ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​អធិការ​រង​នគរបាល​ខណ្ឌចំការមន​វាយ​ពលរដ្ឋ​នាំឱ្យ​មាន​ការរិះគន់​អំពី​ឥរិយាបថ​របស់​មន្ត្រី​អនុវត្ត​ច្បាប់


រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីការប្រឈមមុខគ្នារវាងបុរសម្នាក់ដែលបានបើករថយន្ត PRIUS និងបុរសម្នាក់ទៀតដែលត្រូវបាន​គេ​រាយការណ៍ថាជាអធិការរងនគរបាលខណ្ឌចំការមន។ (ហ្វេសប៊ុក/ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីការប្រឈមមុខគ្នារវាងបុរសម្នាក់ដែលបានបើករថយន្ត PRIUS និងបុរសម្នាក់ទៀតដែលត្រូវបាន​គេ​រាយការណ៍ថាជាអធិការរងនគរបាលខណ្ឌចំការមន។ (ហ្វេសប៊ុក/ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ជុំវិញ​ករណីអធិការ​រង​នគរ​បាល​ខណ្ឌ​ចំការ​មន​ម្នាក់ ​ដែលត្រូវ​បាន​បណ្តាញ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍ថា ​បាន​ប្រើ​ប្រាស់​ហិ​ង្សាវាយ​ពល​រដ្ឋក្នុង​ទំនាស់​ពាក្យ​សម្តី​មួយ​ ​នា​យប់ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នាពេលថ្មីៗ​នេះ អ្នក​តាម​ដាន​សង្គមជំរុញ​ឱ្យអាជ្ញាធរ​ពាក់ព័ន្ធអនុ​វត្ត​ច្បាប់​ឱ្យ​បានតឹង​រ៉ឹ​ង​លើ​មន្ត្រី​ដែល​ប្រើ​ប្រាស់​ហិង្សា​លើ​ពល​រដ្ឋ​នោះ​។

ពួកគេ​ស្នើឱ្យ​មានការ​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ​ ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​រូប​ភាព​បែប​នេះកើត​ឡើង​ក្នុង​សង្គមញឹក​ញាប់ និង​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​លើ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​សា​ធារណៈ​ ក្នុង​ករណី​មាន​ការ​ដោះ​ស្រាយ​វិវាទ​ចរា​ចរណ៍​ ឬ​ការបង្ក​កា​រខូចខាត​ទ្រព្យ​សម្បត្តិ​ឯក​ជន។

​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​ លោក​ ប៉ា ចន្ទរឿន ថ្លែង​ថា​ បើ​ក្នុង​ករណី​អ្នក​ណា​ម្នាក់ បង្កគ្រោះ​ថ្នាក់​ចរា​ចរណ៍ ឬធ្វើឱ្យ​ខូត​ខាត​ទ្រព្យ​សម្បត្តិ​អ្នកដទៃ គឺអាជ្ញាធរមិន​ត្រូវ​ប្រើប្រាស់​ហិង្សា​លើ​ពល​រដ្ឋ​នោះ​ទេ​។ ដូច្នេះ​ក្នុងករណី​ប្រើប្រាស់​អំពើ​ហិង្សាបែបនេះ ​លោកថា ​អាជ្ញាធរ​ពា​ព័ន្ធ​ ​ត្រូវយក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ​និងផ្តន្ទា​ទោស​មន្ត្រី​នគរបាល​ដែល​ប្រើប្រាស់​ហិង្សា​វាយ​ដំ​ប្រជា​ពល​រដ្ឋ​។

លោកថ្លែង​ប្រាប់វីអូអេ​ថា៖ ​«​ក្នុង​នាមជា​អាជ្ញាធរ គឺ​ត្រូវ​យក​ច្បាប់​មក​ដោះ​ស្រាយ​។ ​ដូច្នេះ ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិ​ធម៌សម្រាប់​ប្រជាពលរដ្ឋ ​និងដើម្បី​កុំឱ្យវា​បង្កើតនូវគំរូ​អាក្រក់​ដល់​ប៉ូលិស​ដទៃ​ទៀត»។

​លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់​ព័ន្ធដែល​ចូលរួម​ដោះស្រាយ​ករណី​ខាងលើត្រូវតែផ្តោត​លើការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់​ ​ជា​ពិសេសទាក់​ទង​មន្ត្រី​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ជា​ប៉ូលិស​ ​ដែល​មាន​ការបំពាន​ច្បាប់ និង​សិទ្ធិ​អំណាច​ ឬ​ការ​បំពេញ​ការងារ​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​។

​ក្នុងហេតុការណ៍​ប៉ះទង្គិច​ពាក្យ​សម្តី​កាល​ពី​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃចន្ទ ​នាវេលាម៉ោង​ជាង១​ នៅ​ចំណុច​ផ្លូវ​បំបែក​ជា​បួន​ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ព្រំ​ប្រទល់​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ បុរស​ម្នាក់បានបើក​រថយន្ត​ PRIUS ​ទៅ​បុក​ខឿន​ផ្ទះ​ប្រជា​ពល​រដ្ឋ​បណ្តាល​ឱ្យ​ខូច​ខាត​បន្តិច​បន្តួច។​

ប៉ុន្តែ​ក្រោយ​ឧប្បតិ្ត​ហេតុ​នោះ ​បុរស​ម្នាក់​ទៀត​ ​ដែល​ជា​អធិការ​រង​នគរ​បាល​ខណ្ឌ​ចំការមន ​បាន​លេច​មុខ​មក​ ដោយ​ជិះ​ម៉ូតូ​ម៉ាក ​PCX មក​ឃាត់​រថ​យន្ត​ និង​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យ​ រហូត​ដល់​ប្រើ​អំពើ​ហិង្សា វាយ​ម្ចាស់​រថ​យន្ត​នោះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញបង្ហោះក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពីថ្ងៃ​ចន្ទ​។

​អធិការ​រង​រូបនោះ ឈ្មោះ ហ៊ួត គង់​ ​ទទួល​ផែន​បច្ចេក​ទេស​កោសល្យ​វិច្ច័យនៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ហើយ​នៅ​ពេល​ដែល​ប្រើ​ប្រាស់​ហិង្សា​លើ​បុរសម្ចាស់​រថយន្ត​ ​គឺ​អធិការ​រង​រូប​នោះ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោគ​ជាំ​។ នេះ​បើ​តាម​សារ​ព័ត៌​មាន Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​។​

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី អ្នក​នាំ​ពាក្យ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​លោក ​សាន សុខ​សីហា​ និង អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ លោក ​ឆាយ គឹម​ខឿន ​បាន​នៅ​ឡើយទេ នៅ​ថ្ងៃ​អង្គារ​នេះ ​ទាំង​តាម​ប្រព័ន្ធទូរស័​ព្ទ និង​តាម​បណ្តាញ​ទំនាក់​ទំនង​តេ​ឡេក្រាម​។

វីអូអេក៏មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហ៊ួត គង់ ​បាន​ដែរ​ ​នៅថ្ងៃ​អង្គារ​នេះ​។

អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ លោក ស៊ឹង សែន​ករុណា​ យល់​ថា​ មន្ត្រី​នគរបាល​ដែល​ប្រើប្រាស់​ហិង្សា​លើពលរដ្ឋ​ដូច​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គួរតែ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យធ្ងន់​ធ្ងរ ដូចជា​ការ​ដក​ហូតតួ​នាទី ​និង​ការ​ផ្តន្ទាទោសឱ្យស្រប​តាម​នីតិវិធី​ច្បាប់​ព្រហ្ម​ទណ្ឌ​ឱ្យបាន​តឹង​រ៉ឹង ​ព្រោះ​មន្ត្រី​ជា​អ្នក​អនុវត្តច្បាប់ និង​យល់​ដឹង​ពីច្បាប់ ហើយ​ម្យ៉ាង​ទៀត​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​រូប​ភាព​អាក្រក់​បែបនេះ កើត​ឡើង​ក្នុង​សង្គម​បន្ត​ទៀត​។​

បើ​តាមលោក ស៊ឹង សែន​ករុណា​ ការ​ដែល​មន្ត្រី​នគរ​បាល​រូបនោះ ​ហ៊ាន​ប្រើប្រាស់​ហិង្សាវាយពលរដ្ឋគឺ​អាច​មកពី​អាងលើអំណាច​របស់ខ្លួន ឬអាងលើ​អ្នក​មានឥទ្ធិពលនៅពី​ក្រោយ​ផងដែរ។

​លោកថ្លែងថា៖ ​«ករណីនេះ ​ដើម្បីកុំ​ឱ្យ​រងការ​រិះគន់ និង​ប៉ះពាល់​ទៅដល់កិត្តិយស ​និង​សេច​ក្តីថ្លៃថ្នូរ​របស់​មន្ត្រី ​សមត្ថ​កិច្ច​ផ្សេងទៀត គួរមាន​វិធានការ​ច្បាស់​លាស់​ណាមួយ​ មិនត្រូវ​គ្រាន់តែ​មាន​ការ​លើក​ឡើង ហើយ​មិន​ឃើញ​មាន​ចំណាត់​ការ​នោះ​ទេ។ អ៊ីចឹង​គួរតែមាន​ការដាក់​ទោស​ទណ្ឌ​ទៅតាម​នីតិវិធីច្បាប់​ឱ្យធ្ងន់ធ្ងរ​ជាង​ពលរដ្ឋ​សាមញ្ញ ដែល​មិន​យល់​មិនដឹង​ច្បាប់»។

ក្រៅ​ពីនេះ ​អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ​ កត់​សម្គាល់​ថា កន្លងមក​ ក្នុង​ករណី​វិវាទ​ការ​ងារនៅក្រុមហ៊ុន​ណា​ហ្គា​វើល​ដ៏ គឺលោក​ក៏​ឃើញរូបភាព​ហិង្សា​លើ​ក្រុមកូដករ​ ដោយ​សកម្ម​ភាព​វាយដំ​ ធាក់​ពីសំណាក់​កងសន្តិសុខ​ចម្រុះ រហូត​ដល់​មាន​ករណី​ស្ត្រី​ក្នុង​ក្រុមកូដករ​នោះ​រលូត​កូន​ជាដើម ដោយករណី​ទាំង​នោះ​ ក៏មិន​ឃើញចាប់​មន្ត្រី ​ឬ​ជន​បង្ក​ ​យក​មកផ្តន្ទា​ទោស​ផង​ដែរ។ ដូច្នេះ​លោក​ថា មន្ត្រី​ទាំង​អស់​ ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ក្រម​សីល​ធម៌​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់ ដោយ​មិន​ត្រូវប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ផង​ខ្លួន​ តាមតែ​អំពើចិត្ត​ ដែល​ផ្ទុយ​ពី​ច្បាប់ និង​ក្រម​សីល​ធម៌​នោះ​ទេ៕

XS
SM
MD
LG