ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្រូវការ​គ្រាប់​រំសេវ​សម្រាប់​អ៊ុយក្រែន​គឺ​ជា​ចំណុច​សំខាន់​ពេល​សម្ព័ន្ធមិត្ត​ផ្នែក​ការពារ​ជាតិ​ជួប​ប្រជុំ


យោធា​អ៊ុយក្រែន​ធ្វើ​សមយុទ្ធយោធានៅ​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
យោធា​អ៊ុយក្រែន​ធ្វើ​សមយុទ្ធយោធានៅ​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

តម្រូវការ​គ្រាប់​រំសេវ​របស់​យោធា​អ៊ុយក្រែន​ទំនងជា​ចំណុច​ផ្ដោត​ដ៏​ខ្លាំង​មួយ​នៅ​លើ​របៀបវារៈ​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​រៀបចំ​កិច្ច​ប្រជុំ​របស់​មន្ត្រី​ផ្នែក​ការពារ​ជាតិ​មកពី​ប្រទេស​ជិត ៥០ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​ដើម្បី​តទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នឹង​រៀបចំ​ការ​ពិភាក្សា​តាម​អនឡាញ​នេះ​ពី​ក្រសួង​ការពារ​ជាតិ បន្ទាប់ពី​ក្រុម​ទំនាក់ទំនង​ផ្នែក​ការពារ​អ៊ុយក្រែន (Ukraine Defense Contact Group) បាន​ជួប​ប្រជុំ​គ្នា​នៅ​មូលដ្ឋាន​ទ័ព​អាកាស Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់​អស់​ជា​ច្រើន​ដង​រួច​មក។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍ត្រី Pat Ryder បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា៖ «ដូច​ដែល​យើង​បាន​ធ្វើ​តាំងពី​ពេល​ចាប់ផ្ដើម​នៃ​យុទ្ធនាការ​នេះ​មក យើង​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា​យើង​បំពេញ​តាម​តម្រូវការ​របស់​អ៊ុយក្រែន មិន​ថា​វា​ជា​គ្រាប់​រំសេវ ជា​ការ​ការពារ​ដែន​អាកាស ឬ​ក៏​ជា​អាវក្រោះ​នោះ​ទេ»។

មន្ត្រី​របស់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​អូតង់ (NATO) បាន​សន្យា​ទាំង​អស់​គ្នា​ថា​នឹង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​បំពេញ​បន្ថែម​នូវ​ស្តុក​គ្រាប់​រំសេវ​របស់​អ៊ុយក្រែន​ក៏​ដូចជា​ស្ដុក​គ្រាប់​រំសេវ​របស់​ខ្លួន នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​មក។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​អំពី​ការ​ប្រជុំ​ទាំង​នេះ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​យោធា​របស់​លោក​ថា៖ «យើង​កំពុង​ពិចារណា​ជានិច្ច​អំពី​ការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ​និង​សព្វាវុធ»។

លោក​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​យោធា​របស់​លោក។

លោក Zelenskyy បាន​និយាយ​ថា ការ​ផ្ដោត​ជា​ចម្បង​គឺ​លើ​កិច្ច​ប្រឹងប្រែង​ដើម្បី​ការពារ​សមរភូមិ​ជួរ​មុខ​នៅ​ភាគ​ខាង​កើត រួម​ទាំង​តំបន់ Bakhmut ផង​ដែរ​ដែល​ជា​តំបន់​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ លោក​បាន​និយាយ​ថា ជំហរ​ពិត​ប្រាកដ​របស់​ថ្នាក់​ដឹកនាំ​យោធា​អ៊ុយក្រែន​គឺ «ពង្រឹង​ទិសដៅ​នេះ និង​ធ្វើ​ឱ្យ​ពួក​ឈ្លានពាន​ត្រួតត្រា​រង​ផល​វិបាក​ជា​អតិបរមា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG