លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ថម ម៉ាលីណូស្គី (Tom Malinowski) បានបញ្ចប់ការធ្វើទស្សនកិច្ចរបស់លោកក្នុងប្រទេសកម្ពុជា ដោយលោកធ្វើការបញ្ជាក់ជាច្រើនអំពីការធ្វើឲ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងរបស់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់លោកដែលជាថ្ងៃចុងក្រោយនេះ លោកបានបញ្ជាក់សារជាថ្មីទៅរាជរដ្ឋាភិបាលកម្ពុជាថា សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលអាចធ្វើពិភពលោកជឿទៅលើដំណើរការបោះឆ្នោតនៅកម្ពុជា។
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងចំអកឲ្យប្រទេសចិន ដោយថ្លែងថា ជំនួយចិននឹងមិនអាចផ្តល់ឲ្យកម្ពុជានូវការបោះឆ្នោតមួយប្រកបដោយប្រជាធិបតេយ្យ និងត្រឹមត្រូវនោះទេ បើទោះបីចិនបានផ្តល់ជំនួយផ្នែកហិរញ្ញប្បទានដ៏ច្រើនមកដល់កម្ពុជាក្តី។
លោក Tom Malinowski បានថ្លែងយ៉ាងដូច្នេះ នៅក្រោយពេលដែលប្រទេសចិនត្រូវគេរាយការណ៍ឲ្យដឹងថា បានសន្យាផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យជាច្រើននៅក្នុងរយៈពេលបីឆ្នាំគឺគិតពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨។
ការសន្យានេះក៏បានធ្វើឡើង បន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនកាលពីថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទិ្ធនៅក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសហ្វីលីពីនបានប្តឹង។
តុលាការបានចាត់ទុកថា ចិនគ្មានសិទ្ធិស្របច្បាប់ចំពោះអំណះអំណាងទាក់ទងនឹងភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា ខ្លួនជាម្ចាស់នៃដែនដីដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ។ យ៉ាងណាក៏ដោយ ចិនបានបង្ហាញជំហរមិនទទួលស្គាល់សាលដីការរបស់តុលាការ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសមិនទទួលស្គាល់ ដូចជំហរចិននោះដែរ។
នៅក្នុងសន្និសីទព័ត៌មាន ដែលរៀបចំឡើងកាលពីរសៀលថ្ងៃអង្គារនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Tom Malinowski បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងសមាគមអាស៊ានត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ដោយសារតែការពង្រឹងទំនាក់ទំនងនេះមិនបានបង្កជាក្តីបារម្ភដល់សន្តិសុខនៅក្នុងតំបន់នោះទេ។
«យើងពិតជាគិតថា វាជារឿងល្អមួយ ដែលប្រទេសទាំងឡាយនៅក្នុងតំបន់នេះ ត្រូវមានទំនាក់ទំនងល្អជាមួយចិន មិនថា ប្រទេសវៀតណាម ឬកម្ពុជា ឬក៏ភូមានោះទេ នរណាក៏ដោយ។ ដូច្នេះ វាមិនបានធ្វើឲ្យខ្ញុំបារម្ភទាល់តែសោះ នៅពេលខ្ញុំឃើញប្រទេសទាំងឡាយជួបគ្នា និងកំពុងមានទំនាក់ទំនងល្អនោះ»។
ក៏ប៉ុន្តែលោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដឹងរួចទៅហើយអំពីអ្វីដែលសហរដ្ឋអាមេរិកបានផ្តល់ជូន និងអ្វីទៅដែលប្រទេសចិន មិនអាចផ្តល់ជូន រួមមានការទទួលស្គាល់អំពីកិច្ចដំណើរការបោះឆ្នោតដែលប្រទេសចិនមិនអាចធ្វើបាននោះ។
«ខ្ញុំគិតថា មានអ្វីៗជាច្រើនដែលសហរដ្ឋអាមេរិកផ្តល់ឲ្យ ហើយដែលប្រទេសចិនមិនអាចផ្តល់ឲ្យ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលដឹងអំពីរឿងនេះ។ ហើយប្រាកដជាងនេះនោះគឺថា ប្រសិនបើរដ្ឋាភិបាលចង់ឲ្យពិភពលោកមើលឃើញថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និងការបោះឆ្នោតនៅឆ្នាំ២០១៨គួរឲ្យជឿជាក់នោះ នោះគឺជាអ្វីមួយដែលចិនមិនអាចផ្តល់ឲ្យនោះទេ»។
ជំនួយចំនួន៦០០លានដុល្លារដែលចិនសន្យាថា ផ្តល់ឲ្យកម្ពុជានោះក៏នឹងត្រូវផ្តល់សម្រាប់វិស័យបោះឆ្នោតនៅកម្ពុជាផងដែរ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា បញ្ហាសំខាន់នោះគឺការធានាការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ការចាប់ចង ការចោទប្រកាន់ក្រុមអ្នកជំទាស់ មន្ត្រីគ.ជ.ប. និងការបំបាត់បរិយាកាសភ័យខ្លាចដោយសារតែការសម្លាប់អ្នកវិភាគសង្គមគឺលោកបណ្ឌិត កែម ឡី ដែលទើបកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ ក្នុងការបោះឆ្នោត ដែលធ្វើឡើងកាលពីឆ្នាំ២០១៣ គណបក្សប្រឆាំងទទួលបាន៥៥អាសនៈនៅក្នុងសភា ខណៈដែលគណបក្សគ្រប់ប្រទេសដែលស្និទ្ធនឹងប្រទេសចិនបានទទួល៦៨អាសនៈ។ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សនេះអះអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះមានការគៃបន្លំ ហើយមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនោះឡើយ៕