ស្របពេលកម្មវិធីជំនួយមនុស្សធម៌របស់កងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ឈ្មោះថា Seabeesកំពុងចាកចេញពីប្រទេសកម្ពុជា មេដឹកនាំនៃប្រទេសកម្ពុជា បានប្រកាសថ្លែងអំណរគុណប្រទេសចិនជាសាធារណៈចំពោះជំនួយឥតសំណង ជាង១៥០លានដុល្លារ សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មីមួយស្ថិតលើផ្ទៃដីទំហំ ៨៥ហិកតា។ អ្នកវិភាគនិយាយថា គោលជំហរអព្យាក្រឹត្យរបស់កម្ពុជាក្នុងទំនាក់ទំនងការបរទេស នឹងត្រូវបានគេចោទសួរ ប្រសិនបើប្រទេសនេះ ពឹងផ្អែកជ្រុលលើប្រទេសតែមួយ។
រដ្ឋាភិបាលកម្ពុជា បានអរគុណប្រទេសចិនជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ ចំពោះជំនួយឥតសំណង ចំនួន១៥៧ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មីមួយ មានឈ្មោះថា “ពហុកីឡាដ្ឋានជាតិមរតកតេជោ” ស្ថិតនៅជាយរាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖
«ថ្លែងអំណរគុណដល់លោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី លី គឺឈែង និងប្រជាជនចិន ដែលបានគាំទ្រ និងផ្ដល់នូវជំនួយឥតសំណងដ៏ធំបំផុតដល់កម្ពុជាដើម្បីសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោដ៏ធំមួយនេះដែលបានបង្ហាញនូវមិត្តភាព និងសហប្រតិបត្តិការល្អជិតស្និតរវាងកម្ពុជា-ចិនជាបងប្អូន។ ពហុកីឡាដ្ឋានជាតិនេះ នឹងជួយរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ដោយសារកម្ពុជាជាប្រទេសទើបរួចផុតពីសង្គ្រាម ប្រទេសនេះត្រូវ ប្រើប្រាស់ថវិកាលើវិស័យអាទិភាព ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ ហើយទុកវិស័យកីឡាមួយអន្លើសិន។ លោកថា ដោយសារតម្រូវការសាងហេដ្ឋារចនាសម្ព័ន្ធនេះ រដ្ឋាភិបាលកម្ពុជា រារែកក្នុងការសុំជំនួយពីប្រទេសចិន ដើម្បីសាងសង់ស្តាតដ៏ធំមួយនេះ។
«ដូចដែលបានដឹងហើយថា គ្រាន់តែចំណាយ ដើម្បីទៅលើការរៀបចំ កីឡាមួយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានរហូតទៅដល់បី បួន ឬប្រាំឯណោះ។ អញ្ចឹងទេ បានជាតម្រូវការពេលនោះ មិនទាន់ហ៊ានសុំមិត្តចិន ដើម្បីជួយកសាង កសាងពហុកីឡាដ្ឋាននេះទេ ប៉ុន្តែសុំមិត្តចិនឲ្យជួយកសាងស្ពាន កសាងផ្លូវឯណោះទៅវិញ»។
ជំនួយរបស់ប្រទេសចិនជាង១៥០លានដុល្លារ ដែលផ្តល់ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកសាងពហុកីឡាដ្ឋាននេះ ត្រូវគេដឹងថា កើតឡើងក្រោយ រដ្ឋាភិបាលកម្ពុជាកាលពីសប្ដាហ៍មុន បានផ្ដល់ដំណឹងទៅស្ថានទូតសហរដ្ឋអាមេរិកថា ខ្លួនបានសម្រេចផ្អាកកម្មវិធីជំនួយមនុស្សធម៌របស់កងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ឈ្មោះថា Seabees។
យោងតាមការបញ្ជាក់ពីមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា គម្រោងមនុស្សធម៌យោធា Seabees របស់សហរដ្ឋអាមេរិកបានគ្រោងនឹងកសាងបន្ទប់ទឹកចំនួនប្រាំមួយកន្លែងសម្រាប់សាលារៀនជាច្រើន និងមន្ទីរសម្ភពចំនួនពីរកន្លែងនៅឆ្នាំ២០១៧នេះ ដែលនឹងត្រូវចំណាយប្រាក់ចំនួន ២៦៥ ០០០ដុល្លារ និងប្រាក់បន្ថែមចំនួន ៥៥០ ០០០ ដុល្លារសម្រាប់គម្រោងនានាដែលគ្រោងធ្វើនៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។
លោក ជេ រ៉េមិន (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋនៅកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកឬ email នៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដំណឹងអំពីការផ្អាកគម្រោងមនុស្សធម៌របស់យោធាអាមេរិកនេះ តែរដ្ឋាភិបាលមិនបានផ្ដល់ពីមូលហេតុនោះឡើយ។
លោកបានថ្លែងក្នុងន័យដើមថា៖
«រដ្ឋាភិបាលកម្ពុជាបានជូនដំណឹងដល់ស្ថានទូតសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន អំពីការសម្រេចចិត្តរបស់ខ្លួនដើម្បីផ្អាកបេសកកម្មរបស់កងកងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ ដែលគេស្គាល់ថា Seabees ដែលបានអនុវត្តគម្រោងជាច្រើនតាមសហគមន៍នៅក្នុងតំបន់ដែលមិនទទួលបានសេវាគ្រប់គ្រាន់ពី[រដ្ឋ] នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨។ រដ្ឋាភិបាលកម្ពុជា មិនបានផ្ដល់ហេតុផលនៃការសម្រេចចិត្តនេះទេ»។
មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ វិញ ត្រូវបានកាសែតក្នុងស្រុកមួយដកស្រង់សម្ភីដើមថា ក្រុមបម្រើការងារក្នុងកងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ Seabees នោះ គ្រាន់តែឈប់សម្រាកក្នុងពេលវិស្សមកាល ហើយថា ពួកគេនឹងបន្តជួយកសាងការិយាល័យនានាសម្រាប់កងទ័ពជើងទឹក និងសាលារៀន។
អ្នកវិភាគផ្នែកទំនាក់ទំនងអន្តរជាតិ និយាយថា ការបន្តផ្ដល់ជំនួយឥតសំណងរបស់ប្រទេសចិនមកកម្ពុជា គឺជាផ្នែកមួយនៃការបង្កើនចំណងទាក់ទងចិន និងកម្ពុជា ហើយការណ៍នេះមិនបានបញ្ជាក់ថា កម្ពុជាមិនបានគិតដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនោះឡើយ។
តែបញ្ហាដែលត្រូវចោទសួរនោះ គឺគោលជំហរអព្យាក្រឹតរបស់ប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងទៀត។
លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះ តាមរយៈសារអេឡិចត្រូនិក ឬ email ថា កម្ពុជាកំពុងបន្តគោលនយោបាយការបរទេសដែលផ្តល់ប្រយោជន៍តាមការអនុវត្តដោយប្រុងប្រយ័ត្ននៃយុទ្ធសាស្ត្រចម្រុះកម្ម និងវិធីទប់ទល់នឹងការខាតប្រយោជន៍ ដោយកម្ពុជាបានដឹងថាផលប្រយោជន៍សម្រាប់ប្រទេសគឺបានមកពីការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោកបានសរសេរក្នុងន័យដើមថា៖
«ប្រទេសកម្ពុជាប្រឆាំងនឹងអំណាចដែលកាន់កាប់រដ្ឋផ្សេងទៀត ឬក៏ប្រទេសដែលគិតថាខ្លួនជាអ្នកការពារ។ ប្រទេសកម្ពុជា គឺគាំទ្រកម្ពុជាខ្លួនឯង ហើយនេះគឺតែងតែជាគោលការណ៍ស្នូលរបស់គោលនយោបាយការបរទេសរបស់កម្ពុជា»។
លោកបានបន្ថែមក្នុងន័យដើមថា៖
«ទោះបីជាយ៉ាងណាក៏ដោយ ការពឹងផ្អែកជ្រុលហួសហេតុទៅលើតែប្រទេសមួយ អាចនឹងមានការចោទសួរពីភាពអព្យាក្រឹតជាអចិន្ត្រៃយ៍របស់កម្ពុជា»។
ទោះបីចំណងទាក់ទងរវាងកម្ពុជា និងចិន ត្រូវអ្នកឃ្លាំមើលសង្គមកម្ពុជាមើលឃើញថាកំពុងកើនឡើងខ្លាំងនោះ លោក ឈាង វណ្ណារិទ្ធ ថ្លែងថា គ្មានកម្លាំងណាមួយខ្លាំងគ្រប់គ្រាន់ដើម្បីគាស់រំលើងឫសគល់លទ្ធិប្រជាធិបតេយ្យកម្ពុជាបានទេ ដោយហេតុថា សង្គមនេះបានទទួល សម្រប និងក្រសោបយកនូវតម្លៃ និងគោលការណ៍ប្រជាធិបតេយ្យ។
លោកបានបញ្ជាក់ក្នុងន័យដើមបន្តថា៖
«លទ្ធិប្រជាធិបតេយ្យ នឹងឈ្នះ ទោះបីជាវាកំពុងជួបព្យុះ និងភាពវឹកវរខាងនយោបាយនាពេលនេះយ៉ាងណាក្តី»។
ក្រៅពីការផ្អាកសកម្មភាពរបស់ កងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ ឬហៅកាត់ថា Seabees រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកសមយុទ្ធយោធារួមគ្នាសំខាន់ៗរវាងកងទ័ពអាមេរិក និងកម្ពុជាផងដែរ។
សមយុទ្ធយោធារួមគ្នាដែលត្រូវបានផ្អាកនោះ រួមមានសមយុទ្ធ ឆ្មាំអង្គរ (Angkor Sentinel) និងការហ្វឹកហ្វឺន«ការ៉ាត់» ដែលជាការហ្វឹកហ្វឺនជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់កាលពីពេលកន្លងមកថា កងទ័ពកម្ពុជាមានកិច្ចការងារច្រើន ដែលត្រូវធ្វើជំនួសការធ្វើសមយុទ្ធជាមួយទាហានសហរដ្ឋអាមេរិក នៅក្នុង២០១៧ និង២០១៨ ដោយផ្ដោតលើបញ្ហាការពារសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ក៏ប៉ុន្តែ ការផ្អាកសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ត្រូវក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមើលឃើញថា កើតមានឡើង បន្ទាប់ពីកម្ពុជាបានបញ្ចប់ សម យុទ្ធយោធាជាមួយចិន ដែលពុំធ្លាប់មានពីមុនមក។
សមយុទ្ធយោធារួមគ្នារវាងកម្ពុជា និងចិននោះ ត្រូវបានធ្វើឡើង កាលពីចុងឆ្នាំ ២០១៦ក្នុងរយៈពេល៩ថ្ងៃ ដោយមានទាហានខ្មែរ និងចិន១.០០០នាក់បាន ចូលរួម។
ថ្វីដ្បិតតែរដ្ឋាភិបាលបានផ្អាកគម្រោងជំនួយយោធានានារបស់អាមេរិកក្តី លោក Jay Raman អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ថ្លែងថាសហរដ្ឋអាមេរិក នឹងរិះរកមធ្យោបាយផ្សេងទៀតដើម្បីបន្តកិច្ចសហការលើគម្រោងទាំងនោះ ក្នុងនោះរួមមានគម្រោងមនុស្សធម៌នៅតាមសហគមន៍នៃប្រទេសកម្ពុជា៕