យន្តហោះចំនួន ៧១ គ្រឿងរបស់កងទ័ពជើងអាកាសចិន ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំងនិងដ្រូនផងដែរ បានហោះចូលតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃចន្ទនេះ។
យន្តហោះចំនួន ៤៣ គ្រឿងក្នុងចំណោមនោះក៏បានហោះកាត់ខ្សែបន្ទាត់ពាក់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ដែលជាខ្សែបន្ទាត់ទ្រនាប់មិនផ្លូវការរវាងភាគីទាំងពីរស្ថិតក្នុងរង្វង់តំបន់ការពារដែនអាកាសនេះ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅក្នុងរបាយការណ៍មួយ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់តៃវ៉ាន់បានរាយការណ៍ថា នេះគឺជាការលុកលុយដ៏ធំបំផុតដោយកងទ័ពជើងអាកាសរបស់ចិនគិតមកទល់នឹងពេលនេះ បើទោះបីជាមិនមានការយល់ឃើញនៅតៃវ៉ាន់ថានេះជាស្ថានការណ៍បន្ទាន់ក៏ដោយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធលើតៃវ៉ាន់។
ប្រទេសចិន ដែលអះអាងថាតៃវ៉ាន់ជាដែនដីរបស់ខ្លួននោះ បានបញ្ជាក់ថាខ្លួនបានធ្វើ «សមយុទ្ធវាយប្រហារ» នៅឯសមុទ្រនិងដែនអាកាសជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនថា ជាការបង្កហេតុពីកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក។
តៃវ៉ាន់ ដែលច្រានចោលការអះអាងរបស់ចិនរឿងអធិបតេយ្យរបស់ខ្លួន បានបញ្ជាក់ថា សមយុទ្ធនេះបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលចិនបានបំផ្លាញដល់សន្តិភាពនៅក្នុងតំបន់និងព្យាយាមបំភ័យប្រជាពលរដ្ឋតៃវ៉ាន់។
ខុទ្ទកាល័យរបស់ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានបញ្ជាក់ថា អ្នកស្រី Tsai នឹងកោះប្រជុំកម្រិតខ្ពស់ស្ដីពីសន្តិសុខជាតិនៅព្រឹកថ្ងៃអង្គារស្អែក ដើម្បីពិភាក្សាអំពីការពង្រឹងប្រព័ន្ធការពារស៊ីវិលរបស់កោះតៃវ៉ាន់ ហើយបន្ទាប់មកនឹងធ្វើសន្និសីទកាសែតអំពីវិធានការថ្មីៗស្ដីពីការការពារស៊ីវិល។
ការលើកឡើងនេះមិនបានផ្ដល់ព័ត៌មានលម្អិតណាមួយទេ ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាខ្លួនកំពុងពិចារណាបន្តទៅមុខបន្ថែមទៀតនូវកាតព្វកិច្ចយោធាដ៏ចាំបាច់ខានមិនបានឱ្យហួសពីរយៈពេល ៤ ខែ ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងភាពតានតឹនកើនឡើងជាមួយនឹងចិនបានធ្វើឱ្យមានការពិភាក្សាជាថ្មីអំពីវិធីនៅក្នុងការឆ្លើយតបចំពោះសម្ពាធយោធារបស់ចិន៕