មានការបង្ហាញឲ្យឃើញថា កិច្ចប្រជុំកំពូលរបស់អាស៊ាននៅថ្ងៃពុធ នឹងមានការជឿនលឿនទាក់ទងនឹងជម្លោះដែនដីដ៏តានតឹង និងអូសបន្លាយនៅក្នុងតំបន់ គឺការសម្រេចបង្កើតក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។
នៅឯវេទិកាសន្តិសុខតំបន់កាលពី៣ខែមុន ប្រទេសសមាជិកអាស៊ានទាំង១០អំពាវនាវឲ្យធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឲ្យបានឆាប់។
ខណៈមេដឹកនាំអាស៊ានប្រជុំសប្តាហ៍នេះនៅរដ្ឋធានីប្រទេសភូមាប្រហែលមិនអាចទម្លុះទម្លាយបញ្ហាទាំងស្រុងនោះ អ្នកនាំពាក្យប្រធានាធិបតីភូមាប្រាប់វីអូអេថា មានការតាំងចិត្តពីភាគីទាំងអស់ឲ្យពន្លឿនរឿងនេះ។
លោក Ye Htutជារដ្ឋមន្ត្រីក្រសួងព័ត៌មានភូមា។
«យើងរំពឹងថា ក្រោយកិច្ចប្រជុំកំពូលនេះ ភាគីទាំងអស់អាចព្រមព្រៀងគ្នាពីដំណើរការអនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់»។
រដ្ឋសមាជិកអាស៊ានបារម្ភខ្លាំងឡើងៗអំពីជម្លោះដែនសមុទ្រទាក់ទងនឹងកប៉ាល់ចិន ដែលមន្ត្រីអាមេរិកហៅថា អាក្បកិរិយាចិនកាន់តែគឃ្លើនឡើងក្នុងដែនទឹកមានជម្លោះ។
វៀតណាម និងហ្វីលីពីនជាសមាជិកអាស៊ានដែលបង្ហាញកង្វល់ច្រើនបំផុត។ នេះជាអ្វីដែលអគ្គលេខាធិការអាស៊ាន ដែលជាអ្នកការទូតវៀតណាមជើងចាស់ទទួលស្គាល់ក្នុងបទសម្ភាសន៍ជាមួយវីអូអេ។
លោក Le Luong Minh ជាអគ្គលេខាធិការអាស៊ាន
«យើងឃើញគម្លាតធំឡើងរវាងការតាំងចិត្តខាងនយោបាយនិងសកម្មភាពជាក់ស្តែងលើសភាពការណ៍នៅសមុទ្រ។នេះជាឧបសគ្គដែលយើងត្រូវជម្នះ»។
មានកង្វល់ថា កិច្ចព្រមព្រៀងក្រមប្រតិបត្តិនឹងជួបការលំបាកច្រើនទៀត ពេលម៉ាឡេស៊ី ដែលគាំទ្រចិន ក្លាយជាប្រធានអាស៊ានប្តូរវេនគ្នានៅឆ្នាំក្រោយ។
អគ្គលេខាធិការអាស៊ានពីមុននិយាយថា កិច្ចការអាស៊ានមានល្បឿនយឺតតាមសមាជិកស្ទក់បំផុត ព្រោះអ្វីៗត្រូវតែមូលមតិគ្នា៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ