ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា អ្នកស្រាវជ្រាវ​​នៅ​សភា​ចក្រភព​អង់គ្លេស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចារកម្ម​ឱ្យ​ចិន


រូបឯកសារ៖ ទង់​សហជីព​អង់គ្លេស​ត្រូវបាន​ដាក់​នៅលើ​អគារ Victoria Tower នៅ​វិមាន​សភា ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០។
រូបឯកសារ៖ ទង់​សហជីព​អង់គ្លេស​ត្រូវបាន​ដាក់​នៅលើ​អគារ Victoria Tower នៅ​វិមាន​សភា ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០។

ប៉ូលិស​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន (៩ កញ្ញា) ​ថា ​ពួកគេ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់​២០ឆ្នាំ​ប្លាយ​ពី​បទចារកម្ម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Sunday Times។ ជន​នោះ​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សភា​របស់​ចក្រភព​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ធ្វើការ​ឱ្យ​ប្រទេស​ចិន។

ស្ថាប័ន​ប៉ូលិស​ Metropolitan របស់​តំបន់​រាជធានី​ឡុងដ៍​បាន​និយាយ​ថា៖ «ពួក​មន្ត្រី​មកពី​សេវាកម្ម​ប៉ូលិស​ក្រុង (Metropolitan Police Service) បាន​ចាប់ខ្លួន​បុរស២នាក់​កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា​ ពី​បទសង្ស័យ​បទល្មើស​នៅ​ក្រោម​មាត្រា​១​នៃ​ច្បាប់​ការណ៍​សម្ងាត់​ផ្លូវការ​ ឆ្នាំ​១៩១១»។

​ប៉ូលិស​ Metropolitan បាន​និយាយ​ទៀត​ថា៖ «បុរសដែល​មាន​អាយុ​ខ្ទង់៣០ឆ្នាំ​ប្លាយ​នោះ​បាន​ត្រូវ​ចាប់ ខ្លួន​នៅ​ឯ​អាស័យដ្ឋាន​ក្នុង​ស្រុក Oxfordshireហើយ​បុរស​ម្នាក់​ទៀត​ដែល​មាន​អាយុ​ខ្ទង់​២០ឆ្នាំ​ប្លាយ​បាន​ត្រូវ​ចាប់​ខ្លួន​នៅឯ​អាស័យដ្ឋាន​ក្នុង​ទីក្រុង Edinburgh (នៅ​ស្កុតលែនដ៍)»។

កាសែត The Sunday Times បាន​រាយការណ៍​ថា​ ជន​សង្ស័យ​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់២០ឆ្នាំ​ប្លាយ​បាន​ទាក់ទង​ជាមួយ​ពួក​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​អភិរក្សនិយម​ដែល​ជា​គណបក្ស​កាន់​អំណាច​ ខណៈ​ដែល​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ​របស់សភា។ ពួក​ដែល​ជន​សង្ស័យ​នោះ​បាន​ទាក់ទង​រួមមាន​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​លោក Tom Tugendhat និង​លោក​ស្រី Alicia Kearns ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​រដ្ឋសភា​ផង។

កាសែត​នោះ​បាន​បន្ថែម​ទៀត​ថា​ ជន​សង្ស័យ​នោះ​ជា​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ដែល​បាន​ធ្វើការ​លើ​គោលនយោបាយ​អន្តរជាតិ រួមមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​កាល​ពី​ពេល​មុន​ធ្លាប់​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចិន។

ប្រសិន​បើ​រកឃើញ​មាន​ភ័ស្តុតាង​ពិត វា​នឹង​ក្លាយ​ជា​ការប្រព្រឹត្ត​បទល្មើស​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុតមួយ​ទាក់ទិន​នឹង​រដ្ឋ​អរិភាព​នៅ​ឯ​សភា​របស់​ចក្រភព​អង់គ្លេស។

សេវាកម្ម​ស៊ើប​ការណ៍​សម្ងាត់​ក្នុង​ស្រុក MI5 របស់​អង់គ្លេស កាលពី​ឆ្នាំ​ទៅ​បាន​ព្រមាន​ថា​ ភ្នាក់ងារ​ស្រ្តី​ម្នាក់​របស់​រដ្ឋាភិបាល​ចិន​ដែល​គេ​ហៅ​ថា Christine Lee បាន​«ទាក់ទង​ក្នុង​សកម្មភាព​ជ្រៀតជ្រែក​នយោបាយ​ក្នុង​នាម​គណបក្ស​កុម្មុយនីស្ត​ចិន ​ដោយបាន​ទាក់ទង​ជាមួយ​ពួក​សមាជិក​រដ្ឋសភា​នៅឯ​សភា‍»។

កាលពី​ខែ​កក្កដា គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​រដ្ឋសភា​បាន​អះអាង​ថា ​ចិន​បាន​ដៅ​លើ​ចក្រភព​អង់គ្លេស​«ខាង​នយោបាយ​និង​ដោយ​គឃ្លើន» ​ហើយ​ថា ​រដ្ឋាភិបាល​មិន​មាន​«ធនធាន ជំនាញ​ ឬ​ចំណេះដឹង» ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ទេ។

លោកTugendhat ត្រូវ​បាន​គេរាយការណ៍​ថា ​មាន​ការទាក់ទង​មាន​កម្រិតតែ​ប៉ុណ្ណោះ​ជាមួយ​ជន​សង្ស័យ​នោះ ហើយ​មិន​បាន​ទាក់ទង​ក្នុង​ពេល​លោក​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ទេ៕

ប្រែសម្រួល​ដោយលោក ជឹង ប៉ូជីន

XS
SM
MD
LG