ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​អ.ស.ប.​ប្រតិកម្ម​នឹង​អ្នក​រាយការណ៍​ពិសេស​ពាក់ព័ន្ធ​ការបោះឆ្នោត


រូបឯកសារ៖ ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​​ឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
រូបឯកសារ៖ ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​​ឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ច្រាន​ចោលការ​លើក​ឡើង​របស់​អ្នក​រាយ​ការណ៍​ពិសេសដែល​លើក​ឡើង​ក្តី​បារម្ភ​អំពី​ការ​មិន​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះ​ឆ្នោត ​ការ​កាត់​ទោស​មេ​ដឹកនាំ​ជំទាស់ ​និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​នេះ​អះអាង​ថា​ ការ​លើក​ឡើង​របស់​អ្នក​រាយ​ការណ៍​ពិសេសធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​បោះ​ឆ្នោតនា​ខែ​កក្កដា​ខាង​មុខ។​

ប្រតិកម្ម​របស់​ស្ថាន​បេសក​កម្ម​នេះកើត​ឡើង​ ក្រោយ​មាន​ការ​អំពាវនាវ​ក៏​ដូច​ជា​ការ​ជំរុញពី​សហគមន៍​អន្តរ​ជាតិ ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​លោក ​កឹម សុខា ​ការ​បិទ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី ​និង​ចុង​ក្រោយ​នេះ​ការ​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​គណ​បក្ស​ជំទាស់​ធំជាង​គេ​នៅ​កម្ពុជា ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ​ចុះ​ថ្ងៃ​ទី២៩ ​ខែឧសភា ​ឆ្នាំ​២០២៣​ ការ​លើក​ឡើង​ដែល​ថា ​ការ​មិន​ចុះ​បញ្ជី​ឲ្យគណ​បក្ស​ភ្លើង​ទៀន​គឺ​ជា​ការ​រើស​អើង​គណ​បក្ស​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់ដែល​«មិន​សម​ហេតុផល»។ ​

ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា ​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត​អនុវត្ត​ស្តង់ដារ​ដូចគ្នា​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។​

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា៖​ «ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​តែ​ឥត​ងាក​រេ។​ ល្គឹកណា​គ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ និង​អ្នក​គាំទ្រ​របស់​ពួកគេ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​រង្វង់​ច្បាប់ ​នោះ​ទើប​បរិយា​កាស​អំណោយ​ផល​ដល់​ការ​បោះ​ឆ្នោត​អាច​ធានា​បាន»។​

ស្ថានបេសក​កម្ម​នេះបញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«អាណត្តិ​របស់​អ្នក​រាយ​ការណ៍​ពិសេស ​គឺ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិ​មនុស្ស ​មិន​មែន​ដើម្បី​ជំរុញ​ការ​ប្រព្រឹត្ត​ខុស​របស់​មនុស្ស​នោះ​ទេ»៕

XS
SM
MD
LG