នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានធ្វើឱ្យពិភពលោកមានអស្ថិរភាព បន្ទាប់ពីគម្រោងធ្វើទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់បានធ្វើឱ្យប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីខឹងសម្បារមក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអនឡាញថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបង្កឱ្យពិភពលោកមានអស្ថិរភាព»។
ដោយប្រឈមនឹងការដាក់ទណ្ឌកម្មមិនដែលមានពីមុនមកនិងការស្ថិតក្នុងភាពឯកោពីសហគមន៍អន្តរជាតិទាក់ទិននឹងយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ីបានស្វះស្វែងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាងមុនជាមួយនឹងចិន និងបានបង្ហាញសាមគ្គីភាពជាមួយនឹងចិនពាក់ព័ន្ធនឹងរឿងតៃវ៉ាន់។
ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន និងបានបង្ហាញតាមរយៈការព្រមានម្ដងហើយម្ដងទៀតថា ខ្លួននឹងចាត់ទុកដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ថាជាការបង្កហេតុធ្ងន់ធ្ងរ។
ជារឿយៗ មន្ត្រីសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចមិនសម្ញែងឱ្យឃើញទៅកាន់កោះតៃវ៉ាន់ដើម្បីបង្ហាញការគាំទ្រ ប៉ុន្តែដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi លើកនេះនឹងក្លាយជាដំណើរទស្សនកិច្ចដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងដំណើរទស្សនកិច្ចណាៗទាំងអស់របស់មន្ត្រីអាមេរិកនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ៕