ក្រោយមានការផាករបស់ប៉ូលិសចរាចរណ៍ ក្នុងនោះមានការជំរិតទារប្រាក់ដែលបង្កជាក្តីបារម្ភដល់ប្រជាពលរដ្ឋ អ្នកតាមដាននិងមន្រ្តីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញលើការផាកពិន័យ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មានករណីប៉ូលិសចរាចរណ៍ផាករថយន្តដឹកទំនិញមួយគ្រឿងក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយតម្រូវឲ្យជនដែលត្រូវបានផាកបង់ប្រាក់រហូតដល់២០០ដុល្លារ តាមរយៈការផ្ទេរប្រាក់តាម ABA ហើយមិនមានការចេញវិក្កយបត្រនោះទេ។ ក្រោយការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បុគ្គលត្រូវបានផាកពិន័យ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានស្រាវជ្រាវ ហើយរកឃើញថា មន្ត្រីរបស់ខ្លួនបានធ្វើខុសនឹងវិជ្ជាជីវៈ។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ។
ថវិកាចំនួន២០០ដុល្លារនោះ ត្រូវបានបាញ់ឱ្យទៅម្ចាស់ដើមវិញ ហើយមានចំណាត់ការលើមន្រ្តីចរាចរណ៍ទាំងនោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាអាជ្ញាធរពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់និងត្រួតពិនិត្យឱ្យបានច្បាស់លាស់លើបញ្ហានេះ ហើយបើមិនដោះស្រាយទេ នោះប្រជាពលរដ្ឋនឹងបាត់ទំនុកចិត្តកាន់តែខ្លាំងទៅលើប៉ូលិសចរាចរណ៍ ដោយហេតុថាពួកគេមិនចាត់ទុកមន្ត្រីប៉ូលិសជាអ្នកដែលអនុវត្តច្បាប់ឡើយ ប៉ុន្តែជាអ្នកដែលជំរិតទារប្រាក់ពីប្រជាពលរដ្ឋ។ លោកបន្ថែមថាប្រាក់ផាកពិន័យដែលមិនមានវិក្កយបត្រ មិនអាចចូលជាថវិការបស់រដ្ឋឡើយ គឺធ្លាក់លើដៃមន្រ្តីប៉ូលិសដែលឈរជើងនៅទីនោះ។
លោកថ្លែងថា៖ «ការផាកពិន័យដែលត្រឹមត្រូវ គឺវាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ប៉ុន្តែការផាកដែលមិនត្រឹមត្រូវ គឺផ្ទុយទៅវិញបង្កើតឱ្យមានជម្លោះនៅក្នុងសង្គម ហើយវាមិនមែនជាកត្តាដែលធ្វើឱ្យប្រជាពលរដ្ឋគេខ្លាចទៅលើច្បាប់ហ្នឹងដែរ ព្រោះគេយល់ថាប៉ូលិសអត់អនុវត្តច្បាប់ត្រឹមត្រូវ»។
លោក យង់ គិមអេង អះអាងទៀតថា ប៉ូលិសមួយចំនួនយកអាជីពជាប៉ូលិសចរាចរណ៍ធ្វើជារបររកស៊ី។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់ថា ការផាករបស់ប៉ូលិសសព្វថ្ងៃនេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយសារតែពួកគេគិតថា ការផាកពិន័យសព្វថ្ងៃនេះ មិនមែនជាការអនុវត្តច្បាប់ចរាចរណ៍ទេ ប៉ុន្តែជាវិធីនៃការរកលុយប្រចាំថ្ងៃទៅវិញ។ លោកផ្តល់ជាយោបល់ថា មន្ត្រីទទួលបន្ទុកគួរតែពិនិត្យមើលឡើងវិញពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ក៏ដូចជាវិជ្ជាជីវៈរបស់ប៉ូលិស។
លោកបញ្ជាក់ថា៖ «ដូច្នេះគួរតែមានការត្រួតពិនិត្យឡើងវិញអំពីការស្តារនូវកិត្តិនាម ការស្តារនូវកិត្តិយសរបស់មន្ត្រីប៉ូលិសចរាចរណ៍ឡើងវិញ ហើយដើម្បីធ្វើដូច្នោះបាន ទាល់តែយើងរក្សានូវការអនុវត្តការងារប្រកបដោយអាជីព ប្រកបដោយក្រមសីលធម៌ ហើយប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីអនុវត្តចរាចរណ៍ ហើយផ្តោតទៅលើការអនុវត្តច្បាប់ដែលមានជាជាងទៅលើការផាកពិន័យ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា មានជនខិលខូចតិចតួចដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ខណៈថាក្រសួងស្វាគមន៍រាល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ហាដែលបានកើតឡើង។
លោកបញ្ជាក់ថា៖ «ដូច្នេះរីករាយនឹងទទួលរាល់សំណូមពរ រាល់ពាក្យបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រព្រឹត្តអីផ្សេងៗដែលខុសឆ្គង ដែលខុសច្បាប់ពីសំណាក់សមត្ថកិច្ចក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននៅឡើយទេ។
គួរបញ្ជាក់ថាយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីកន្លងទៅ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រាក់ដែលទទួលបានពីការផាកពិន័យ នឹងចូលទៅជាថវិកាជាតិចំនួន៤% ក្រសួងមហាផ្ទៃចំនួន៩៥% និងក្រសួងសេដ្ឋកិច្ច១%៕