ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​អនុវត្ត​សាកល្បង​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​នៅ​ដើម​ខែ​កញ្ញា​ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​


អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នឹង​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​នូវ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ការ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ចាប់​ពី​ថ្ងៃ​ទី១ ​ខែ​កញ្ញា​ ឆ្នាំ​២០២២​នេះ​ត​ទៅ។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ចេញ​នៅ​ថ្ងៃ​ទី​៩ ​ខែ​សីហា​ ឆ្នាំ​២០២២​នេះ​ ​ កម្មវិធី​ដក​ពិន្ទុបណ្ណ​បើកបរ ​និង​ការ​បង់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ ​ដែល​រៀបចំ​ដោយ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​នេះ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នៅ​ទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ​ឆ្នាំ​២០២២ ​និង​ដាក់​ឱ្យ​អនុវត្ត​ពេញ​លេញនៅ​ថ្ងៃទី​១​ខែ​មករា​ ឆ្នាំ​២០២៣​ត​ទៅ។​

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ​កម្មវិធី​ថ្មី​នេះ​មាន​គោល​បំណង​បង្កើន ​«ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​សំដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ជា​អតិបរមា» ​ក៏​ដូចជា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បង់ប្រាក់​ពិន័យ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ និង​«ធានា​តម្លា​ភាព​ក្នុង​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក»។​

បណ្ណ​បើកបរ​រថយន្ត​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថត​នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
បណ្ណ​បើកបរ​រថយន្ត​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថត​នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​លើក​ឡើង​ទៀត​ថា​ សម្រាប់​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ការ​បង់​ប្រាក់​ពិន័យ​ត្រូវ​អនុវត្ត​ដោយ​ឧបករណ៍​បច្ចេក​ទេស ​ដើម្បី​កត់​ត្រា​ព័ត៌មាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ។​ សម្រាប់​ការ​បង់​ប្រាក់​ពិន័យ​ អាច​បង់​បាន​នៅ​តាម​បញ្ជរ ​ឬ​ភ្នាក់ងារ​ទ្រូម៉ាន់នី​ ឬ​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី ​បន្ថែម​លើ​ការ​បង់​ប្រាក់​ដោយ​ផ្ទាល់​នៅ​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក។​

កញ្ញា ​ប៉ិច ចាន់រតនា ​និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​លើក​ឡើង​ថា ​កញ្ញា​គាំទ្រ​ការ​បង្កើត​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​នេះ។ ​ប៉ុន្តែ​កញ្ញា​ថា ​គួរ​តែមាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កម្រិត​បាន​ដឹង​ និង​អនុវត្ត​នៅ​រាជធានី​ជាមុន ​មុននឹង​អនុវត្ត​នៅ​តាម​បណ្តា​ខេត្ត​នានា។​

កញ្ញា​បញ្ជាក់​ថា៖ «មុន​ពេល​ដែល​យើង​ដាក់​អនុវត្តតេស្ត​ក៏​ដោយ​ ចាំបាច់​គួរ​តែ​មាន​ការ​ធ្វើ​យុទ្ធនាការ​មួយ​ ឬ​ក៏​ការ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​គាត់​ទទួល​បាន​ព័ត៌មាន​ហ្នឹង​សិន ​ចៀសវាង​ការ​ដែល​ដល់​ពេល​អនុវត្ត​ទៅ​ប៉ះពាល់​ដល់​គាត់។​ ជាក់​ស្តែង​អ្នក​ដែល​ត្រូវ​បាន​គេ​ផាក ​ឬ​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​ហ្នឹង​បាត់​ហើយ​បាន​គាត់​ដឹង»។​

អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិលោក​ ថី វិសាល ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ​ដោយ​ប្រាប់​ឱ្យ​ទៅ​សួរ​ខាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ឱ្យ​ VOA ​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​ការ​ដាក់​សាក​ល្បងកម្ម​វិធី​ខាង​លើ។ ​

VOA ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី ​មឹន មាណវី ​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​និង​ជា​អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ​ប៉ុន្តែ​ជំនួយការ​របស់​អ្នកស្រី​មួយ​រូប​ដែល​លើក​ទូរស័ព្ទ​បាន​និយាយ​ថា​ ​អ្នកស្រី​កំពុង​ជាប់​ប្រជុំ។​

អ្នក​ជំនាញ​និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​លោក ​គង់​ រតនៈ​ ប្រាប់ ​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​សាទរ​ ប្រសិន​បើ​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ការ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព។

ទោះ​យ៉ាងណា​លោក​ថា ​ដើម្បី​ឱ្យ​ការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នោះ រដ្ឋាភិបាល​គួរ​មាន​ការ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​សាកល្បង​កម្មវិធី​ដក​ពិន្ទុ​បណ្ណបើក​បរ​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​យល់​ និង​ដឹង​ឱ្យ​យូរ​ជាង​នេះ ​មុន​នឹង​មាន​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​កម្មវិធី​ដែល​អ្នក​បើក​បរ​ភាគ​ច្រើន​មិន​ទាន់​បាន​ដឹង។​

អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​ស្ពាន​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​ស្ពាន​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​និយាយ​ថា៖​ «ទី១​ គឺ​ខ្ញុំ​សូម​ឱ្យ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ធ្វើ​ឡើង​ឱ្យ​បាន​ទូលំទូលាយ។ ​ប្រកាស ​ឬ​ក៏​ជម្រាប​ ផ្សព្វផ្សាយ​ជូន​ដំណឹង​ ឱ្យ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ហ្នឹង​ឱ្យ​បាន​ដឹង ​ឱ្យ​បាន​ទូលាយ​សិន។ ​ហើយយើង​ធ្វើ​ដូច​រឿង​កូវីដ​អ៊ីចឹង​ទៅ​ក៏​ល្អ​ដែរ​… ​ អាច ​ថាជា​សារ​ជា​សំឡេង​តាម​ទូរស័ព្ទ ​ជា​ message ​[សារ​អក្សរ]​ ដើម្បី​ឱ្យ​ពួកគាត់​ដឹង​ ពីព្រោះ​កុំ​ឱ្យ​ដល់​ចុង​ក្រោយ​ ​ពួក​គាត់​ថា​ ពួកគាត់​អត់​ដឹង​ផង។​ វាមាន​ប្រតិកម្ម​....​ដើម្បី​ចៀស​វាង​រឿង​ហ្នឹង»។

លោក គង់ រតនៈ បន្ថែម​ថា៖ «រឿង​ទី២​ដែល​សំខាន់​ជាង​គេ​ហ្នឹង គឺ​ការ​អនុវត្ត​ច្បាប់។​ សូម​ឱ្យ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លា​ភាព​ ហើយ​ធ្វើ​ទៅ​តាម​បញ្ញត្តិ​ច្បាប់​ដែល​មាន ពីព្រោះ​មន្រ្តី​មួយ​ចំនួន​គាត់​ព្យាយាម​ធ្វើ​បំភ័យ​ដើម្បី​ឱ្យ​បាន​ប្រយោជន៍​ខាង​ក្រៅ ​ខ្លួន​ឯង​ទៀត។​ ហើយ​កន្លង​មក​យើង​ធ្លាប់​ជួប​បញ្ហា​ហ្នឹង​ ប៉ុន្តែ​យើង​ឃើញ​ថា​ សមត្ថកិច្ច​គាត់​ក៏​បាន​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដែរ។​ ​ អ៊ីចឹង​ខ្ញុំ​នៅ​តែ​អំពាវនាវ​ថា ​ចំណុច​ដែល​យើង​ទាមទារ​ឱ្យ​មាន​តម្លា​ភាព ​និង​គណនេយ្យ​ភាព​ហ្នឹង​គឺ​ជា​រឿង​សំខាន់​ ដែល​ប្រជា​ពលរដ្ឋ​គាត់​ទទួល​យក»។​

យោង​តាម​របាយ​ការណ៍​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ដោយ​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​(UNDP) ​ក្នុង​ឆ្នាំ ​២០១៩​ នៅ​កម្ពុជា​មាន​ការ​បាត់បង់​ជីវិត​ជាង​ ២.០០០ ​ករណី​ និង​រង​របួស​ជិត ​១៣.៧០០​ករណី​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​ជា​មធ្យម​មាន​មនុស្ស​ ៥,៤​នាក់​ បាត់​បង់​ជីវិត​ ជា​រៀង​រាល់​ថ្ងៃ។​

របាយ​ការណ៍​ដដែល​បន្ថែម​ថា ​កត្តា​ចំនួន​៤ ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ គឺ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​និង​គ្រឿង​ញៀន​ការ​បើក​បរល្បឿន​លឿន​ ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ ​និង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ៕

XS
SM
MD
LG