ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​សរសើរ​ស.រ.អា.​​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​​ផ្នែក​សន្តិសុខនាវាចរ​លើផ្ទៃ​សមុទ្រ


ទង់ជាតិ​​នៃ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
ទង់ជាតិ​​នៃ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។

ប្រទេស​អាស៊ាន​សរសើរ​ស.រ.អា.ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ស៊ី​ជម្រៅផ្នែក​សន្តិសុខ ​នាវាចរណ៍​លើ​ផ្ទៃ​សមុទ្រ​ និង​បញ្ហា​ជាច្រើន​ទៀត​របស់​សមាគម​អាស៊ាន។​ ​ក្រុម​មេដឹក​នាំ​អាស៊ាន​ និង​ក្រុម​មេ​ដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក​រួមទាំង​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​ផង​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​៩​ខែ​វិច្ឆិកា​ដល់ថ្ងៃ​ទី១៣​វិច្ឆិកា​ឆ្នាំ​២០១៤ ​ក្នុង​ទីក្រុង​ Nay Pyi Taw ​ប្រទេស​ភូមា ​ដើម្បី​ពិភាក្យា​លើ​បញ្ហា​បន្ទាន់ៗ​ជាច្រើន​ដែល​ទាក់ទង​នឹង​ពិភព​លោក​និងតំបន់។​

ក្រុម​មេដឹកនាំ​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​ អាស៊ាន​ ប្តេជ្ញា​ថា​ នឹង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ស៊ី​ជម្រៅថែមទៀត​រឿង​សន្តិសុខ​នាវា​ ចរណ៍​លើផ្ទៃ​សមុទ្រ​ និង​បញ្ហា​សំខាន់ៗ​ជាច្រើន​ទៀត​ជាមួយ​ស.រ.អា.​ ​ក្នុងពេល​ ដែល​ជម្លោះ​សមុទ្រ​ចិនខាង​ត្បូង​ក្លាយ​ជា​ការ​គំរាម​កំហែង​សម្រាប់​តំបន់។​ នេះ​បើ​តាម​ការឲ្យ​ដឹង​នៃ​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ប្រធាន​អាស៊ាន ​Chairman’s Statement ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អាមេរិក​លើក​ទី២​ ដែល​វីអូអេ​ខេមរ​ភាសា​ ទទួល​បាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្តនៃ​សមាគម​អាស៊ាន​មួយ។​

សេចក្តី​ព្រាង​ឯកសារ​អាស៊ាន​ដដែល​នោះបាន​បញ្ជាក់​ថា៖​

«យើង​សូម​ស្វាគមន៍​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន​ អាមេរិកដ៏​ស៊ី​ជម្រៅបញ្ហា​នាវា​ចរណ៍​លើ​ផ្ទៃ​សមុទ្រ​តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ ការចែក​រំលែក​ព័ត៌មាន ​និង​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេក​វិជ្ជា​ទាក់ទង​នឹង​វេទិកានាវា​ចរណ៍​ផ្សេងៗ​ ទៀត»។​

ឯកសារ​ដដែល​បាន​ផ្តល់​តម្លៃខ្ពស់​ដល់​ស.រ.អា.ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស.រ.អា.​ជាមួយ​នឹង​តំបន់​អាស៊ាន​ ជាពិសេស​ការផ្តល់​ថវិកា៣២,៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​កសាង​ប្រព័ន្ធ​សន្តិសុខ​ និង​ការ​ហ្វឹកហ្វឺន​ក្រុម​បុគ្គលិក​នាវា​ចរណ៍​ជាដើម។

«មេ​ដឹកនាំ​អាស៊ាន​សូម​អរគុណ​ចំពោះ​ការ​ប្រឹងប្រែង​របស់​ស.រ.អា.ក្នុង​ការ​ធ្វើ​ឲ្យ​ ប្រសើរ​ឡើង​ផ្នែក​កិច្ច​សហ​ប្រតិបត្តិការ​ជា​វិជ្ជមាន​ក្នុង​តំបន់»។​

បណ្តា​ប្រទេស​អាស៊ាន​បាន​ស្នើ​សុំ​ដល់​ស.រ.អា.ផង​ដែរ​ដើម្បី​ឲ្យ​ស.រ.អា.ដើរ​តួ​ សំខាន់​ខ្លាំងថែម​ទៀត​ក្នុងការ​គាំទ្រ​កិច្ចប្រឹង​ប្រែង​របស់​អាស៊ាន​ដើម្បី​ពង្រឹង​សមាហរណ​កម្ម​តំបន់​ និង​បង្រួម​គម្លាត​នៃការ​អភិវឌ្ឍ​ក្នុង​តំបន់​តាម​រយៈ​ការ​បង្កើន​ពាណិជ្ជ​កម្ម​វិនិយោគ​ និង​ការ​រិត​ចំណង​ទាក់ទង​ពលរដ្ឋ​និង​ពលរដ្ឋ។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ប្រធាន​អាស៊ាន​នេះ​ត្រូវគេ​គ្រោង​នឹង​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅថ្ងៃទី​១៣ ​វិច្ឆិកា​ជា​ថ្ងៃ​បញ្ចប់​ ដែល​ក្រុម​មេដឹកនាំ​មកពី​ប្រទេស​អាស៊ាន​១០​ប្រទេស​ មេ​ដឹកនាំ​ចិន ​និង​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ ​អូបាម៉ា​ ហើយ​នឹង​មេ​ដឹកនាំ​ប្រទេស​ដទៃ​ទៀត​គ្រោង​នឹង​ចូលរួម​ពិភាក្សា​លើ​បញ្ហា​ពិភព​លោក​និង​បញ្ហា​តំបន់​មួយ​ចំនួន​ ក្នុង​បំណង​បន្ថយ​ក្តី​បារម្ភ​របស់​សម្ព័ន្ធ​មិត្ត ​និង​ប្រទេស​មួយ​ចំនួន​ដែល​មាន​កង្វល់​អំពី​ឥទ្ធិពល​ចិន​ផង​នោះ​ ជាពិសេស​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគខាង​ត្បូង​ប្រទេស​ចិន។​

លោក​ចន សៀយ៉ូសៀយ៉ារី​ (John Ciorciari)​ សាស្រ្តាចារ្យ​ខាងគោល​នយោបាយ​ សាធារណៈ​នៃ​សាកល​វិទ្យាល័យ ​Michigan ​បាន​បញ្ជាក់​ថា ​ប្រទេស​អាស៊ាន​មួយ​ ចំនួន​ពិតជា​មាន​ក្តី​បារម្ភ​ខ្លាំង​ចំពោះ​ឥទ្ធិពល​ចិន​ក្នុង​ពេល​ដែល​រដ្ឋបាល​លោក​ អូបាម៉ា​បាន​បង្វែ​គោល​នយោបាយ​ស.រ.អា.មក​តំបន់​អាស៊ី។​

«ដូច្នេះ​ហើយ​កង្វល់​ដែល​ថា ​ចិន​អាច​បង្កើន​ឥទ្ធិពល​ខ្លួន​យ៉ាង​ខ្លាំង​នោះ ​រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ក្នុង​សមាគម​អាស៊ាន​បាន​រួមគ្នា​ងាក​បែរ​ទៅ​ជិត​ស្និទ​នឹង​ស.រ.អា. ហើយ​ស្វាគមន៍​ការ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​រឿង​ការទូត​ និង​សន្តិសុខ​ក្នុង​តំបន់។​ នេះ​ជា​រឿង​ជឿន​លឿន​ធំ​បំផុត​សម្រាប់ភាគី​ស.រ.អា.។​ ​ សម្រាប់ទស្សនៈ​វិស័យ​ចិន​វិញ​ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​ ​បើ​ទោះណា​ចិន​រងគ្រោះ​ដោយការ​បាត់បង់​ការ​ទូត​ពិតមែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ជម្លោះ​ជាមួយ​សមាជិក​អាស៊ាន​ខ្លះ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​ក្តី​ ក៏​ចិន​នៅតែ​អាច​បន្ត​ពង្រីក​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែរ»។​

លោក​ចន សៀយ៉ូសៀយ៉ារី ​(John Ciorciari)​ ​បាន​បញ្ជាក់​ថា​ ប្រទេស​អាស៊ាន​ មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​ស.រ.អា.ជាង​ជាមួយ​ចិន​ បើទោះជា​ចិន​នៅ​ឆ្នាំ​ថ្មីៗ​ នេះ​បាន​កើន​ឡើង​នូវ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋ​កិច្ច​ជាមួយ​នឹង​អាស៊ាន​ក្នុង​រយៈ​ ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​ក្តី។​

«ស.រ.អា.មាន​ប្រវត្តិ​យូរលង់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការការងារ​យ៉ាង​ជិត​ដិត​ជាមួយ​រដ្ឋ​ជា​សាមាជិក​អាស៊ាន​មួយ​ចំនួន។​ ប្រទេស​ទើបតែ​កើន​ទំនាក់​ទំនងឆ្នាំ​ថ្មីៗ​នេះ​ជា​តួអង្គ​សំខាន់​ផ្នែក​ការ​ទូត​ និង​សន្តិសុខ​តំបន់​ ហើយ​ក៏មាន​បន្ទុក​នៃ​ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ជោគជ័យ​មរតក៌​សង្គ្រាម​ត្រជាក់​នៃ​ទំនាក់​ទំនង​ប្រទូសរ៉ាយ​ជាមួយ​នឹង​ប្រទេស​អាស៊ាន​មួយ​ចំនួន។ ​ដូច្នេះ​ចិន​ជាទូទៅ​មិនមាន​ទំនាក់​ទំនង​ខ្លាំង​ដូច​ស.រ.អា.និង​មាន​ទំនាក់​ទំនង​សន្តិសុខ​មិនល្អ​ដូច​ស.រ.អា.ទេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។​

បន្ថែម​ពី​លើ​គោល​នយោបាយ​របស់​ស.រ.អា.នោះ​ លោក​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជាអ្នក​វិភាគ​មួយរូប​បាន​អះអាង​ថា​ ការ​ពាក់​ព័ន្ធ​របស់​ស.រ.អា.​ក្នុង​តំបន់​អាស៊ាន​យោងទៅ​លើ​បញ្ហា​ជាច្រើន ​រួមទាំង​ទំនាស់​សមុទ្រ​ចិន​ខាងត្បូង ​និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់​ផង​ដែរ។​

«ដោយសារ​ជម្លោះ​ប្រទេស​ចិន​ ស.រ.អា.ក៏យកចិត្ត​ទុកដាក់​ដែរ ​ជាពិសេស​នៅ​ក្នុង​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ផ្លូវ​សមុទ្រ​ដ៏ធំ​ជាង​គេ​សម្រាប់ដឹក​ទំនិញ​ច្រើន​ ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ហ្នឹង។​ ដូច្នេះ​ស.រ.អា.ចាប់​អារម្មណ៍​ធ្វើ​ម៉េច​ធានា​ សន្តិសុខ​ផ្លូវ​សមុទ្រ​ហ្នឹង​ដើម្បី​បើក​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​នៅ​បន្ត​មាន​សេរីភាព​ ហើយ​នេះ​ជាប្រធាន​បទមួយ​ដែល​អាស៊ាន​ក៏​ចាប់​អារម្មណ៍ ​ហើយ​ក៏​មាន​ផល ប្រយោជន៍​ដែរ​ ដោយសារ​អញ្ចឹង​ហើយ​បាន​ជា​ទំនាក់​ទំនង​អាមេរិក​អាស៊ាន​គឺ​ ផ្តោត​ទៅ​លើ​ឆ្នេរ​សមុទ្រ​ចិន​ខាងត្បូង​ ផ្តោត​ទៅ​លើ​សន្តិសុខ​រួម»។​

លោក​បាន​បន្ថែម​ថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​មាន​ជម្លោះ​ជាមួយ​ចិន​ ហើយ​ខ្លះ​ក៏​មិន​មាន​ជម្លោះ​ និង​រង​ឥទ្ធិពល​នយោបាយ​ និង​សេដ្ឋកិច្ច​ពី​ចិន​ដែរ​ ក្នុង​នោះ​មាន​ដូចជា​កម្ពុជា​ជាដើម​ ដែល​លោក​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​ដែល​មិន​មាន​ជម្លោះ​ជាមួយចិន​ គេមិន​ចង់ឲ្យ​អាស៊ាន​ទាញ​ទៅ​ក្នុង​ជម្លោះទេ។​

«ជា​យុទ្ធសាស្ត្រ​របស់​គាត់​ ចិន​ធ្វើ​ម៉េច​កុំ​ឲ្យ​អាស៊ាន​ធ្វើការ​សម្រេច​ចិត្ត​រួម​បាន។​ ហើយ​ការ​ព្យាយាម​ធ្វើ​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន​គឺ​ងាយ​ស្រួល​ទេ​ ព្រោះ​អី​ អាស៊ាន​មាន​សមាជិក​១០​បច្ចុប្បន្ន​នេះ ហើយ​សមាជិក​មួយ​ណា​ក៏​អាច​បដិសេធ​ បាន​ដែរ​ ធ្វើការ​សម្រេច​អី​ក៏​ដោយ​ ទាល់តែ​សមាជិក​ទាំង​១០​យល់ព្រម។​ អញ្ចឹង​បើ​មាន​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១០​ហ្នឹង​មិន​យល់ព្រម​ អាស៊ាន​ធ្វើអី​ក៏​អត់​កើត​ដែរ»។​

លោក​អ៊ូ វីរៈ​បាន​សង្កត់​ធ្ងន់​ថា​ ដោយសារ​ប្រទេស​ភូមា​ងាក​បែរចេញ​ពី​ចិន​ ចិនបាន​ចាប់​យក​កម្ពុជា​ជាដៃគូ​តែ​មួយ​ក្នុង​អាស៊ាន។​

«ពី​ដើម​មក​ចិន​ពឹង​ផ្អែក​ទៅ​លើ​ភូមា​ តែ​ពេល​បច្ចុប្បន្ន​នេះ​ចិន​ពឹង​ភូមា​លែង​បាន​ហើយ​ អញ្ចឹង​ចិន​ព្យាយាម​មក​ពឹង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ម៉េច​រារាំង​កុំ​ឲ្យ​អាស៊ាន​រៀបចំ​ជា​កម្លាំង​រួមគ្នា​ក្នុង​ការ​ទប់​ឥទ្ធិពល​ចិន»។​

ចិន​ចង់​ឲ្យ​មាន​ការ​ចរចា​ទ្វេភាគី​ជា​មួយ​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​រឿង​ ដែនសមុទ្រ​ តែ​ប្រទេស​មាន​ជម្លោះ​ខ្លះ​ចង់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ទាំងមូល។​

លោក​ជាង សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ដែល ធ្លាប់​ធ្វើការ​ទាក់ទង​នឹង​កិច្ចការ​យុវជន​អាស៊ាន​ បាន​ថ្លែង​ថា ​បញ្ហា​ជម្លោះ​សមុទ្រ​ ចិន​ខាង​ត្បូង​ត្រូវ​ការ​ស.រ.អា.ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​និង​បន្ធូរ​បន្ថយ​បរិយាកាស​តាន​តឹង​ដែល​ជា​ក្តី​បារម្ភ។​

«នេះ​ជា​ទំនាស់​មួយ​ដ៏ស្រួច​ស្រាវ។​ បើ​សិន​ជាប្រទេស​ដែល​ពាក់​ព័ន្ធ​ជាមួយ​ ទំនាស់​ហ្នឹង​មិន​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​ទេ​ វា​អាច​ក្លាយ​ទៅ​ជា​ហិង្សា​ នៅ​ក្នុង​តំបន់​ ហើយត្រង់​ចំណុច​ហ្នឹង​ដែរ ​យើង​គិត​ថា​ ស.រ.អា.មាន​តួនាទី​មួយ​ សំខាន់ ​ដែល​អាច​ធ្វើឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ដោះស្រាយ​វិបត្តិ​ហ្នឹង​ដោយ​ សន្តិវិធី»។​

នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ ប្រជុំ​កំពូល​លើក​ទី១៧ ​អាស៊ាន​ចិន​ដែល​វីអូអេ​ទទួល​បានដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អាស៊ាន​និង​ចិន​បាន​ប្តេជ្ញា​ដែរ​ថា ​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ស្រដៀង​គ្នា​នឹង​ស.រ.អា.ដែរ។​

«យើង​ស្វាគមន៍​ការ​ប្តេជ្ញា​របស់​ចិន​ក្នុង​ការ​អនុវត្ត​ពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​នៃ​ភាគី ដែល​ទាមទារ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ (DOC) ​ទាំងស្រុង​ ហើយ​ប្តេជ្ញា​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ COC ​តាម​គោល​ការណ៍​យល់​ព្រម​ជា​«ឯកឆន្ទៈ ​ឬ​កុងសង់​ស៊ុស»។​ គោល​បំណង​នៃក្រុម​ប្រតិបត្តិ ​COC ​នេះ​គឺ​ដើម្បី​បង្កើន​ការ​ជឿ​ជាក់ ​និង​ទំនុក​ចិត្ត​ រារាំង​ហេតុ​ការណ៍ ​និងទប់​ស្កាត់​ហេតុ​ការណ៍​មិន​ឲ្យ​កើត​ឡើង ​ដែល​រឿងនេះ​អាច​ជួយ​បង្កើត​បរិយាកាស​អំណោយ​ផល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​កើត​ឡើង​ជាយថាហេតុ»។​

ប្រទេស​អាស៊ាន​ តាម​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ធានា​សន្តិភាព​ ស្ថិរភាព​ និង​សន្តិសុខ​នាវា​ចរណ៍​ក្នុង​តំបន់​ ហើយនឹង​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ ​DOC ​និង​សេចក្តី​ថ្លែង​ការណ៍​រួម​កាលពី​ឆ្នាំ​២០១២​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ចិន​លើក​ទី​១៥​ជាដើម។ ​

«ក្នុង​បរិបទ​នេះ​ យើង​សូម​បញ្ជាក់​ឡើងវិញ​ពី​ការ​ប្តេជ្ញា​របស់​យើង​បន្ត​អនុវត្តឲ្យ​ បាន​ពេញ​លេញ​និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តី​ថ្លែង​ការណ៍​ DOC ​ដើម្បី​កសាង​ ការ​ជឿ​ជាក់​ និង​ទំនុកចិត្ត​ដើម្បី​ពង្រឹង​សន្តិសុខ​នាវាចរណ៍ ​ហើយ​លើក​ទឹក​ចិត្ត​ ដល់​ភាគី​ពាក់ព័ន្ធ​ ឲ្យដោះ​ស្រាយ​ជម្លោះ​របស់​ខ្លួន​ដោយ​សន្តិវិធី​តាម​គោល​ ការណ៍ច្បាប់ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ រួមទាំង​កតិការ​សញ្ញា​អ.ស.ប.ឆ្នាំ ១៩៨២​ស្តី​អំពី​ច្បាប់​សមុទ្រ​ (UNCLOS) ​ដោយ​មិន​ប្រើប្រាស់​ការ​គំរាម​កំហែង​ ឬ​ការ​ប្រើ​កម្លាំង​យោធា ​និង​បញ្ជៀស​ការ​ធ្វើ​សកម្ម​ភាព​ទាំងឡាយ​ ដែល​នាំ​ឲ្យ​មាន​ ការ​ស្មុគ​ស្មាញ​ ឬ​បង្កើន​ជម្លោះ ដែល​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព»។​

ដោយ​ឡែក​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស.រ.អា.​ បាន​ស្វាគមន៍​ចំពោះ​ស.រ.អា.លើ​បញ្ហា​ជាច្រើន​ទៀត​ហើយ​នឹង​ប្តេជ្ញា​រួមគ្នា​ថា​ នឹង​ដោះស្រាយ​បញ្ហា​ភេរវកម្ម ​ការ​ប្រែប្រួល​អាកាស​ធាតុ ​ការ​ទប់​ស្កាត់​ការ​រីកសាយ​ភាយ​អាវុធ​ប្រល័យ​លោក​ និង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​រឿង​បរិស្ថានអាង​ទន្លេ​មេគង្គ ​វិស័យ​អប់រំ ​កសិកម្ម ​សន្តិសុខ​ស្បៀង ​សន្តិសុខ​ថាមពល​ និង​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​ផង​ដែរ៕​

XS
SM
MD
LG