ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក Xi នឹង​មិន​ចូលរួម​សន្និសីទ​កំពូល G20 នៅ​​ឥណ្ឌា ​ខណៈ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​​ធ្លាក់​ចុះ


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល BRICS ឆ្នាំ ២០២៣ នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល BRICS ឆ្នាំ ២០២៣ នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣។

ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​មិន​ចូលរួម​សន្និសីទ​កំពូលរបស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ឬG20នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​សប្តាហ៍​នេះទេ នៅ​ពេល​ដែល​ទំនាក់​ទំនង​ទ្វេភាគីរវាង​ចិន​និង​ឥណ្ឌា​នៅ​មានភាព​មិន​ល្អ។

ជា​ការជំនួស​វិញ លោក​នាយក​រដ្ឋមន្ត្រី Li Qiang នឹង​តំណាង​ឱ្យ​ប្រទេស​ចិន​នៅឯ​ជំនួប​ពី​ថ្ងៃ​ទី៩ដល់​ថ្ងៃ​ទី១០ ខែ​កញ្ញា​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ក្នុងការ​បញ្ជាក់​តែ​មួយ​ប្រយោគ​ប៉ុណ្ណោះ ​នៅ​លើ​គេហទំព័រ​របស់ក្រសួង។

ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​បាន​សោះអង្គើយ​ខ្លាំង​ឡើងដោយ​សារបញ្ហា​ព្រំដែន​ដែល​មាន​ជម្លោះ ហើយ​និង​ការ​តានតឹង​ក្នុង​រយៈពេល​៣ឆ្នាំ​កន្លង​មក​ដោយសារ​ការប៉ះទង្គិចគ្នា​នៅ​ក្នុង​តំបន់ Ladakh ក្នុង​ជួរ​ភ្នំ​ហេមពាន្ត ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​២០នាក់​និង​ទាហាន​ចិន៤នាក់។ ការប៉ះ​ទង្គិច គ្នា​នេះ​បាន​ក្លាយ​ជា​ភាព​មិន​ចាញ់​មិន​ឈ្នះ​រយៈ​ពេល​យូរ​នៅ​ក្នុង​តំបន់​ភ្នំ​ដ៏​យ៉ាប់យ៉ឺន​មួយ​នេះ។

ភាពប្រេះឆារ​ក៏​បាន​កើនឡើង​ដោយសារ​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម​និង​យុទ្ធសាស្រ្ត​របស់​ឥណ្ឌាជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​របស់​ចិន។ ចិន​និង​ឥណ្ឌា​ក៏​បាន​បណ្តេញ​អ្នក​កាសែតរបស់​ពួក​គេរៀងៗ​ខ្លួន​ទៅ​វិញ​ទៅ​មក​ដែរ។​

ឥណ្ឌា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ក្លាយ​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ ដោយវ៉ា​ដាច់ចិន​ ​ហើយ​ប្រទេស​ទាំង​២ជា​គូប្រជែងផ្នែក​បច្ចេកវិទ្យា ការរុករក​អវកាស​និង​ពាណិជ្ជកម្ម​សាកលលោក។

នៅ​ពេល​សួរ​ថា​តើ​ហេតុអ្វី​បាន​ជា​លោក Xi នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ស្រី Mao Ning បាន​បដិសេធ​ពុំ​ព្រម​ឆ្លើយ។

ពួក​មេបញ្ជាការ​ចិន​និង​ឥណ្ឌា​ទើប​បាន​ជួប​គ្នា​កាលពី​ខែ​មុន​ ហើយ​បាន​សន្យា​ថា​នឹង​ថែរក្សា​សន្តិភាព​និង​ភាពស្ងប់ស្ងាត់​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ពួកគេ ក្នុង​ការបង្ហាញ​នៃ​ការ​ខំ​ប្រឹងប្រែង​មួយ​ដោយ​ភាគី​ទាំង២ ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ដល់​ស្ថានភាព​នេះ៕

XS
SM
MD
LG