ចិនបានរកឃើញជនសង្ស័យជាជនជាតិចិនម្នាក់ធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក (CIA)។ នេះបើតាមទូរទស្សន៍របស់រដ្ឋចិននៅថ្ងៃសុក្រនេះ ដែលបញ្ជាក់ពីអ្វីដែលខ្លួនបាននិយាយថាជាហានិភ័យនិងគ្រោះថ្នាក់នៃពលរដ្ឋចិន ដែលត្រូវបានគេជ្រើសរើសឱ្យធ្វើជាចារបុរសនៅបរទេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ជនជាតិចិនមាននាមត្រកូលថា Zeng ដែលបានធ្វើការឱ្យក្រុមឧស្សាហកម្មយោធាត្រូវបានគេជ្រើសរើសឱ្យធ្វើជាភ្នាក់ងារ CIA ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីតាលី។
Zeng បានត្រូវក្រុមឧស្សាហកម្មយោធាបញ្ជូនទៅកាន់ប្រទេសអ៊ីតាលី ដើម្បីបន្តការសិក្សានិងបានស្គាល់ភ្នាក់ងារ CIA។
ទូរទស្សន៍នោះបានរាយការណ៍ថា តាមរយៈពិធីជប់លៀងអាហារពេលល្ងាច ដោយធ្វើដំណើរទៅមើលល្ខោន opera ជនទាំងពីរនាក់នេះបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធ ដោយ Zeng បានក្លាយជាភ្នាក់ងារ CIA។
បន្ទាប់ពីបានទទួលជោគជ័យនៅក្នុងការកែប្រែជំហរនយោបាយរបស់ Zeng មក ភ្នាក់ងារ CIA បាន ស្វះស្វែងរកព័ត៌មានរសើបអំពីយោធារបស់ចិនមកពី Zeng។ នេះបើតាមរបាយការណ៍របស់ទូរទស្សន៍ CCTV។ ទូរទស្សន៍នោះមិនបាននិយាយថា នៅពេលណារឿងនោះបានកើតមានឡើងទេ។
របាយការណ៍នោះមិនបានបញ្ជាក់ពីភេទរបស់ Zeng ទេ ក៏ប៉ុន្តែបាននិយាយថា ជននោះ បានកើតនៅក្នុងឆ្នាំ ១៩៧១។
ភ្នាក់ងារដែលរងការចោទប្រកាន់ជា CIA នោះមានឈ្មោះថា «Seth»។ នេះបើតាមរបាយការណ៍នោះ។
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗដល់សំណើសុំអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ទេ៕