ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Biden ហៅ​ការដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​អតីត​មន្ត្រី​រដ្ឋបាល​លោក Trump ថា​ជា«ការ​គ្មាន​បាន​ផល​និង​អាក្រក់»


​លោក Mike Pompeo អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ស្ថិត​ក្នុងចំណោម​ក្រុម​មន្ត្រី​នៅក្រោម​អតីតរដ្ឋបាល​របស់​លោក Donald Trump ដែលរង​ការដាក់ទណ្ឌកម្ម​ពីប្រទេសចិន។
​លោក Mike Pompeo អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ស្ថិត​ក្នុងចំណោម​ក្រុម​មន្ត្រី​នៅក្រោម​អតីតរដ្ឋបាល​របស់​លោក Donald Trump ដែលរង​ការដាក់ទណ្ឌកម្ម​ពីប្រទេសចិន។

ស្ត្រី​អ្នក​នាំពាក្យ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកប្រធានាធិបតី Joe Biden កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ហៅ​ចំណាត់ការ​របស់​ចិន ដែល​ដាក់​ទណ្ឌកម្ម​អតីត​ក្រុម​មន្ត្រី​រដ្ឋបាល​របស់​លោក Donald Trump ថា «គ្មាន​បាន​ផល​និង​អាក្រក់​បំផុត»។ ចំណាត់ការ​របស់​ចិន​របស់​នេះ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​អាមេរិកាំង​មក​ពី​គណបក្ស​ទាំង២​ថ្កោល​ទោស​ចិន​ផងដែរ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដំណាល​នឹងពេល​ដែល​លោក Biden ត្រូវ​បាន​ស្បថ​ចូល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ពុធ​ ចិន​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចេញ​ពី​តំណែង​លោក Mike Pompeo និង​មន្ត្រី​កំពូលៗ​២៧​នាក់​ទៀត​នៅ​ក្រោម​អតីត​ប្រធានាធិបតី Donald Trump ថា​ បាន​ «ភូទ​កុហក​និងបោកប្រាស់»។ ចំណាត់ការ​របស់​ចិន​នេះ​ជា​ការបដិសេធ​យ៉ាង​ខ្លាំង​នូវ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Trump។

លោក Pompeo ដែល​បាន​ចេញ​វិធានការ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក​ ហើយ​លោក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ចិន​បាន​ប្រព្រឹត្ត​«អំពើ​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ» ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច ​Uighur (អ៊ុយហ្គ័រ) កាន់​សាសនា​អ៊ីស្លាម។

ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​ថា លោក Pompeo និង​មន្ត្រី​ផ្សេង​ទៀតបាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន។ ចិន​បាន​ហាមឃាត់​អតីត​មន្ត្រី​ទាំង​នោះ​ និង​សមាជិក​ក្រុម​គ្រួសារ​ផ្ទាល់ៗ​របស់​ពួកគេ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន​ ហើយ​រឹតត្បិត​ក្រុមហ៊ុនជាប់​ទាក់ទង​ពួក​គេ​មិន​ឲ្យ​រកស៊ី​នៅ​ចិន។

អ្នកស្រី Emily Horne អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទទួល​បាន​ថា៖ «ការ​ដាក់​ទណ្ឌកម្មទាំង​នោះ​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង ​ហាក់​ដូច​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំបែកបំបាក់គណបក្ស​ទាំង​ពីរ​របស់​អាមេរិក»៕

XS
SM
MD
LG