កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលចិនបានអបអរសាទរប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក Joe Biden និងបានអំពាវនាវឲ្យមានការស្តារឡើងវិញនូវទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Donald Trump។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានស្វាគមន៍ផងដែរចំពោះព័ត៌មានដែលថា សហរដ្ឋអាមេរិកនឹងចូលរួមឡើងវិញនៅក្នុងអង្គការសុខភាពពិភពលោក (WHO) និងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុ ស្របពេលដែលលោក Biden ព្យាយាមធ្វើឲ្យសហរដ្ឋអាមេរិកវិលទៅរកតួនាទីដ៏សំខាន់នៅក្នុងការដឹកនាំពិភពលោកឡើងវិញជាបន្ទាន់។
នៅក្នុងពេលកាន់តំណែងជាប្រធានាធិបតី លោក Trump បានចោទប្រទេសចិនលើបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្ស ប្រភពនៃវីរុសជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗទៀត ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករ។
លោកប្រធានាធិបតី Biden ត្រូវគេរំពឹងថា នឹងនៅតែប្រកាន់គោលជំហរតឹងរ៉ឹងដដែលជាមួយនឹងប្រទេសចិន ប៉ុន្តែតាមវិធីទន់ភ្លន់ និងប្រកាន់យកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានថ្លែងក្នុងសន្និសីទកាសែតថា៖ «ជាមួយនឹងកិច្ចសហប្រតិបត្តិការពីភាគីទាំងពីរ ទេវតាដ៏ប្រសើរនៃទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនឹងយកឈ្នះកម្លាំងបិសាចនានាបាន»។
អ្នកស្រីបាននិយាយថា លោក Biden បានប្រើពាក្យ «ឯកភាព» ជាច្រើនដងនៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក ហើយនេះគឺជា «អ្វីដែលត្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន»៕