ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទដ៏មានឥទ្ធិពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប់នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចរបស់លោក Xi នេះ ត្រូវគេរំពឹងថានឹងឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយដំណើរទស្សនកិច្ចនេះបានរងការរិះគន់ពីសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងជាច្រើនដែលមានទឹកប្រាក់ប្រហែល ៣០ពាន់លានដុល្លារនឹងត្រូវចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលប្រទេសចិនស្វះស្វែងបង្កើនសេដ្ឋកិច្ចរបស់ខ្លួនដែលរងប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងស្របពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ជំរុញឱ្យមានការធ្វើពិពិធកម្មសម្ព័ន្ធភាពសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Xi ដែលបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ត្រូវបានព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ព្រះជន្ម ៣៧ ព្រះវស្សាចាប់ដៃស្វាគមន៍នៅឯព្រះរាជវាំង Yamamah។ ព្រះអង្គម្ចាស់ bin Salman គឺជាមេដឹកនាំជាក់ស្ដែងនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឥន្ធនៈច្រើនជាងគេបំផុតនៅលើពិភពលោក។
ថ្នាក់ដឹកនាំអារ៉ាប់នានាក៏បានចាប់ផ្ដើមធ្វើដំណើរមកជួបជុំគ្នានៅក្នុងរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីតផងដែរមុនកិច្ចប្រជុំជាមួយនឹងលោក Xi ចូលមកដល់។ លោក Xi នឹងជួបពិភាក្សាគ្នាដោយឡែកជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស (GCC) មុនពេលលោកបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃសុក្រខាងមុខ។
ប្រទេសចិនដែលជាប្រទេសទិញប្រេងឥន្ធនៈច្រើនជាងគេបំផុតពីប្រទេសអារ៉ាប៊ីសាអូឌីត បានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងតំបន់មជ្ឈិមបូព៌ា។ តំបន់នេះគឺជាតំបន់ដែលពឹងផ្អែកលើសហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយសម្រាប់ការការពារផ្នែកយោធា ប៉ុន្តែកន្លងមកបានបង្ហាញការព្រួយបារម្ភថា វត្តមានរបស់សហរដ្ឋអាមេរិកអាចត្រូវបានកាត់បន្ថយ។
បន្ទាប់ពីលោក Xi បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីកិច្ចព្រមព្រៀងវិនិយោគចំនួន ៣៤ លើផ្នែកមួយចំនួនដូចជាឧស្ម័នអ៊ីដ្រូសែនដែលល្អចំពោះបរិស្ថាន បច្ចេកវិទ្យាព័ត៌មាន ការដឹកជញ្ជូន និងសំណង់ជាដើម។
ទីភ្នាក់ងារសារព័ត៌មាន Saudi Press ដែលជាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត មិនបានផ្ដល់ព័ត៌មានលម្អិតណាមួយនោះទេទាក់ទិននឹងកិច្ចព្រមព្រៀងទាំងនេះ ប៉ុន្តែបានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុបចំនួន ៨០ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២១ និង ២៧ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ នេះ។
ប្រព័ន្ធផ្សព្វផ្សាយ Al Ekhbariya របស់រដ្ឋនៃប្រទេសអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា កិច្ចព្រមព្រៀង ២០ ទៀត ដែលបានទឹកប្រាក់ ២៩.៣០០ លានដុល្លារអាមេរិក គ្រោងនឹងត្រូវចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ៕