបញ្ជាការដ្ឋានភូមិភាគខាងកើតបានបញ្ជាក់ថា៖ «សមយុទ្ធផ្លូវទឹកនិងផ្លូវអាកាសរួមគ្នានឹងធ្វើឡើងនៅដែនសមុទ្រនិងដែនអាកាសភាគខាងជើង ភាគនិរតី និងភាគអាគ្នេយ៍» នៃកោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បានព្រមានថា ផែនការសមយុទ្ធរបស់ចិនទាំងនេះប៉ះពាល់ដល់កំពង់ផែនិងតំបន់ទីក្រុងសំខាន់ៗនានា៕