ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចិន​​សាទរ​ខណៈ​រដ្ឋាភិបាល​បន្ធូរ​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ ​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​​គោលនយោបាយ​ដ៏​សំខាន់


ប្រជាជន​ចិន​ពាក់ម៉ាស​ឈរតម្រង់​ជួរ​ដើម្បី​រង់ចាំ​ធ្វើ​តេស្ត​កូវីដ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២។
ប្រជាជន​ចិន​ពាក់ម៉ាស​ឈរតម្រង់​ជួរ​ដើម្បី​រង់ចាំ​ធ្វើ​តេស្ត​កូវីដ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២។

ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធនេះ​ ពី​ការ​ផ្លាស់​ប្តូរដ៏​ធំនៃ​គោលនយោបាយ​ប្រឆាំង​ជំងឺកូវីដ១៩​របស់​ខ្លួន​ ចាប់​តាំង​ពី​ជំងឺ​នេះចាប់​ផ្តើម​រាតត្បាត​កាល​ពី​៣​ឆ្នាំ​មុន​ ដោយ​បន្ធូរបន្ថយ​បទបញ្ញតិ្ត​មួយ​ចំនួនក្នុង​ការ​ទប់​ទល់​នឹង​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​នេះ ដែល​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​២របស់​ពិភពលោកមួយ​នេះ និង​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​ជា​ច្រើនពី​សំណាក់​ពលរដ្ឋចិន។ នេះ​បើយោង​ទៅ​លើ​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន Reuters។ ​

ការ​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​ឆ្លង​ជំងឺកូវីដ​ ​មាន​រោគសញ្ញា​បន្តិចបន្តួច​ឬ​ក៏​គ្មាន​នោះ អាចធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ខ្លួន និង​ឈប់​ធ្វើ​តេស្តដល់ពលរដ្ឋដែល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ដែល​នេះ​ជា​សញ្ញា​ដ៏​ធំ​បំផុត​មួយ​មិន​ធ្លាប់​មាន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​រៀបចំ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​សរុប​ទាំង​អស់​ប្រមាណ​១,៤​ពាន់​លាន​នាក់​ អាច​រស់​នៅ​ជា​មួយ​ជំងឺកូវីដ​១៩​។​

បើទោះ​បីជា​ព្រំដែន​នៅ​តែ​បិទ​ក្តី​ ពលរដ្ឋ​ចិន​ជា​ច្រើន​បាន​អបអរ​សាទរ​ការ​ផ្លាស់​ប្តូរ​នេះ​ ដែលអាចជួយ​ដល់​ប្រទេស​ចិនឱ្យ​ងើប​ឡើង​វិញជា​បណ្តើរៗ​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​រយៈពេល​៣​ឆ្នាំ​នៃការ​ផ្ទុះ​វីរុស​នៃ​ជំងឺកូវីដ១៩​ នៅ​ទី​ក្រុង ​Wuhan ​ដែល​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន។​

ការ​ប្រកាសរបស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​កែប្រែ​គោលនយោបាយ​របស់​ខ្លួន​ជុំវិញ​ជំងឺកូវីដ១៩​នេះ​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ សម្រាប់​អ្នក​ចូលមើល​នៅលើ​បណ្តាញ​សង្គម ​Weibo​ របស់​ចិន​ ដោយ​ពលរដ្ឋ​ចិន​ជា​ច្រើន​បាន​អបអរសាទរ​ចំពោះ​ការ​អនុញ្ញាតបើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើងវិញ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ នៅ​តែ​បារម្ភ​ពីការ​ឆ្លង​ដែល​អាច​រីកកាន់​តែខ្លាំង​ផង​ដែរ។​

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​អ្នកវិភាគ​ក៏​បាន​ស្វាគមន៍​ការ​ផ្លាស់ប្តូរ​នេះ ​ដែល​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ចនិង​រូបិយបណ្ណ​ចិន​ដែលកំពុង​ចុះខ្សោយ​ និងជួយ​ជំរុញ​ការ​រីកចម្រើនជា​សាកល​ផង​ដែរ។​

ពលរដ្ឋ​ចិន​បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ាក្នុង​ទី​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ក្នុង​ពេល​កន្លង​ទៅ​ ជុំវិញ​គោលនយោបាយ​ដ៏​តឹងរឹង​ទាក់ទង​នឹង​ជំងឺកូវីដ១៩ ​កាល​ពី​ខែ​មុន​ ​ដែលជា​អ្វី​ដែល​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្តរបស់​សាធារណជន​ចិន ចាប់​តាំង​ពី​លោក Xi Jinping ឡើង​កាន់​អំណាចក្នុង​ឆ្នាំ​២០១២​មក៕

XS
SM
MD
LG