នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារកន្លងទៅនេះ។
នេះគឺជាលើកដំបូងបង្អស់ដែលមេដឹកនាំអូស្ត្រាលីបានជួបពិភាក្សាផ្លូវការជាមួយនឹងប្រធានាធិបតីចិនតាំងពីឆ្នាំ ២០១៦ មក។
អ្នកជំនាញនានាបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៦ មក ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលីនិងចិនបាន «ជាប់គាំងយ៉ាងខ្លាំង» ដោយសារតែជម្លោះជាច្រើនផ្នែកនយោបាយនិងពាណិជ្ជកម្ម។
គេឃើញមានការចោទប្រកាន់ថា ចិនបានជ្រៀតជ្រែកនៅក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលីនិងបានប្រព្រឹត្តិអំពើចារកម្មតាមអ៊ីនធឺណិត។ រដ្ឋាភិបាលចិនបានច្រានចោលការចោទប្រកាន់ទាំងនេះ និងក្រោយមកបានចោទរដ្ឋាភិបាលអូស្ត្រាលីវិញថា «ជ្រួលច្រាល់ប្រឆាំងនឹងចិន»។
ទំនាក់ទំនងទ្វេភាគីនេះនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតទាក់ទិននឹងក្ដីបារម្ភរបស់អូស្ត្រាលីលើប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសចិននៅក្នុងតំបន់ Xinjiang លទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង និងមហិច្ឆតារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនិងតំបន់ប៉ាស៊ីហ្វិក។
កន្លងមក ការអំពាវនាវរបស់ប្រទេសអូស្ត្រាលីឱ្យមានការស៊ើបអង្កេតអន្តរជាតិលើប្រភពជំងឺកូវីដ១៩ បានធ្វើឱ្យចិនអាក់អន់ចិត្ត ដោយចិនបានចាត់ទុកការអំពាវនាវនេះថាជាការរិះគន់លើវិធានការរបស់ខ្លួននៅក្នុងការគ្រប់គ្រងជំងឺនេះ។
លោក Albanese បានថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនឹងលោក Xi រួចមកថា ជំនួបនេះមានលក្ខណៈវិជ្ជមាន។
លោក Albanese និយាយដូច្នេះថា៖ «ការពិភាក្សានេះមានលក្ខណៈវិជ្ជមាននិងប្រកបដោយផ្លែផ្កាខ្លាំង។ ខ្ញុំសប្បាយចិត្តដែលការពិភាក្សានេះត្រូវបានធ្វើឡើង។ យើងដឹងថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី។ ទំហំពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយចិនគឺធំជាងទំហំពាណិជ្ជកម្មរវាងអូស្ត្រាលីជាមួយនឹងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ចូលគ្នាទៅទៀត។ ដូច្នេះ វាជាទំនាក់ទំនងដ៏សំខាន់មួយសម្រាប់ប្រទេសអូស្ត្រាលី»។
អ្នកជំនាញនានាបាននិយាយថា ការពិភាក្សារបស់លោក Albanese ជាមួយនឹងលោក Xi នៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នេះ ទំនងជាមិនធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងភ្លាមៗនោះទេ ប៉ុន្តែនេះគឺជាការចាប់ផ្ដើមដ៏វិជ្ជមានមួយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្ត្រាលីលោក Jim Chalmers បានប្រាប់បណ្ដាញព័ត៌មាន ABC របស់អូស្ត្រាលីកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអូស្ត្រាលីចង់បាននូវទំនាក់ទំនងមួយដែលមានលក្ខណៈបើកចំហនិងរឹងមាំជាមួយនឹងចិន។
លោក Chalmers ថ្លែងដូច្នេះថា៖ «យើងមិនមែនធ្វើពុតជាមិនដឹងថាយើងមានការខ្វែងគំនិតគ្នានោះទេ។ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងប្រទេសយើងទាំងពីរ ហើយយើងនឹងនិយាយឡើងដើម្បីផលប្រយោជន៍ជាតិរបស់យើងនូវចំណុចណាដែលជាការចាំបាច់។ ប៉ុន្តែ យើងជឿថាការប្រឡូកជាមួយគ្នាគឺជារឿងសំខាន់»។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏មានតម្លៃបំផុតរបស់ប្រទេសអូស្ត្រាលី។ ទណ្ឌកម្មរបស់ប្រទេសចិនបានធ្វើឱ្យប្រទេសអូស្ត្រាលីបាត់បង់ទឹកប្រាក់អស់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការនាំចេញស្រូវសាឡី ស្រា និងទំនិញកសិកម្មចម្បងៗផ្សេងទៀត។
អ្នកវិភាគនានាបាននិយាយថា ទំនាក់ទំនងការទូតទ្វេភាគីទំនងជានៅមានភាពតានតឹងដដែល ដោយសារតែសម្ព័ន្ធភាពផ្នែកយោធាដ៏ជិតស្និទ្ធរបស់អូស្ត្រាលីជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ពួកគេបានបញ្ជាក់ថា ទំនាក់ទំនងដែលមានភាពស្និទ្ធស្នាលនិងស្ថិរភាពដែលមានការទាក់ទងគ្នាច្រើនជាងមុននឹងផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
មេដឹកនាំអូស្ត្រាលីនិងចិនជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំនៃក្រុមប្រទេស G-20
- Phil Mercer
ទីក្រុង Sydney ប្រទេសអូស្ត្រាលី —