អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិកលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា សហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងគម្រោងផ្ដួចផ្តើមជាសាកល ក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់បណ្តាប្រទេសក្រីក្រនានា។
លោក Fauci គឺជាប្រធានវិទ្យាស្ថានជាតិអាឡែស៊ីនិងជំងឺឆ្លង និងជាប្រធានទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក Joe Biden។
លោកបានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងកិច្ចប្រជុំតាមរយៈវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយកម្មវិធីចែកចាយវ៉ាក់សាំងកូវីដ១៩ របស់អង្គការ WHO ដែលហៅថា COVAX សម្ព័ន្ធភាពនវានុវត្តន៍ត្រៀមសម្រាប់ជំងឺរាតត្បាត (Coalition for Epidemic Preparedness Innovations) និងអង្គការ Gavi the Vaccine Alliance ដែលជាអង្គការបង្កើតដោយមូលនិធិ Bill and Melinda Gates ដើម្បីចាក់វ៉ាក់សាំងបង្ការដល់កុមារក្នុងប្រទេសក្រីក្របំផុតក្នុងពិភពលោក។
លោក Fauci ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងបំពេញតាមកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះអង្គការ WHO និងរក្សាទុកនូវការសន្យាកន្លងមកក្នុងការផ្តល់បុគ្គលិករបស់ខ្លួន។
លោក Fauci ថ្លែងដូច្នេះក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកប្រធានាធិបតី Biden បានដាក់ចេញនូវបទបញ្ជាក្នុងថ្ងៃទីមួយនៃការចូលកាន់តំណែងរបស់លោក ដោយសន្យាថានឹងស្តារឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអង្គការ WHO។
កាលពីខែឧសភាឆ្នាំមុន លោកអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO ដោយបានចោទប្រកាន់អង្គការនេះថាបានជួយប្រទេសចិនបិទបាំងវិសាលភាពនៃវីរុសជំងឺកូវីដ១៩។ វីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឆ្លើយតបចំពោះការប្រកាសរបស់លោក Fauci ថា៖ «នេះជាថ្ងៃល្អសម្រាប់អង្គការ WHO និងជាថ្ងៃល្អសម្រាប់សុខភាពជា សាកល»៕