ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅសេតវិមាន នៅថ្ងៃទី១៣ ខែមករា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង អ៊ុយក្រែន ភាពតានតឹងរបស់ចិនជាមួយកោះតៃវ៉ាន់ និងឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃអង្គារ។
សេតវិមានបានបន្ថែមថាមេដឹកនាំទាំងពីរនឹងពិភាក្សាអំពី «បញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងអាវុធប្រល័យលោកខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងកម្មវិធីមីស៊ីលផ្លោង សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
ជំនួបរវាងទីក្រុងវ៉ាស៊ីនតោន និងដៃគូអាស៊ីដ៏សំខាន់របស់ខ្លួនក្នុងការក្រោកឈរឡើង ទប់ទល់នឹងការកើនឡើងអំណាចរបស់ចិន កើតឡើងនៅពេលដែលមានការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង និងការអំពាវនាវឱ្យមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងពេលបច្ចុប្បន្ននេះ ធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកព្រួយបារម្ភនៅក្នុងតំបន់។
លោក Kishida គ្រោងនឹងពិភាក្សាអំពីគោលនយោបាយសន្តិសុខថ្មីរបស់ទីក្រុងតូក្យូ ដែលបានបង្ហាញនៅក្នុងខែធ្នូអំពីការកសាងយោធាដ៏ធំបំផុតរបស់ជប៉ុន ចាប់តាំងពីសង្គ្រាមលោកលើកទី ២។ នេះបើតាមការផ្សាយរបស់ កាសែតប្រចាំថ្ងៃ Yomiuri របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនដែលមិនបញ្ចេញអត្តសញ្ញាណជាច្រើននាក់។
សេតវិមានបាននិយាយថា លោក Biden នឹងបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រពេញលេញរបស់លោកចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុនដែលទើបចេញផ្សាយថ្មីៗនេះ៕