ការស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស៧នាក់ក្នុងចំណោម១០នាក់ដែលស្មើប្រមាណ៧០% សេពគ្រឿងស្រវឹង។ បញ្ហានេះបង្កជាការព្រួយបារម្ភមួយសម្រាប់អ្នកតស៊ូមតិ ដែលជំរុញឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹង។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា២០២១-២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែក៦០% សេពគ្រឿងស្រវឹងពី១ថ្ងៃទៅ៥ថ្ងៃ។ ១៨% ពិសាគ្រឿងស្រវឹង៦ថ្ងៃទៅ១០ថ្ងៃ និង១២%ពិសាគ្រឿងស្រវឹងពី១១ថ្ងៃទៅ២៤ថ្ងៃ។
បើធៀបនឹងស្រ្តី ស្រ្តីចំនួន១៦%ពិសាគ្រឿងស្រវឹង។ ស្ត្រីភាគច្រើនសេពគ្រឿងស្រវឹងពី១ទៅ៥ថ្ងៃនៅក្នុងមួយខែ។
ស្ត្រីនៅទីប្រជុំជនសេពគ្រឿងស្រវឹងច្រើនភាគរយជាងស្ត្រីនៅតាមទីជនបទ រីឯបុរសនៅតាមទីជនបទ និងទីក្រុងមិនមានភាពខុសគ្នាឡើយ។ នេះបើតាមការស្ទង់មតិនោះ។
ការស្ទង់មតិនោះក៏បង្ហាញដែរថា ស្ត្រីរហូតដល់៥០%ធ្លាប់រងអំពើហិង្សាពីស្វាមី ឬដៃគូស្និទ្ធស្នាលដែលសេពគ្រឿងស្រវឹង និងស្រវឹងម្តងម្កាល។
អ្នកតាមដានមើលឃើញថា ការសេពគ្រឿងស្រវឹងនាំផលប៉ះពាល់ច្រើនដល់សង្គម ខណៈកម្ពុជាមិនទាន់មានច្បាប់រឹតបន្តឹងការសេពគ្រឿងស្រវឹងនៅឡើយ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការសេពគ្រឿងស្រវឹងធ្វើឱ្យខាតប្រយោជន៍ច្រើន ដូចជាថវិកា បង្កអំពើហិង្សាក្នុងគ្រួសារ និងបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកថ្លែងថា៖ «កន្លងមកយើងឃើញថា មានការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានហិង្សា ហើយកន្លងមកវិធានការទប់ស្កាត់របស់យើងក៏វាមិនទាន់មានប្រសិទ្ធភាពអីខ្លាំងដែរបាទ ដែលពេលខ្លះគឺយើងឃើញស្ត្រីដែលជាជនរងគ្រោះរហូតដល់បាត់បង់ជីវិតទៀត បាទ»។
លោកក៏បានជំរុញឱ្យមានការអនុម័តច្បាប់ដើម្បីគ្រប់គ្រងគ្រឿងស្រវឹងដូចជាការដំឡើងពន្ធ ការលុបបំបាត់ចោលនូវការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធជាមួយគ្រឿងស្រវឹង ក៏ដូចជាការកំណត់អាយុក្នុងការទិញគ្រឿងស្រវឹងជាដើម។
លោកបន្ថែមថា៖ «វិធីដែលមានប្រសិទ្ធភាពបំផុតដែលគេរកឃើញរាល់ថ្ងៃនេះគឺត្រូវតែមានច្បាប់ហើយបាទ ហើយច្បាប់ត្រូវតែមានបញ្ញត្តិឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងរឿងការដំឡើងពន្ធ ហើយប្រសិនបើវិធានពិសេសបច្ចុប្បន្នហ្នឹង គឺត្រូវតែដំឡើងពន្ធទៅលើគ្រឿងស្រវឹង ហើយត្រូវតែលុបបំបាត់ការផ្សាយពាណិជ្ជកម្ម [គ្រឿងស្រវឹង]។ ហើយមួយវិញទៀត ការលក់ដូរត្រូវតែមាន License [អាជ្ញាបណ្ណ] មានអីគេហៅកម្រិតធាតុងាយរកបាននៃគ្រឿងស្រវឹងហ្នឹងបាទ រួមទាំងការកំណត់អាយុជាដើម បាទ»។
ខណៈកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹងដែលសេចក្តីព្រាងច្បាប់នេះជាប់គាំងជិត១០ឆ្នាំមកហើយនោះ ការផលិតស្រាបៀរថ្មីៗបានកើនឡើងជាបន្តបន្ទាប់។ ចំណែកការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជនក៏ត្រូវបានមើលឃើញថាមានការកើនឡើងច្រើនផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលត្រូវបានព្រាងតាំងពីឆ្នាំ២០១៥នោះ មិនអនុញ្ញាតឱ្យយុវជនអាយុក្រោម២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងពេលយប់ជាដើម។
កាលពីឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ឱ្យដឹងថា ក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងទៅរដ្ឋាភិបាលដើម្បីអនុម័តឱ្យបានឆាប់។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីមិនទាន់មានការអនុម័តច្បាប់នេះរហូតមកដល់ពេលនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាននៅឡើយទេ។
មាត្រា១៣នៃសេចក្តីព្រាងច្បាប់នេះចែងអំពីការហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីម៉ោង១២យប់ដល់ម៉ោង៦ព្រឹក លើកលែងតែទីតាំងមួយចំនួនដែលកំណត់ដោយអនុក្រឹត្យ។ អ្នកដែលប្រព្រឹត្តខុសពីមាត្រានេះអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១លានរៀល។
ចំណែកមាត្រា៣៣នៃសេចក្តីព្រាងច្បាប់នេះចែងថា អំពើលក់ ឬចែកចាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនដែលមានអាយុក្រោម២១ឆ្នាំ ស្រ្តីមានគភ៌ កាលបើគត៌នោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើខ្លួនបានដឹង ឬជនស្ថិតនៅក្រោមស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ការបំពានមាត្រានេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១លានរៀល៕