ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អំពាវនាវ​ឱ្យ​មាន​ការពិភាក្សា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​​នៅ​លើ​រថក្រោះ​មួយ​កំពុង​ពិនិត្យ​មើល​ឧបករណ៍​យោធា​នៅ​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​​នៅ​លើ​រថក្រោះ​មួយ​កំពុង​ពិនិត្យ​មើល​ឧបករណ៍​យោធា​នៅ​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣។

ចិន​សង្ឃឹម​ថានឹង​មាន​ដំណោះស្រាយ​សន្តិភាព​មួយលើ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​និង​អ៊ុយក្រែន​ងាក​មក​រក​តុ​ចរចា​ដើម្បី​ពិភាក្សា​សន្តិភាព។ នេះ​បើ​តាមរដ្ឋ មន្ត្រី​ការបរទេស​ចិន​ ដែល​បាន​ប្រាប់​សមភាគី​អ៊ុយក្រែន​របស់​លោក​ នៅ​ក្នុងកិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ក្រសួង​ការបរទេស​បរទេស​ចិនបានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba​ ថា​ចិន​មាន​ការ​តាំង​ចិត្ត​លើ​ការ​លើក​កម្ពស់​សន្តិភាព​និង​ជំរុញ​ឱ្យ​មាន​ការចរចា​ក៏​ដូច​ជា​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​បង្កើត​បរិយាកាស​សម្រាប់​ការចរចា​សន្តិភាព»។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin ក៏​បាន​និយាយ​ផង​ដែរ​ថា៖ ​«ចិន​សង្ឃឹម​ថាគ្រប់​ភាគី​ទាំង​អស់​ នឹង​រក្សា​ភាព​ស្ងប់ស្ងាត់​ មាន​ហេតុផល​និង​អត់ធ្មត់»។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន។ ការឈ្លានពានរបស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

យោធា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញក៏​បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​មួយស្តីពីការស្ទាក់​ចាប់របស់​យន្តហោះយោធា​រុស្ស៊ី ដែល​បាន​ធ្វើ​ឱ្យយន្តហោះឈ្លបយកការណ៍ដ្រូន​គ្មាន​មនុស្ស​បើក​របស់អាមេរិក​មួយ​គ្រឿង​ធ្លាក់​ចូលទៅ​ក្នុង​សមុទ្រ​ខ្មៅ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

វីដេអូ​នេះ​ត្រូវ​បានចេញ​ផ្សាយ​មួយ​ថ្ងៃ​ ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ជា​មួយ​សមភាគីរបស់​លោក​គឺ​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​អំពី​ការ​ប៉ះទង្គិច​គ្នា​នោះ។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin បាន​ប្រាប់​ក្រុម​អ្នក​យក​សារព័ត៌មាន​ ​ក្រោយ​ការ​ប្រកាស​ថា​លោក​ទើប​តែបញ្ចប់​ការ​និយាយ​តាម​ទូរស័ព្ទ​ជាមួយរដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ លោក Sergei Shoigu ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្តការហោះហើរ​និង​ធ្វើ​ប្រតិបត្តិការ​នៅគ្រប់​ទី​កន្លែង​ដែល​ច្បាប់អន្តរជាតិ​អនុញ្ញាត​ហើយ​នេះ​ក៏​ជា​ការទទួល​ខុសត្រូវ​ផង​ដែរ​របស់​រុស្ស៊ី ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​យន្តហោះ​យោធា​របស់​ខ្លួន​ក្នុង​លក្ខណៈមាន​សុវត្ថិភាព​និង​ប្រកប​ដោយ​វិជ្ជាជីវៈ»៕

XS
SM
MD
LG