ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​រវាង​លោក Biden និង​លោក Xi ផ្តោត​លើ​កោះតៃវ៉ាន់ ពាណិជ្ជកម្ម​និង​សិទ្ធិ​មនុស្ស


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់​ដៃ​គ្នា​នៅ​មុន​ជំនួប​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ G-20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខ​វិច្ឆិកា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់​ដៃ​គ្នា​នៅ​មុន​ជំនួប​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ G-20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខ​វិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថាលោក​មិនជឿ​ថាមេដឹកនាំ​ចិន​មាន​ផែន​ការ​ធ្វើ​ការវាយប្រហារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទៅ​លើ​កោះតៃវ៉ាន់​នោះឡើយ​ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនៅ​តែតាំងចិត្ត​ថែរក្សា​សន្តិភាពនៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌ មាន​មួយ​ ក្រោយ​ជំនួប​រយៈពេល​ប្រមាណ៣ម៉ោង​កន្លះ​ជា​មួយប្រធានាធិបតី​ចិន​លោកXi Jinping នៅ​ក្នុង​សណ្ឋាគារ​នៅ​មាត់សមុទ្រ​នៅលើ​កោះ​បាលី​ថា​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការប្រកួតដ៏​ខ្លាំង​ជា​មួយ​ចិន​នៅ​លើ​ឆាក​អន្តរជាតិ«ប៉ុន្តែ​ខ្ញុំ​មិនសម្លឹងទៅ​រកការបង្កើតឱ្យ​មាន​ជម្លោះ​នោះ​ឡើយ។ ខ្ញុំ​សម្លឹង​ទៅរក​ការគ្រប់គ្រងការប្រកួត​ប្រជែង​នេះ​ដោយភាព​ទទួល​ខុសត្រូវ»។

ភាពតានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​បាន​កើត​មាន​ឡើងក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​រដ្ឋាភិ បាល​ក្រុង​ប៉េកាំងបាន​បញ្ជូនយន្តហោះ​ចម្បាំង​របស់​ខ្លួន​ទៅ​ជិត​ដែន​អាកាស​របស់​កោះ តៃវ៉ាន់​និង​បាន​បាញ់​កាំជ្រួច​មីស៊ីលទៅ​លើ​ដែន​ទឹក​ជិត​កោះ​នេះ​ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ចរបស់​ប្រធាន​រដ្ឋសភា​អាមេរិក​លោក​ស្រី Nancy Pelosi កាល​ពី​ខែ​សីហា​កន្លង​ទៅ។

ក្រសួង​ការបរទេស​ចិនបាន​បញ្ជាក់​ថា​លោក Xi បាន​ស្នើ​ទៅ​លោក Biden ឱ្យ​គោរព​នូវ​ការសន្យា​របស់​លោក​ដែល​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​គាំទ្រ​ការប្រកាស​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​នោះឡើយ​ហើយ​សហរដ្ឋ​អាមេរិក​ក៏​មិនត្រូវមាន​បំណង​ប្រើប្រាស់​កោះ​តៃវ៉ាន់​ជា​ឧបករណ៍​ដើម្បី​ទប់ទល់​ជា​មួយ​ចិន​នោះ​ឡើយ។

ខ្លឹមសារ​នៃលទ្ធផល​នៃ​កិច្ចប្រជុំរបស់មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ផ្សព្វផ្សាយ​ដោយ​ចិន​នោះបាន​បញ្ជាក់​ថា«នេះ​ជា​គោលបំណង​រួមរបស់​ប្រជាជន​ចិន​ដើម្បី​ការពារឯកភាព​ជាតិ​និង​បូរណភាព​ទឹក​ដីរបស់​ចិន។ អ្នក​ដែល​ចង់​បំបែក​តៃវ៉ាន់ចេញពីប្រទេស​ចិន​នោះ គឺ​ជា​ការប្រឆាំង​ទៅ​នឹង​ផលប្រយោជន៍ជាតិចិន។ ប្រជាពលរដ្ឋចិននឹង​មិនយល់​ស្រប​នេះ​ឡើយ»។

បណ្តា​ដៃគូ​ពាណិជ្ជកម្មនៃ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការបារម្ភ​ថា​ភាព​តានតឹងនិង​ការ​ដាក់​បម្រាម​ទៅ​លើ​ការ​នាំចេញ​ថ្មីរបស់​អាមេរិក​លើបន្ទះ​លោហធាតុ semiconductor អាច​នឹង​បង្ខំដល់​ប្រទេស​នានា​ត្រូវ​ជ្រើសរើស​នៅ​ខាង​ប្រទេស​ណា​មួយ។ លោក Biden បាន​ព្យាយាម​ធ្វើការធានាដល់​ប្រទេស​ចិន​ ដោយ​និយាយ​ថា​បើទោះបី​ជា​មាន​ភាពតានតឹងជុំវិញច្រក​សមុទ្រ​តៃវ៉ាន់​និង​បញ្ហា​ផ្សេង ៗមួយ​ចំនួន​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​មាន​ការតាំង​ចិត្ត​លើ​ដំណោះ​ស្រាយ​ការទូត។

លោក Biden បាន​បញ្ជាក់​ថា«ខ្ញុំ​ជឿជាក់​ថា​យើង​មិន​ត្រូវ​មាន​សង្គ្រាមត្រជាក់ថ្មី​មួយ​ជា មួយ​ប្រទេស​ចិននោះ​ឡើយ​»។ ខ្ញុំ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់ហើយ​ថា​ យើង​ចង់ដោះ ស្រាយ​នូវ​បញ្ហា​ច្រកសមុទ្រ​តៃវ៉ាន់​ដោយ​សន្តិវិធី»។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ សហរដ្ឋអាមេរិកបាន​ផ្តល់​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះតៃវ៉ាន់ដើម្បី​ការពារ​ខ្លួន​ បើ​ទោះបី​ជាខ្លួន​ទទួលស្គាល់​នូវ​ការ​គ្រប់ គ្រង​របស់​ចិន​ ​ចំពោះ​អ្វី​ដែល​គេ​ស្គាល់​ក្នុង​សហរដ្ឋ​អាមេរិក​ថា​ជា​នយោបាយយុទ្ធសាស្ត្រ​ដែល​គ្មាន​ភាព​ច្បាស់​លាស់​នោះ»។

មន្ត្រី​កោះតៃវ៉ាន់​បាន​គាំទ្រ​លើ​ជំនួបរវាង​លោក Biden និង​លោក Xi ។ កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​ការបរទេសកោះតៃវ៉ាន់បង្ហាញ​នូវ​ការគាំទ្រ​របស់​ខ្លួនដែល​លោក Biden បាន​ប្រើប្រាស់​នូវ​កិច្ចប្រជុំ​នេះ​ក្នុង​ការលើក​ឡើងវិញ​ជា​សាធារណៈពី​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនលើ​សន្តិសុខ​របស់​កោះតៃវ៉ាន់​នោះ។

លោក Biden និយាយ​ថា​ជំនួប​ពិភាក្សា​របស់​លោក​ជា​មួយប្រធានាធិបតី​ចិន មាន​លក្ខណៈ​បើក​ចំហ​និង​ច្បាស់លាស់​ហើយ​ថា​មេដឹកនាំ​ទាំង​ពីរ​ ​បាន​ពិភាក្សា​ទៅ​លើ​គោលបំណង​និង​អាទិភាព​នៃប្រទេស​របស់​គេ​ ​ទៅ​លើ​បញ្ហា​ជា​ច្រើន។

លោក Biden បាន​និយាយ​ទៀត​ថា​លោក​បាន​ណែនាំដល់​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ជា​ច្រើន​នាក់ ដើម្បី​ជួបប្រជុំ​ជាមួយ​សមភាគី​របស់​គេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​ផង​ដែរ​ថា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Anthony Blinken នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិនដើម្បី​ពិនិត្យ​មើល​លើ​ការពិភាក្សា​គ្នាបន្ត៕

XS
SM
MD
LG