ប្រធានាធិបតីចិនលោក Xi Jinping ទំនងជានឹងមិនចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G20 ក្នុងប្រទេសឥណ្ឌាក្នុងសប្តាហ៍ក្រោយនេះទេ។ នេះបើតាមប្រភពមួយចំនួនក្នុងប្រទេសឥណ្ឌានិងចិន ដែលបានដឹងរឿងនេះ ហើយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលការវិវត្តនេះជាការបាត់ឱកាសសម្រាប់ជំនួបប្រជុំផ្ទាល់មុខជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅទីនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អវត្តមានរបស់លោក Xi ក៏អាចជាការវាយប្រហារមួយទៅលើប្រទេសម្ចាស់ផ្ទះឥណ្ឌា។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន ដែលមើលឃើញថា វាជាសញ្ញាមួយ ដែលចិនមានភាពស្ទាក់ស្ទើរក្នុងការទទួលស្គាល់ពីឥទ្ធិពលរបស់ប្រទេសឥណ្ឌាក្បែរខាងខ្លួន ដែលជាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើនបំផុតមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ខណៈប្រទេសចិនកំពុងមានសន្ទុះសេដ្ឋកិច្ចយឺតយ៉ាវនោះ។
មន្ត្រីឥណ្ឌាពីររូប ដែលម្នាក់ជាអ្នកការទូតឥណ្ឌាក្នុងប្រទេសចិននិងម្នាក់ទៀតជាមន្ត្រីធ្វើការឱ្យរដ្ឋាភិបាលប្រទេសមួយដែលជាសមាជិកក្រុមប្រទេស G20 បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវគេរំពឹងថា នឹងធ្វើជាតំណាងឱ្យរដ្ឋាភិបាលក្រុងប៉េកំាង នៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 នៅក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ។
ប្រភពពីរក្នុងចំណោមប្រភពទាំងបីក្នុងប្រទេសចិននិយាយថា មន្ត្រីចិនបានប្រាប់ពួកគេជុំវិញរឿងនេះ ប៉ុន្តែពួកគេមិនបានដឹងពីមូលហេតុនៃអវត្តមានរបស់លោក Xi នៅក្នុងកិច្ចប្រជុំនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិននិងឥណ្ឌា មិនបានឆ្លើយតបនឹងសំណើសុំអធិប្បាយជុំវិញរឿងនេះទេ។
នាយករដ្ឋមន្ត្រីចិនលោកLi ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ឬអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញានេះផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Kyodo។
កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា ជាកន្លែងដែលអាចមានការជួបគ្នាមួយរវាងប្រធានាធិបតីចិនលោក Xi និងប្រធានាធិបតីអាមេរិកលោក Biden ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរនេះកំពុងស្វះស្វែងធ្វើឱ្យមានស្ថិរភាពនូវទំនាក់ទំនង ដែលកំពុងមានភាពរកាំរកូសដោយភាពតានតឹងលើបញ្ហាពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយ។ លោក Biden បានបញ្ជាក់ពីការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 នេះ ។
លោក Xi ធ្លាប់បានជួបជាមួយលោកBiden នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «ខ្ញុំសង្ឃឹមថា លោក Xi នឹងចូលរួមក្នុងកិច្ចប្រជុំនេះ»៕