ចិននិយាយថា ការហោះហើររបស់យន្តហោះយោធាសហរដ្ឋអាមេរិកលើច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃចន្ទ«ធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាព»នៅក្នុងតំបន់។
ទីបញ្ជាការខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានឃ្លាំមើលយ៉ាងដិតដល់នូវការយាមល្បាត និងយន្តហោះស៊ើបការណ៍របស់កងនាវាសហរដ្ឋអាមេរិកនៅពេលដែលវាបានហោះពីលើផ្លូវទឹកដែលបែងចែករវាងចិនដីគោកនិងកោះតៃវ៉ាន់។ ទីបញ្ជាការនោះបានបញ្ជាក់ថា «ការហោះហើរនោះបានជ្រៀតជ្រែកដោយចេតនានិងបានបង្អាក់ឆាឆៅដល់ស្ថានភាពនៅក្នុងតំបន់ហើយនឹងធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
សេចក្តីថ្លែងការណ៍នោះក៏បានព្រមានដែរថា កងកម្លាំងនៅក្នុងតំបន់«បានរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាហើយនឹងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាដាច់ខាត»។
កងនាវាទី៧របស់សហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា យន្តហោះបានហោះលើច្រកសមុទ្រក្នុងផ្ទៃអាកាសអន្តរជាតិ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា៖ «សហរដ្ឋអាមេរិកនឹងបន្តហោះហើរ បើកបរនាវានិងធ្វើប្រតិបត្តិការនៅទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាតរួមទាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផង»។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការធ្វើដូច្នេះ សហរដ្ឋអាមេរិកធ្វើទៅតាមសិទ្ធិនិងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសជាតិទាំងអស់។
ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីកោះនេះបានគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩ក៏ដោយ នៅពេលដែលកងទ័ពជាតិនិយមរបស់លោក ជៀង កៃជៀក បានរត់គេចខ្លួនទៅកាន់ទីនោះនៅពេលដែលពួកគេត្រូវបានពួកកុម្មុយនិស្តរបស់ ម៉ៅ សេទុង បានបណ្តេញចេញពីចិនដីគោក។ ចិនបានសន្យាថានឹងនាំយកកោះតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនតាមមធ្យោបាយណាក៏ដោយ រួមទាំងការត្រួតត្រាតាមកម្លាំងយោធាផង។
ចិនបានធ្វើសមយុទ្ធយោធាតាមអាកាសនិងនាវាជាច្រើនលើកនៅជិតកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះដើម្បីបំភិតបំភ័យកោះនោះកុំឱ្យប្រកាសឯករាជ្យជាផ្លូវការ។ ចិនក៏បានដាក់សម្ពាធខាងការទូតលើប្រទេសនានាដើម្បីធ្វើឱ្យពួកគេកាត់ផ្តាច់ចំណងទាក់ទងការទូតជាមួយកោះតៃវ៉ាន់៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានThe Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។