ខណៈពេលដែលបស្ចិមប្រទេសបង្កើនការដឹកជញ្ជូនសព្វាវុធដើម្បីទៅជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ផ្ដើមការធ្វើសមយុទ្ធរយៈពេល ១០ ថ្ងៃកាលពីថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅនេះជាមួយនឹងនាវាចម្បាំងរបស់រុស្ស៊ី។
នាវាចម្បាំង «Admiral Gorshkov» របស់រុស្ស៊ី ដែលបានធ្វើដំណើរទៅដល់ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូងកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ មានស្លាកអក្សរ «Z» ដែលជានិមិត្តសញ្ញាគាំទ្រសង្គ្រាមរបស់រដ្ឋាភិបាលរុស្ស៊ី។
អ្នករិះគន់នានាបាននិយាយថា រូបភាពនៃទាហានអាហ្វ្រិកខាងត្បូងស្ថិតនៅលើនាវាចម្បាំងរបស់រុស្ស៊ីនៅក្នុងពេលជិតខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះគឺជាសមិទ្ធផលដ៏ជោគជ័យមិនរំពឹងទុកមួយសម្រាប់រដ្ឋាភិបាលរុស្ស៊ីនិងជារឿងដ៏គួរអៀនខ្មាសសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រទេសរបស់លោក Nelson Mandela ដែលជាអ្នកប្រយុទ្ធដើម្បីសេរីភាព។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Liubov Abravitova បានប្រាប់ VOA ថា អ្នកស្រីថ្កោលទោសការធ្វើសមយុទ្ធនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «វាជារឿងដ៏គួរឱ្យបារម្ភយ៉ាងខ្លាំងដែលប្រទេសអាហ្វ្រិកខាងត្បូងរៀបចំសមយុទ្ធយោធាជាមួយនឹងប្រទេស [រុស្ស៊ី] ដែលជាប្រទេសគឃ្លើននិងឈ្លានពាន ដែលប្រើកងទ័ពរបស់ខ្លួនប្រឆាំងនឹងប្រទេស [អ៊ុយក្រែន] ដែលជាប្រទេសមានសន្តិភាព ដោយនាំមកនូវការបំផ្លិចបំផ្លាញនិងព្យាយាមលុបបំបាត់ប្រជាជាតិអ៊ុយក្រែន»។
ប្រទេសអាហ្វ្រិកខាងត្បូងបានការពារជំហរអព្យាក្រឹត្យរបស់ខ្លួនម្ដងហើយម្ដងទៀតទាក់ទិននឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ និងសិទ្ធិរបស់ខ្លួននៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងរុស្ស៊ី ដែលប្រទេសរុស្ស៊ីនេះជាសមាជិកមួយដូចទៅនឹងអាហ្វ្រិកខាងត្បូងផងដែរនៅក្នុងក្រុមប្រទេស BRICS។ ក្រុមប្រទេស BRICS នេះមានប្រទេសជាសមាជិកចំនួន ៥ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Naledi Pandor កាលពីខែមុនបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង និងបាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនឹងមិនចាញ់ការសម្លុតណាមួយឱ្យជ្រើសរើសភាគីណាមួយនោះទេ។
គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (Democratic Alliance) ដែលជាគណបក្សប្រឆាំងនៅប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនៅក្នុងការរៀបចំសមយុទ្ធនេះបានបង្ហាញថា អាហ្វ្រិកខាងត្បូងបានទម្លាក់ចោលនូវការធ្វើពុតណាមួយដែលថាខ្លួនមានអព្យាក្រឹត្យ។
លោក Kobus Marais រដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលស្រមោលរបស់គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យនេះ បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា Mosi ទីពីរនេះ នឹងមិនផ្ដល់ផលប្រយោជន៍ដល់កងទ័ពជើងទឹកដែលចុះខ្សោយរបស់ប្រទេសអាហ្វ្រិកខាងត្បូងនោះទេ ហើយថវិកាចំណាយលើសមយុទ្ធនេះគួរតែចំណាយលើអ្វីផ្សេងប្រសើរជាង។
លោក Marais ថ្លែងដូច្នេះថា៖ «ដោយសារសមត្ថភាពកងទ័ពជើងទឹកនិងធនធានរបស់យើងមានកម្រិត ហើយយើងមានអាទិភាពខ្ពស់ជាងនេះផ្សេងៗទៀត យើងអាចទទួលបានផលប្រយោជន៍តែបន្តិចបន្តួចប៉ុណ្ណោះឬក៏មិនទទួលបានផលប្រយោជន៍តែម្ដងពីសមយុទ្ធ Mosi ទីពីរនេះ ជាពិសេសពីវត្តមាននិងលទ្ធភាពនៃការបាញ់មីស៊ីលលឿនជាងសំឡេង»។
នាវាចម្បាំង Gorshkov របស់រុស្ស៊ីបំពាក់ដោយមីស៊ីល Zircon ដែលជាមីស៊ីលលឿនជាងសំឡេង។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា មីស៊ីលនេះអាចត្រូវគេបាញ់នៅក្នុងអំឡុងពេលសមយុទ្ធនេះ។
មន្ត្រីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានច្រានចោលការអះអាងដែលថាការបាញ់មីស៊ីលនេះគឺជាផ្នែកមួយនៃសមយុទ្ធរយៈពេល ១០ ថ្ងៃនេះ ដែលនៅក្នុងសមយុទ្ធនោះក៏មានការចូលរួមពីកងទ័ពជើងទឹកចិនផងដែរ។
ក្រសួងការពារជាតអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា នេះមិនមែនជាសមយុទ្ធលើកដំបូងនោះទេជាមួយនឹងរុស្ស៊ី និងថាអាហ្វ្រិកខាងត្បូងក៏ធ្លាប់បានចូលរួមនៅក្នុងសមយុទ្ធយោធាជាមួយនឹងសម្ព័ន្ធមិត្តបស្ចិមប្រទេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានបដិសេធការអញ្ជើញឱ្យចូលរួមនៅក្នុងសមយុទ្ធពហុជាតិផ្លូវសមុទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រហ្គីណេ (Gulf of Guinea)។
លោក Steven Gruzd អ្នកជំនាញផ្នែកប្រទេសរុស្ស៊ីនៃវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង (South Africa Institute of International Studies) បាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងភាគីទាំងសងខាង។
លោកថ្លែងដូច្នេះថា៖ «ប្រទេសអាហ្វ្រិកខាងត្បូងមិនសម្លឹងឃើញអនាគតដែលរុស្ស៊ីនិងចិនគឺជាដៃគូដ៏មានសារៈសំខាន់ខ្លាំងនោះទេ ប៉ុន្តែប្រទេសនេះក៏នៅតែព្យាយាមធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមបស្ចិមប្រទេសផងដែរ។ ប្រហែលជាមានបញ្ហាខ្លះដែរ ប៉ុន្តែយើងមិនដឹងថាជាបញ្ហាអ្វី ដោយសារតែសហរដ្ឋអាមេរិកពិតជាមិនសប្បាយចិត្តនៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងចូលរួមនៅក្នុងសមយុទ្ធទាំងនេះ»។
នៅពេលដែលគេសួរឱ្យបញ្ចេញយោបល់លើសមយុទ្ធនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA តាមអ៊ីមែលថា ខ្លួនកត់សម្គាល់លើរឿងនេះដោយក្ដីបារម្ភ «នៅពេលដែលរុស្ស៊ីនៅបន្តការឈ្លានពានដ៏ឃោរឃៅនិងខុសច្បាប់របស់ខ្លួនលើប្រទេសអ៊ុយក្រែន»។
ក្រសួងការបរទេសអាមេរិកបានបន្ថែមថា៖ «យើងលើកទឹកចិត្តប្រទេសអាហ្វ្រិកខាងត្បូងឱ្យធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយនឹងប្រទេសប្រជាធិបតេយ្យដូចគ្នា ដែលមានការប្ដេជ្ញាចិត្តដូចគ្នាចំពោះសិទ្ធិមនុស្សនិងនីតិរដ្ឋ»។
តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក មន្ត្រីសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ រួមជាមួយនឹងទាហានរហូតដល់មួយសែននាក់ឬច្រើនជាងនេះនៃភាគីនីមួយៗ។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអាហ្វ្រិកខាងត្បូងនិងក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងមិនបានឆ្លើយតបចំពោះសំណើសុំឱ្យបញ្ចេញមតិយោបល់នោះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
រុស្ស៊ីធ្វើសមយុទ្ធយោធាជើងទឹកជាមួយអាហ្វ្រិកខាងត្បូងនិងចិន ចំពេលមានការរិះគន់
ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង —