ប៉ូលិសឥណ្ឌាបានធ្វើអន្តរាគមន៍ដោយរារាំងការប្រជុំនៃក្រុមសកម្មជន បញ្ញវន្ត និងអ្នកនយោបាយល្បីឈ្មោះ នៅក្នុងការពិភាក្សាពីបញ្ហាលើសាកលលោកនៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន ២០ ហៅកាត់ថា G-20 ដែលនឹងត្រូវធ្វើឡើងនៅក្រុងញូវដែលី នាខែកញ្ញាខាងមុខនេះ។ នេះបើយោងទៅតាមការលើកឡើងរបស់ក្រុមអ្នករៀបចំការជួបប្រជុំ កាលពីថ្ងៃទី២០ ខែសីហា។
អ្នកចូលរួមជិត ៤០០នាក់ បានចំណាយពេលពីរថ្ងៃ ធ្វើការតស៊ូមតិពីរបៀបវារៈរបស់ក្រុមប្រទេស G-20 និងបញ្ហាចម្បងផ្សេងៗ ដែលប៉ះពាល់ប្រជាជនមួយភាគធំលើពិភពលោក រួមមាន សន្តិសុខស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ សិទ្ធិការងារ ធនធានធម្មជាតិ និងវិសមភាពកាន់តែខ្លាំង។
ការជួបប្រជុំនេះក៏រួមបញ្ចូលវាគ្មិនដែលរិះគន់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងតួនាទីរបស់រដ្ឋាភិបាលរបស់លោកក្នុងការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G-20 ដោយថា រដ្ឋាភិបាលឥណ្ឌាបានប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីជួយជំរុញគណបក្ស Bharatiya Janata Party (BJP) ដែលប្រកាន់និន្នាការជាតិនិយមតាមបែបសាសនាហិណ្ឌូ នៅមុនការបោះឆ្នោតជាតិនាឆ្នាំក្រោយ។
ក្រុមអ្នករៀបចំការប្រជុំ «We20» បាននិយាយថា ពួកគេបានទទួលលិខិតមួយពីនគរបាលក្រុងញូវដែលីកាលពីព្រឹកថ្ងៃទី២០ ខែសីហា ដោយប្រាប់ឱ្យពួកគេបញ្ឈប់ការប្រជុំនេះ ដោយសារតែមិនមានការអនុញ្ញាតសមស្របនៅក្នុងតំបន់ដែលមានសន្តិសុខខ្ពស់។ នេះបើយោងទៅតាមអ្នកស្រី Kavita Kabeer អ្នកនាំពាក្យក្រុមអ្នករៀបចំការប្រជុំនេះ។
សេចក្តីថ្លែងការណ៍ពីក្រុមអ្នករៀបចំការប្រជុំបានលើកឡើងថា៖ «យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើងត្រូវការការអនុញ្ញាតដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ»។
ក្រុមអ្នករិះគន់លោក Modi និយាយថា គោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌាកំពុងស្ថិតក្រោមការគំរាមកំហែង ហើយការវាយប្រហារមកលើសារព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិ គឺមានកាន់តែខ្លាំងនៅក្រោមរដ្ឋាភិបាលរបស់លោក។ រដ្ឋមន្ត្រីក្រោមឱវាទលោក Modi បានច្រានចោលការលើកឡើងដូចនេះ និងថា លទ្ធិប្រជាធិបតេយ្យនៅឥណ្ឌាកំពុងមានភាពរស់រវើកនិងរីកចម្រើន។
អ្នកស្រី Suman Nalwa អ្នកនាំពាក្យម្នាក់របស់នគរបាលក្រុងញូដេលី បានបដិសេធមិនផ្តល់ការអធិប្បាយ។
សារព័ត៌មាន The Hindu បានដកស្រង់សម្តីមន្រ្តីនគរបាលលោក Sanjay Sain ដែលលើកឡើងថា មិនមានការស្នើសុំការអនុញ្ញាតពីសំណាក់មន្រ្តីនគរបាលចំពោះការជួបប្រជុំនោះទេ។
លោក Sain បានថ្លែងថា៖ «ពួកគេបានបោះតង់នៅខាងក្រៅអគារ។ ហើយមានការប្រមូលផ្តុំមនុស្សយ៉ាងច្រើននៅក្នុងទីកន្លែងមួយ ដែលមាត្រា ១៤៤ (ហាមឃាត់ការប្រមូលផ្តុំមនុស្សពីបួននាក់ឡើងទៅ» ត្រូវបានចែងឡើង»។
សេចក្តីថ្លែងការណ៍របស់ក្រុមអ្នករៀបចំបានរៀបរាប់ថា ប៉ូលិសក៏បានព្យាយាមបង្អាក់ការប្រជុំកាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ដោយរារាំងពលរដ្ឋមិនឱ្យអាចទៅដល់ទីតាំងជួបប្រជុំ ប៉ុន្តែកម្មវិធីនៅតែបន្តធ្វើឡើងដូចការត្រៀមទុក។
លោក Jairam Ramesh សមាជិកសភាពីគណបក្សប្រឆាំង Congress បាននិយាយថា ជា «រឿងដ៏អស្ចារ្យមិនគួរជឿដែលប៉ូលិសក្រុងញូដែលីរារាំងពលរដ្ឋមិនឱ្យចូលរួមការប្រជុំ We20»។
ចំណែកលោក A. Raja មេដឹកនាំគណបក្សកុម្មុយនីស្តឥណ្ឌា បាននិយាយថា ទង្វើរបស់ប៉ូលិសគឺជា ការវាយប្រហារលើសេរីភាពក្នុងការបញ្ចេញមតិ។
ក្រុមអ្នករៀបចំការប្រជុំ We20 បាននិយាយថា កិច្ចប្រជុំកំពូល G-20 គឺជា «ព្រឹត្តិការណ៍ផ្សារភ្ជាប់ទំនាក់ទំនងប្រកបដោយប្រជាប្រិយភាពមួយសម្រាប់អ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាច ក្រោមលេសជួយសង្រ្គោះពិភពលោក»។
មេដឹកនាំគណបក្សកុម្មុយនីស្តឥណ្ឌាអ្នកស្រី Brinda Karat បាននិយាយថា រដ្ឋាភិបាលឥណ្ឌាបានពង្រឹងយុទ្ធនាការផ្សព្វផ្សាយនៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេស G-20 ដើម្បីបង្ហាញពីអំណាចកាន់តែខ្លាំងឡើងរបស់ឥណ្ឌានៅលើសាកលលោកក្រោមលោក Modi។
ក្រុមអ្នករិះគន់ក៏បានបង្ហាញមន្ទិលចំពោះអ្វីដែលជាផលប្រយោជន៍នៃកិច្ចប្រជុំ G-20 និងនរណានឹងទទួលបានផលប្រយោជន៍នេះ។
អ្នកស្រី Roma Malik នៃសហជីពពលករ All India Union of Forests' Working People បាននិយាយថា៖ «កិច្ចប្រជុំកំពូល G-20 ត្រូវបានរៀបចំឡើងដើម្បីធានាផលប្រយោជន៍សាជីវកម្មរបស់ក្រុមមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ។ យើងត្រូវធ្វើការការពារផលប្រយោជន៍ សិទ្ធិ ធនធានព្រៃឈើ និងធនធានទឹករបស់យើង»៕
ប្រែសម្រួលដោយ លោក ណឹម សុភ័ក្រ្តបញ្ញា