ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​លក់​ប្រព័ន្ធ​ប្រឆាំង​រថគ្រោះ​ដល់​កោះតៃវ៉ាន់​ ខណៈ​មាន​ការ​គំរាម​កាន់​តែខ្លាំង​ពី​ចិន​ដីគោក


រូបឯកសារ៖ កងទ័ពអាមេរិកកំពុងរៀបចំការហ្វឹកហាត់ប្រព័ន្ធ Volcano តាមឧទ្ធម្ភាគចក្រ UH-60 Blackhawk នៅមូលដ្ឋានទ័ព Makua Range នៅកោះហាវ៉ៃ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។ (U.S. Army photo by Sgt. Sarah D. Sangster)
រូបឯកសារ៖ កងទ័ពអាមេរិកកំពុងរៀបចំការហ្វឹកហាត់ប្រព័ន្ធ Volcano តាមឧទ្ធម្ភាគចក្រ UH-60 Blackhawk នៅមូលដ្ឋានទ័ព Makua Range នៅកោះហាវ៉ៃ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។ (U.S. Army photo by Sgt. Sarah D. Sangster)

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកបានយល់ព្រម​លក់ប្រព័ន្ធ​ពង្រាយ​គ្រាប់មីន​ប្រឆាំង​រថក្រោះ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ ស្របពេល​កំពុង​មាន​ការ​គំរាម​កំហែងយោធាកាន់តែ​កើន​ខ្លាំង​ឡើង​ពីប្រទេស​ចិន​ដីគោក។​ នេះបើតាម​សេចក្តីរាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅ​នេះ​ថា​ ប្រព័ន្ធ​ភ្នំភ្លើង​ ឬ Volcano system នេះ​និង​ឧបករណ៍​ពាក់ព័ន្ធ​ទាំង​អស់​ផ្សេងៗ​ទៀត​ មាន​តម្លៃប្រមាណ​ ១៨០ លាន​ដុល្លារ​អាមេរិក។

ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​ដាក់​ពង្រាយ​គ្រាប់​មីន​ប្រឆាំង​រថគ្រោះ​ ឬ​មីនប្រឆាំង​មនុស្ស​ ចេញ​ពី​រថយន្ត​ ឬតាម​ឧត្ថម្ភាគចក្រ​ពី​លើ​អាកាស​ក៏​បាន​ផង​ដែរ​។ នេះ​ជា​ប្រភេទ​អាវុធ​មួយ​បែប​ ដែល​អ្នក​ជំនាញ​ជឿថា​ កោះ​តៃវ៉ាន់​ត្រូវការ​យ៉ាងខ្លាំង ដើម្បី​ទប់ទល់​នឹង​ការ​ចូល​ឈ្លានពាន​ណា​មួយ​ពី​ប្រទេស​ចិន​ ដែល​អាច​កើតមាន​ឡើង​ក្នុង​ពេល​ខាង​មុខ។

ក្នុង​ការបង្ហាញ​នូវ​ការ​គំរាម​កំហែង​របស់​ខ្លួននោះ ចិន​បាន​បញ្ជូន​យន្តហោះ​យោធាចំនួន ៧១​ គ្រឿង​និង​នាវា​ចម្បាំង​ ៧​ គ្រឿង នៅក្នុង​ការបង្ហាញកម្លាំងដោយ​ផ្ទាល់​ទៅ​ជិតកោះ​តៃវ៉ាន់​ ក្នុងរយៈពេល​ ២៤​ ម៉ោង​ចុងក្រោយ​នេះ​ ដោយ​ចិនអះអាង​ថា​ កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​នេះ​ ជា​ផ្នែក​មួយនៃ​ទឹកដី​របស់​ចិន​ដី​គោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លងទៅ​នេះ។

ការធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​យោធា​របស់​ចិន​ដីគោក​ទៅ​លើ​កោះតៃវ៉ាន់​មាន​សភាពកាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដោយ​មេដឹកនាំ​ចិនក៏​បាន​ប្រើប្រាស់​នូវ​វោហាសាស្ត្រ​វាយប្រហារតៃវ៉ាន់ផង​ដែរ​ ដោយ​និយាយ​ថា​ កោះមួយ​នេះ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​តែ​ពី​ទទួល​យក​នូវ​ការគ្រប់គ្រងរបស់​ចិន​ដីគោក​នៅ​ពេល​ណា​មួយ​នោះ។

ការណ៍​នេះបាន​ធ្វើ​ឱ្យ​គណបក្ស​កុម្មុយនីស្ត​ដែល​កំពុង​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​ចិន​បង្កើនឥទ្ធិពល​វិស័យ​យោធារបស់​ខ្លួន​ ហើយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​បញ្ជូន​យន្តហោះនិង​នាវា​ចម្បាំងទៅ​គៀកៗ​នឹង​កោះតៃវ៉ាន់​ស្ទើរតែ​រៀងរាល់​ថ្ងៃ។

ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់​និយាយ​ថា​នៅ​រវាង​ម៉ោង​ ៦ ព្រឹក​ថ្ងៃអាទិត្យដល់​ម៉ោង​ ៦​ ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ចិន​បាន​បញ្ជូន​យន្តហោះចំនួន​ ៤៧ ​គ្រឿង ឆ្លងកាត់​ខ្សែបន្ទាត់​ចែក​ច្រក​សមុទ្រ​តៃវ៉ាន់​ ដែល​ជា​ព្រំដែន​ទឹកមិន​ផ្លូវ​ការដែល​ប្រទេស​ទាំង​ពីរ​បាន​ទទួល​ស្គាល់​ក្នុង​ពេល​កន្លង​ទៅ។

ទង្វើ​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​ចិន​បាន​ក្តៅក្រហាយ​នឹង​ខ្លឹមសារ​ខ្លះ​នៃច្បាប់​ចំណាយ​ប្រចាំ​ឆ្នាំ​នៃ​ការការពារ​ជាតិ​អាមេរិក​នៅ​ក្នុង​អ្វី​ដែល​បាន​ក្លាយ​ជាការ​អនុវត្ត​បទដ្ឋាន​ប្រឆាំង​នឹងប្រទេស​ចិន។

ប្រទេស​ចិន​ក៏​បាន​ធ្វើ​សមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ​ដែល​មានការបាញ់​គ្រាប់ពិតៗផង​ដែរ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ចរបស់​ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ លោក​ស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់៕

XS
SM
MD
LG