ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សម្តែង​កង្វល់​អំពី​ការ​ជំរុញ​ការ​ប្រឆាំង​ចារកម្ម​របស់​ចិន


រូបឯកសារ៖ ពលរដ្ឋម្នាក់ថតរូបទង់បក្សកុម្មុយនិស្តចិន នៅសារមន្ទីរមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋម្នាក់ថតរូបទង់បក្សកុម្មុយនិស្តចិន នៅសារមន្ទីរមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

សហរដ្ឋ​អាមេរិក កំពុង​តបត​ទៅវិញ​ចំពោះ​គំនិតផ្តួចផ្តើម​មួយ​របស់​រដ្ឋាភិបាល​ចិន ដែល​លើកទឹកចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​ចារកម្ម។ ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ឈ្លប​យកការណ៍​ពី​គ្នា​ទៅវិញ​ទៅមក គឺ​ជា​«ទង្វើដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ក្រៃលែង»។

នៅ​សប្តាហ៍​នេះ ក្រសួង​សន្តិសុខ​រដ្ឋ​ចិន ដែល​ជា​ទីភ្នាក់ងារ​ចម្បង​មើល​ការ​ខុសត្រូវ​លើ​បញ្ហា​ស៊ើបការណ៍​សម្ងាត់​បរទេស​និង​ប្រឆាំង​ចារកម្ម បាន​បង្ហោះ​សារ​មួយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម WeChat របស់​ចិន​ ដោយ​និយាយ​ថា ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់​ប្រឆាំង​ចារកម្ម តម្រូវ​ឲ្យ​មាន​ មិន​ត្រឹមតែ​ការងារ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​«ការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន​»ទៀត​ផង។

ចំណាត់ការ​ថ្មី​ចុង​ក្រោយ​នេះ​របស់​ក្រសួង​សន្តិសុខ​រដ្ឋចិន​កើតឡើង​ក្រោយ​ពី​ការ​ពង្រីក​វិសាលភាព​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ចារកម្មរបស់​ចិន ដែល​បាន​ចូលជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១ ​ខែ​កក្កដា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Matthew Miller បាន​និយាយ​ក្នុង​សន្និសីទ​មួយ​កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «យើង​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការ​អនុវត្ត​ច្បាប់​ថ្មី​ស្តីពី​ការ​ប្រឆាំង​ចារកម្មរបស់​ចិន ដែល​ជា​លាយលក្ខណ៍​អក្សរ ពង្រីក​វិសាលភាព​យ៉ាង​ធំធេង​នូវ​សកម្មភាព​ដែល​ចាត់​ទុកថា​ជា​ការស៊ើបការណ៍​សម្ងាត់»។​

នៅ​ពេល​មុន​ឆ្នាំនេះ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ប្រឆាំង​ចារកម្ម​របស់ខ្លួន ដែល​ហាម​ប្រាម​ការ​ចែកចាយ​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ។ តែ​ច្បាប់​នេះ​មិន​បាន​កំណត់​និយមន័យ​ជាក់លាក់​ថា ​តើអ្វី​ទៅ​ជា​សន្តិសុខ​ ឬ​ប្រយោជន៍​ជាតិ​របស់​ចិននោះទេ។

វិធានការ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ធ្វើឡើង​ដើម្បី​បង្កើន​ហានិភ័យ​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន​ពហុជាតិ​ជាច្រើន ដែល​ប្រកប​អាជីវកម្មក្នុង​ប្រទេស​ចិន។

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តីរាយការណ៍​នេះ មាន​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters៕

XS
SM
MD
LG