ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​ជាក្តី​បារម្ភ​ចំពោះ​អាស៊ាន​និង​ស.រ.អា.


លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា (ឆ្វេងទីពីរ) និង​លោក ហ្ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន (ស្តាំ) ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Xijiao Hotel ក្នុង​ទីក្រុង​ស៊ៀងហៃ នៅ​ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា (ឆ្វេងទីពីរ) និង​លោក ហ្ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន (ស្តាំ) ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Xijiao Hotel ក្នុង​ទីក្រុង​ស៊ៀងហៃ នៅ​ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០១៤។

ទំនាក់​ទំនង​របស់​ចិន​ជាមួយ​កម្ពុជា​ដ៏​ជ្រាល​ជ្រៅ​ក្លាយជា​ក្តី​បារម្ភ​របស់​អាស៊ាន​ និង​ស.រ.អា. ដោយសារ​ថា​ ឥទ្ធិពល​ចិន​ ទាំង​សេដ្ឋកិច្ច​ និង​នយោបាយ នឹង​ធ្វើឲ្យ​កម្ពុជា​មិន​អាច​អភិវឌ្ឍ​ប្រទេស​ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព​ទៅ​លើ​វិស័យ​ជា​ច្រើន​ រួមទាំង​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ផង​ដែរ។​ នេះ​ជាការ​អះអាង​របស់​ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាមេរិក។​

ក្រុម​វាគ្មិន​ដែល​ចូលរួម​ក្នុងកិច្ច​ពិភាក្សា​ក្នុង​សាកល​វិទ្យាល័យ​ Gorge ​Washington ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃពុធ​អំពី​បញ្ហា​កម្ពុជា​នោះ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ ដោយ​យោង​ថា ​ប្រទេស​ចិន​ក្លាយជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា ​ដោយសារ​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នៅឆ្នាំ​២០១២​នោះ​ បាន​បង្អាក់​មិនឲ្យ​មាន​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន​ជា​លើក​ទី១​ក្នុង​ប្រវត្តិ​សាស្ត្រ​ ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែល​សមាជិក​អាស៊ាន​មួយ​ចំនួន​ទាមទារ​ជា​កម្មសិទ្ធ​ផង​នោះ។​ ហើយ​មួយ​ទៀត ​កម្ពុជា​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគតិច​ចិន​«វីហ្គ័រ»​២០​នាក់​ទៅកាន់​ប្រទេស​ចិន​វិញ​តាម​សំណើ​របស់ចិន​ ដែល​គេចាត់​ទុក​ថា ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ។​

លោកស្រី​ផេក ឃុន ហេង​ (Pek Koon Heng)​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ាន​ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង ​(American University) ​បាន​ថ្លែង​ថា ​ជា​ការ​ចង់​បាន​ត្រឡប់​ពី​កម្ពុជា​វិញ​ ចិន​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​ ​មិន​គាំទ្រ​កោះតៃវ៉ាន់ ​និង​មិន​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សម្តេច​សង្ឃ​ទីបេ ​ដាឡៃ​ឡាម៉ា​ ​និង​ក្រុម​សាសនា​ហ្វាឡុងហ្គុង​ជាដើម៖​

«អ្វី​ដែល​ចិន​សុំ​ពី​កម្ពុជា​វិញ​គឺ​ការ​គាំទ្រ​គោល​នយោបាយ​ស្នូល​របស់​ចិន​ ដែល​ចិន​បារម្ភ​នោះគឺ​រឿង​ដែនដី​តៃវ៉ាន់​ ដែល​កម្ពុជា​ត្រូវ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​តែវ៉ាន់​ កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ​គឺ​កម្ពុជា​មិនត្រូវ​ទទួល​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ​និង​ហាមឃាត់​ក្រុម​អ្នក​គោរព​សាសនា​ហ្វាឡុងហ្គុង​ ហើយ​នឹង​មើល​ពី​រឿង​ជនជាតិ​ភាគ​តិចចិន​វីហ្គ័រ»។​

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​យ៉ាងច្បាស់​ជាហូរហែ​ពី​ការ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​ ហើយ​កម្ពុជាទទួល​បាន​ផល​ប្រយោជន៍ពីប្រទេស​ចិន​មក​វិញ​ជា​ច្រើន។​

«បើ​តាម​លក្ខណៈ​ជាក់ស្តែង​ កម្ពុជា​គឺជា​ប្រទេស​រណបចិន ​ក្នុង​ចំណោម​ប្រទេស​ អាស៊ាន។ ​ហើយ​ចិន​គឺ​ជា​អ្នកវិនិយោគ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត ​និង​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​បំផុត​លើ​គំរោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ និង​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​ដែរ»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោកស្រី​ផេក ឃុន​ហេង​អះអាង​ថា ​ជំនួយ​ចិន​បាន​ជួយ​ពង្រឹង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​កាន់​អំណាច​បន្ត។​

ប្រទេស​ចិន​ផ្តល់​ថវិកា​ជាច្រើន​រយលាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ហើយ​ចិន​ជា​ប្រទេស​ដែល​ដាក់​ទុន​វិនិយោគ​ធំ​ជាង​គេ​បំផុត ​ជាពិសេស​ផ្នែក​វារី​អគ្គិសនី​ វិស័យ​កាត់ដេរ​ ដីធ្លី ​និង​រ៉ែ​ជាដើម។​ ការ​វិនិយោគ​របស់​ចិន​ផ្នែក​វារី​អគ្គិសនី​ និង​រ៉ែ​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ពលរដ្ឋ​ជាច្រើន ​និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ។​

លោក​ Murray Hiebert​ ​នាយករង​ និង​ជា​អ្នកស្រាវ​ជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុត្តិសាស្ត្រ​អន្តរជាតិ​ បាន​ទទួល​ស្គាល់ថា​ បញ្ហា​ដី​ធ្លី​និង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជា​បញ្ហា​ធំ​នៅ​ពេល​នេះ។​

«មាន​ការ​បណ្តេញ​ពលរដ្ឋ​ដោយ​បង្ខំ​យ៉ាង​ច្រើន​ ដែល​បង្កើត​ឲ្យ​មាន​ចលាចល​សង្គម​យ៉ាង​ខ្លាំង។​ ពលរដ្ឋ​រាប់ពាន់​នាក់​បាន​បាត់​បង់ដី​របស់​ពួក​គេ ​ដែល​គេ​យក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នានា ដែលជិត​ដិត​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​ ​ជិតដិត​នឹង​យោធា ​ជិតដិត​នឹង​លោក​ហ៊ុន សែន។​ ដី​ទាំង​នោះ​ត្រូវគេ​ប្រើ​សម្រាប់​ការ​ដាំដុះ​ ដូច​ជា​ស្ករ​អំពៅ ​កៅស៊ូ ​និង​ជីក​រ៉ែ​ខ្លះ​ផង។​ ដូច្នេះ​មាន​ការ​ប្រឈមមុខ​យ៉ាង​ខ្លាំង​រវាង​កសិករ​ ដែល​បាត់ដី​និង​រដ្ឋាភិបាល»។​

លោក​បាន​បញ្ជាក់​ដែរ​ថា ​មាន​បញ្ហា​ជាច្រើន​ទៀត​ ដែល​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ស.រ.អា.ចូល​ទៅ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដោយសារ​ប្រព័ន្ធ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​មិនច្បាស់​លាស់​ ដែល​ក្រុមហ៊ុន​ទាំង​នោះ​បាន​ត្អូញត្អែរ​ពី​បញ្ហា​ពុករលួយ ​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ស្ទើរតែ​គ្រប់​កន្លែង​ទាំង​អស់​ក្នុង​ប្រទេស ​ ការ​ខ្វះខាត​ពលករ​ជំនាញ​ និង​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​អប់រំ​ជាដើម។​

រដ្ឋបាល​លោក​ប្រធានាធិប​តីស.រ.អា.​បារ៉ាក់​អូបាម៉ា​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ អាស៊ាន​ និង​ប្រទេស​អាស៊ាន​មួយៗ​ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នានា​រវាង​អាស៊ាន​ និង​ស.រ.អា.។​ តែ​ក្រុម​អ្នក​តាម​ដាន​បាន​បញ្ជាក់​ថា ​ទំនាក់​ទំនង​នេះ​បាន​រាំង​ស្ទះខ្លះ​ ដោយសារ​ប្រទេស​ចិន​គឺជា​សម្ពាធ​ដល់​ប្រទេស​ក្នុង​តំបន់​ដូចជា​កម្ពុជា​ជាដើម ​ក្នុង​ការ​កែ​ទម្រង់​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

លោក​ Marvin Ott ​គ្រូ​បង្រៀន​វិជ្ជាជីវៈ​ និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​អាស៊ាន​នៃ​សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​លើក​យក​បញ្ហា​កាត់ទោស​ខ្មែរក្រហម​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចិន​នោះ​ ធ្វើ​ជា​ឧទាហរណ៍។​ លោក​បញ្ជាក់​ថា ​ដោយសារ​មាន​សម្ពាធ​ពី​ចិន​ក្នុង​ដំណើរ​ការកាត់​ទោស​ខ្មែរក្រហមនោះ​ ​ លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ខ្មែរ​ ដែល​ជា​អតីត​កងទ័ព​ខ្មែរក្រហម​ដែរ​នោះ ​មិន​អនុញាត​ឲ្យ​មាន​ការ​រៀបចំ​ការ​កាត់​ទោស​ទូលំ​ទូលាយ​ទេ។​

«ជា​រឿង​សំខាន់​ជាង​នេះ​ទៀត​គឺចិន​មិន​ចង់​ឲ្យ​សម័យ​ខ្មែរក្រហម​ត្រូវ​គេ​នឹក​ឃើញ​ ឡើង​វិញ​ទេ​ ព្រោះ​ចិន​បាន​ជាប់​ពាក់ព័ន្ធ​ ហើយ​រួម​គំនិត​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ យ៉ាង​ជ្រៅ»។​

លោក​ថ្លែង​ថា ​លោក​ហ៊ុន សែន​បាន​បាត់​បង់​កេរ្តិ៍ឈ្មោះ​ក្នុងសហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ ដែល​ត្រូវ​គេ​ស្តី​បន្ទោស​ថា​ បាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់។​

មន្ត្រី​ស.រ.អា.បាន​ប្រកាស​ថា​ ខ្លួន​នៅតែ​បន្ត​ការ​គាំទ្រ​ចំពោះ​ការ​កាត់ទោស​ខ្មែរក្រហម​ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ ដែល​កើត​ឡើង​ក្នុង​ទសវត្សរិ៍​១៩៧០។​ កាល​ពីចុងខែ​សីហា​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​អាស៊ាន​ចំនួន​៣​ រួម​ទាំង​កម្ពុជា​ផង​នោះ​ លោក​ Scot Marciel​ ឧបការីរង​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ស.រ.អា.ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ ប៉ាស៊ីហ្វ៊ិក​ និង​អាស៊ាន​ បាន​អះអាង​ថា ​ ស.រ.អា.ចង់​បង្កើន​ទំនាក់​ទំនង​បន្ថែម​ទៀត​ជាមួយ​នឹង​កម្ពុជា ​ក្រោយពី​គណបក្ស​ទាំង​ពីរ​ក្នុង​ប្រទេសកម្ពុជា​គឺគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣​នោះ៕

XS
SM
MD
LG