គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ ដោយប្រឆាំងនឹងការព្រមានរបស់ចិន។ កន្លងមក ចិនបានគំរាមថានឹងឆ្លើយតបបែបយោធា ប្រសិនបើអ្នកស្រី Pelosi ហ៊ានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
អ្នកស្រី Pelosi បានធ្វើដំណើរទៅដល់តៃវ៉ាន់នៅម៉ោងប្រមាណ ១០ និង ៤៤ នាទីយប់ ម៉ោងនៅតៃវ៉ាន់ ត្រូវនឹងម៉ោង៩ និង៤៤ នាទីយប់ថ្ងៃអង្គារម៉ោងនៅកម្ពុជា។
គេរំពឹងថា អ្នកស្រីនឹងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធស្អែក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានព្រមានកាលពីថ្ងៃចន្ទថា យោធាចិននឹងមិន «នៅស្ងៀម» នោះទេ ប៉ុន្តែនឹងចាត់ «វិធានការតបតខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន»។
កាលពីព្រឹកថ្ងៃអង្គារនេះ យន្តហោះចម្បាំងនិងនាវាចម្បាំងចិនជាច្រើនគ្រឿងបានធ្វើដំណើរចូលទៅជិតខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមប្រភពដែលមិនបញ្ជាក់អត្តសញ្ញាណដែលទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដី។
ប្រភពនេះបានបញ្ជាក់ថា យន្តហោះចម្បាំងចិនបានធ្វើការហោះហើរបែបកលយុទ្ធ «បង្កហេតុធ្ងន់ធ្ងរ» ដោយបានហោះ «ប៉ះ» រយៈពេលខ្លីលើខ្សែបន្ទាត់បែងចែកមិនផ្លូវការនៃព្រំប្រទល់រវាងចិននិងតៃវ៉ាន់នៅច្រកសមុទ្រតៃវ៉ាន់ និងបានហោះត្រឡប់ទៅវិញ។ ទីភ្នាក់ងារព័ត៌មាន Reuters បានបន្ថែមថា តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅពិនិត្យស្ថានការណ៍៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាព។