ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​រង​ការចោទ​ប្រកាន់​ពី​ការធ្វើ​ចារកម្ម​ផ្នែក​សេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន


រូបឯកសារ៖ លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់របស់​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​ បាន​ចោទប្រកាន់​ប្រទេស​ចិន​អំពី​ការលួច​កម្មសិទ្ធិ​បញ្ញា​ក្នុង​កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​ពី​មុន។ ការរិះគន់​ដ៏​ខ្លាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​ លោក Anthony Albanese ត្រៀម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​បន្ថយ​ការ​រង្កៀស​ចិត្ត​ជាមួយ​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អូស្ត្រាលី។

វាជា​រឿង​កម្រ​កើត​មាន​ណាស់​ដែល​ទីភ្នាក់ងារ​ចារកម្ម​អូស្ត្រាលី​បាន​ស្ដី​បន្ទោស​ប្រទេស​ផ្សេង​ដោយ​លើក​ឈ្មោះ​ចំៗ​បែប​នោះ។

ក៏ប៉ុន្តែ លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី ​ហៅ​កាត់​ថា ASIO បាន​និយាយ​បែប​នេះ​ជា​សាធារណៈ នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ​ មុន​ពេល​ចាប់​ផ្ដើម​សន្និសីទ​ស៊ើបការណ៍​សម្ងាត់​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Palo Alto រដ្ឋ California សហរដ្ឋ​អាមេរិក។

លោក Burgess បាន​ថ្លែង​ថា ការស៊ើបការណ៍​សម្ងាត់​ផ្នែក​សេដ្ឋកិច្ច​ដោយ​ប្រទេស​ចិន បាន​ធ្វើ​ឡើង​លើស​ពី​ការធ្វើ​ចារកម្ម​ធម្មតា ដោយហេតុ​ថា​ កិច្ចការ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​យល់​ព្រម​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍ដល់​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «គ្រប់ប្រទេស​ទាំងអស់​តែង​ធ្វើ​ចារកម្ម។ គ្រប់ប្រទេស​ទាំង​អស់​ស្វែងរក​ព័ត៌មាន​សម្ងាត់​ ហើយ​គ្រប់​ប្រទេស​ទាំង​អស់​តែង​ស្វែងរក​ផលចំណេញ​ផ្នែក​យុទ្ធសាស្ត្រ។ ក៏ប៉ុន្តែ ឥរិយាបទ​របស់​ចិន​ដែល​ខ្ញុំ​លើក​ឡើង​នៅ​ពេល​នេះ ធ្វើឡើង​លើស​ពី​ចារកម្ម​ជា​ប្រពៃណី។ ការគំរាម​កំហែង​ដែល​យើង​បារម្ភ​នោះ​គឺថា ​រដ្ឋាភិបាល​ចិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​និង​វត្ថុ​ទទួល​បាន​ក្នុង​ទ្រង់ទ្រាយធំ យូរ​អង្វែង​ និង​ស្មុគស្មាញ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ»។

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​អូស្ត្រាលី ប៉ុន្តែ​ទំនាក់ទំនង​ទ្វេរភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែ​ជម្លោះ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​ពាណិជ្ជកម្ម ក៏​ដូចជា​ភាពតានតឹង​បណ្ដាល​មក​ពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese រំពឹង​ថា​ នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​នេះ​ ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់មេដឹកនាំ​អូស្រាលី​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ក្នុង​រយៈ​ពេល ៧ ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក Albanese បាន​លើក​ឡើង​ជាញឹកញាប់​ថា ការមិន​ចុះសម្រុងអាច​កើត​មាន​ឡើង​ក្នុង​ពេល​លោក​ព្យាយាម​ធ្វើ​ឱ្យចំណង​ទាក់ទង​ជាមួយ​ចិន​មាន​ស្ថិរភាព​ឡើង​វិញ។

អត្ថាធិប្បាយ​របស់​លោក Burgess បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​កំពូល​នៃ​សម្ព័ន្ធ​សន្តិសុខ​ Five Eyes រៀបចំ​ឡើង​នៅ​រដ្ឋ California។

សម្ព័ន្ធមិត្ត​សន្តិសុខ Five Eyes រួមមាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស កាណាដា នូវែលសេឡង់​ និង​អូស្ត្រាលី។ សម្ព័ន្ធភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី២ ដើម្បី​ចែករំលែក​កិច្ចការ​ផ្នែក​ចារកម្ម​ និង​សម្រប​សម្រួល​កិច្ចប្រឹងប្រែង​ផ្នែក​សន្តិសុខ។

មេដឹកនាំ​ផ្នែក​ស៊ើបការណ៍សម្ងាត់​មកពី​សម្ព័ន្ធភាព​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ California តប​តាម​ការ​អញ្ជើញ​របស់​លោក Christopher Wray ប្រធាន​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត FBI។ ពួកគេ​បាន​លើក​ឡើង​ពី​តម្រូវការ​ក្នុងការប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​ដើម្បី​ធានា​បាន​ថា បច្ចេកវិទ្យា​ថ្មីៗ​ត្រូវ​បាន​ការពារ។

លោក Wray បាន​ហៅ​គណបក្ស​កុម្មុយនីស្ត​ចិន​ថា​ជា«ការគំរាម​កំហែង​កំពូល​សម្រាប់​ការ​បង្កើត​ថ្មី ឬនវានុវត្តន៍) និង​បាន​ទទូច​ថា ចិន​បាន​កំណត់​យក​ការ​ធ្វើ​ចារកម្ម​ផ្នែក​សេដ្ឋកិច្ច​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​របស់​គេ»។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា «ការ​ស៊ើបអង្កេត​បាន​កើនឡើង​រហូត​ដល់១ពាន់៣០០ភាគរយ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការប៉ុនប៉ង​លួច​កម្មសិទ្ធិ​បញ្ញា ឬព័ត៌មាន​សម្ងាត់​ផ្សេងៗ ​ប្រព្រឹត្ត​ដោយ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ចិន»។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​អំពី​ការ​លើក​ឡើង​បែប​នេះ​ទេ។

សហរដ្ឋ​អាមេរិកនិងអូស្ត្រាលី​ក៏​បាន​ព្រមាន​ផងដែរ​អំពី​ការ​គំរាម​កំហែងហិង្សា​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹកដី​របស់​ខ្លួន ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​អ៊ីស្រាអែល​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់៕

ប្រែ​សម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG