ក្រុមអង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលើកឡើងថា ច្បាប់មួយចំនួនដែលរដ្ឋាភិបាលបានអនុម័តថ្មីមួយរយៈពេលចុងក្រោយនេះ ពិសេសច្បាប់ស្ដីពីអង្គការនិងសមាគម បានធ្វើឱ្យសកម្មភាពរបស់អង្គការក្នុងស្រុកមានការថយចុះ។ បន្ថែមលើនេះ ការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល និងការគំរាមកំហែងជាបន្តបន្ទាប់ពីរដ្ឋាភិបាល បានធ្វើឱ្យអង្គការក្នុងស្រុកមួយចំនួនកាន់តែអសកម្មថែមទៀត។
ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា CCC ដែលមានការចូលរួមពីអង្គការជាសមាជិកសរុបប្រមាណ១៦០ស្ថាប័ន កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សាជាក្រុមដែលជាផ្នែកមួយនៃកិច្ចប្រជុំនេះដោយផ្ដោតលើប្រធានបទ «លំហសង្គម» លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានប្រសាសន៍ថា សេរីភាពរបស់ប្រជាពលរដ្ឋនិងសង្គមស៊ីវិលកាន់តែរួមតូចទៅៗ ដោយសារការគំរាមកំហែងពីរដ្ឋាភិបាល។ លើសពីនេះលោកថា ច្បាប់មួយចំនួនដែលទើបត្រូវបានអនុម័តនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានក្លាយទៅជាគំនាបដ៏ធំដល់អង្គការសង្គមស៊ីវិលក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យផងដែរ។
«ដូចជាច្បាប់ NGOs ច្បាប់សហជីព សុទ្ធតែដាក់សម្ពោធខ្លាំងទៅលើដំណើរការនៃសង្គមស៊ីវិលនេះ។ ហើយបើយើងមើលអំពីសេរីភាពនៃការជួបប្រជុំ សព្វថ្ងៃនេះគឺរដ្ឋាភិបាលបង្ក្រាបដោយគ្មានខ្វល់នឹងច្បាប់ ដោយអត់មានខ្វល់នឹងកាតព្វកិច្ចខ្លួនឯង។ហើយយើងមើលអំពីសេរីភាពនៃការបញ្ចេញមតិសព្វថ្ងៃនេះ ទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលជាពិសេសនាយករដ្ឋមន្ត្រីផ្ទាល់គំរាមស្ទើរាល់ថ្ងៃ»។
លោក ប៉ា ងួនទៀង បន្ថែមទៀតថា ការជួបប្រជុំរបស់ប្រជាពលរដ្ឋក្នុងសម្ដែងមតិ ឬតវ៉ាលើបញ្ហាអ្វីមួយជាញឹកញយក៏ត្រូវបានបង្ក្រាបផងដែរ។
ស្រដៀងគ្នានេះ លោក សោម សេរីវឌ្ឍនា មកពីអង្គការអភិវឌ្ឍន៍សហគមន៍ជនបទនិងបរិស្ថានក្នុងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ច្បាប់ស្ដីពីអង្គការសមាគម និងសម្ពាធនយោបាយបានធ្វើឱ្យអង្គការក្នុងស្រុកមួយចំនួនមានការបាក់ទឹកចិត្ត និងបាត់បង់ភាពក្លាហានក្នុងការបំពេញសកម្មភាពរបស់ខ្លួនដើម្បីអប់រំប្រជាពលរដ្ឋ។ លើសពីនេះ លោកថា បញ្ហាពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដែលជាអង្គការការពារសិទ្ធិមនុស្សធំមួយ ក៏ជាការគំរាមកំហែងខ្លាំងក្លាមួយផងដែរ។
«ចុះទម្រាំពួកយើងដែលជា NGO នៅតាមខេត្ត បណ្ដាញតាមខេត្តតូចតាច សព្វថ្ងៃធ្វើការនេះ ស្រួលមិនស្រួល គេតាមមើលទៀត។ តែយើងរាងជួបជុំគ្នាញាប់បន្តិច គេហៅទៅសួររករបាយការណ៍ឥឡូវហើយ។ បាទ! តាមច្បាប់ថ្មីហ្នឹង ឱ្យយើងផ្ដល់របាយការណ៍ផ្ដល់ស្អីៗឱ្យគេ»។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាដដែលនេះថា តាមការសង្កេតរបស់លោក អង្គការសមាគមភាគច្រើនពុំសូវហ៊ានធ្វើសកម្មភាពច្រើនដូចមុននោះទេ ក្រោយពេលច្បាប់ស្ដីពីអង្គការសមាគមបានចូលជាធរមាន។ លើសពីនេះ លោកថា ក្រុមអង្គការសង្គមស៊ីវិលខ្លួនឯងខ្វះការចងក្រង និងសហការគ្នាដើម្បីជួយគ្នាទៅវិញទៅមកពេលមានបញ្ហាណាមួយកើតឡើង។
«គឺការជួបជុំគ្នាអី ពីពេលមុនៗមកធ្លាប់[ធ្វើ]គឺលែងមានហើយ គឺធ្វើម៉េចត្រូវស្ងៀមស្ងាត់រៀងៗខ្លួន ហើយអង្គុយចាំមើលមើល ហើយធ្វើម៉េចការពារខ្លួនឯងហ្នឹង កុំឱ្យទទួលរងផលប៉ះពាល់ពីគេ ពិសេសដូចជាការធ្វើការងារនៅតាមមូលដ្ឋានអីក៏អត់ហ៊ានក្ដុងក្ដាំងអីទេ។ យើងខ្លាច NGO Law (ច្បាប់ស្ដីពីអង្គការសមាគម)»។
លោកស្រី Wan Hea Lee តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) មានប្រសាសន៍ថា បញ្ហាលំហសិទ្ធិសេរីភាពសង្គមគឺជាកង្វល់របស់ពិភពលោកទាំងមូល។ លោកស្រីបន្តថា រឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាន់តែបង្ហាញសារៈសំខាន់នៃលំហសង្គមនេះ ដែលគ្រប់គ្នាត្រូវរួមចំណែកទប់ស្កាត់វាកុំឱ្យកាន់តែរួមតូច។
លោកស្រី Wan Hea Lee បន្តថាកន្លងមក អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដែលនាំឱ្យមានលទ្ធផលវិជ្ជមានជាច្រើន។
«ដូច្នេះហើយខ្ញុំចង់ត្រឡប់ទៅនិយាយអំពីសាមគ្គីភាពនៅក្នុងចំណោមអង្គការសង្គមស៊ីវិល។ នេះជារឿងសំខាន់។ នៅពេលដែលអ្នកណាម្នាក់នៅក្នុងអង្គការសង្គមស៊ីវិលរងការគំរាមកំហែង សង្គមស៊ីវិលទាំងមូលគឺត្រូវបានគំរាមកំហែង ព្រោះថារឿងដូចគ្នានេះអាចកើតឡើងលើអ្នកគ្រប់គ្នា។ ហើយនេះមិនមែនកើតឡើងចំពោះតែសង្គមស៊ីវិលនោះទេ វាក៏អាចកើតឡើងចំពោះជនសាមញ្ញនៅតាមផ្លូវផងដែរ។ ច្បាប់ឬក៏បទបញ្ជាដែលអាចប្រើដើម្បីប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សក៏អាចប្រើជាមួយសាធារណជនដែលមិនមានអ្នកការពារផងដែរ។ ដូច្នេះ គ្រប់ពេលដែលបញ្ហាដូចនេះកើតឡើង មិនថាវាត្រូវបានប្រើប្រាស់លើអ្នកណានោះទេ វាសំខាន់ខ្លាំងណាស់ដែលយើងត្រូវរួបរួមគ្នា»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃច្រានចោលការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល។ លោកថា ច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលពុំបានរឹតបន្តឹងសេរីភាពរបស់អង្គការសង្គមស៊ីវិលនោះទេ។
លោក ខៀវ សុភ័គ អះអាងដែរថា ចំនួនអង្គការសមាគមដែលចុះឈ្មោះនៅក្រសួងមានការកើនឡើងពីជាង៣០០០ពាន់ទៅដល់ជាង៤០០០ស្ថាប័ន ក្រោយច្បាប់ស្ដីពីអង្គការសមាគមត្រូវបានអនុម័ត។
«ច្បាប់ហ្នឹងវាតឹង ម៉េចបានតួលេខហ្នឹងវាចេះតែកើនឡើង? ដូច្នេះអ្នកដែលថាច្បាប់អី គាត់ចេះតែលើកឡើងដើម្បីបម្រើឱ្យនូវអ្វីដែលគាត់គិតឃើញនៅមុនការបោះឆ្នោតប៉ុណ្ណឹងឯង»។
លោក ខៀវ សុភ័គ បន្ថែមទៀតថា ការបង្ក្រាបលើអ្នកតវ៉ា និងការចាប់ខ្លួនសកម្មជននយោបាយនិងសិទ្ធិមនុស្សគឺជាការអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តិខុសតែប៉ុណ្ណោះ។
ច្បាប់ស្ដីពីសមាគម និងអង្គការសង្គមស៊ីវិលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥។ សង្គមស៊ីវិលជាតិនិងអន្តរជាតិយល់ថា មាត្រាមួយចំនួននៃច្បាប់ទាំងពីរនេះបានរឹតត្បិតដល់សេរីភាពរបស់អង្គការសង្គមស៊ីវិល។
ចំណែកច្បាប់ស្ដីពីសហជីពត្រូវបានអនុម័តកាលពីឆ្នាំ២០១៦។ មាត្រាមួយចំនួននៃច្បាប់នេះត្រូវគេមើលឃើញថា បានរំលោភបំពានលើសិទ្ធិរបស់កម្មករក្នុងការចូលរួមជាមួយសហជីពការតវ៉ា និងការប្រមូលផ្តុំរបស់ពួកគេជាដើម៕